សូមស្វាគមន៍ចំពោះការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ
គោលបំណង់នែការបង្កើតគេហទំព័រនេះគឺដើម្បីចែករំលែកនូវចំណេះដឹងប្លែកៗនិងរឿងរ៉ាវដែលទាក់ទងទៅនឹងវិទ្យាសាស្ត្រនិងសង្គម ។
មាគ៌ាឆ្ពោះទៅកាន់ភោគសម្បត្តិ
១. សេចក្តីឧស្សាហ៍ព្យាយាម ជាគ្រឹះនៃការពូនផ្តុំទ្រព្យសម្បត្តិ សេចក្តីខ្ជិលច្រអូស គឺជាសត្រូវបំផ្លាញជីវិតមនុស្ស ប្រៀបបានដូចនឹងច្រេះដែលស៊ីដែកបន្តិចម្តងៗរហូតរលាយគ្មានសល់ដោយមិនដឹងខ្លួន។ បុគ្គលដែលប្រាថ្នាទ្រព្យសម្បត្តិនិងជោគជ័យក្នុងឆាកជីវិត ត្រូវតែជម្នះឲ្យបាននូវសេចក្តីខ្ជិលច្រអូស ត្បិតសេចក្តីខ្ជិលច្រអូសធ្វើឲ្យកិច្ចការទាំងពួងប្រែជាលំបាក។ ពេលវេលាគ្រប់នាទីសុទ្ធតែមានតម្លៃក្នុងជីវិត ដូច្នេះគេមិនគួរខ្ជះខ្ជាយពេលវេលាចោលដោយឥតប្រយោជន៍ឡើយ។ ពេលវេលាដែលបាត់បង់ទៅហើយមិនអាចរកត្រឡប់មកវិញបានឡើយ។ បុគ្គលដែលឧស្សាហ៍ព្យាយាម បង្កើតឱកាសដល់ខ្លួនឯង បុគ្គលដែលពឹងតែលើព្រេងវាសនា ហាក់ដូចជាធ្វើឲ្យជីវិតរបស់ខ្លួនខ្លីទៅៗ។ លុះត្រាតែគេខិតខំធ្វើ ទើបគេទទួលបានផល។ មិនដែលមានផលដែលកើតឡើងដោយឥតអំពើនោះទេ។ សេចក្តីក្រខ្សត់មិនហ៊ានចូលក្នុងផ្ទះ មនុស្សឧស្សាហ៍ទេ។ សេចក្តីព្យាយាម គឺជាមាត្តានៃសំណាងល្អ។ គេគួរប្រឹងប្រែងធ្វើកិច្ចការឲ្យពេញទំហឹងនៅថ្ងៃនេះ ត្បិតថ្ងៃនេះមានតម្លៃជាងថ្ងៃស្អែក។ កិច្ចការណាដែលអាចបញ្ចប់ក្នុងថ្ងៃនេះបាន ចូរកុំទុកដល់ថ្ងៃស្អែក។
២. ប្រុងប្រយ័ត្ន ព្រមជាមួយគ្នានឹងសេចក្តីឧស្សាហ៍ព្យាយាម យើងត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នមើលថែទាំមុខរបររបស់យើងដោយភ្នែករបស់យើងផ្ទាល់ កុំទុកចិត្តអ្នកដទៃខ្លាំងពេក។ យើងត្រូវមើលថែទាំ ហាងរបស់យើងឲ្យបានល្អ បន្ទាប់មកហាងរបស់យើងនឹងថែទាំ យើងវិញ។ ភ្នែកទាំងគូរបស់យើង ត្រូវតែរវាសជាងដៃទៅទៀត។ ការប្រគល់ទំនុកចិត្តឲ្យអ្នកដទៃច្រើនពេក នាំឲ្យវិនាសច្រើនប្រការ។ អ្នកបម្រើដែលល្អបំផុតក្នុងលោកនេះ គឺមានតែខ្លួនយើងបម្រើខ្លួនឯង។
៣. សន្សំសំចៃ ដើម្បីឲ្យសេចក្តីព្យាយាមរបស់យើងទទួលបានជោគជ័យ យើងមិនត្រឹមតែត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះមុខរបររបស់យើងទេ យើងត្រូវតែសន្សំសំចៃបន្ថែមទៀត។ ជនដែលចង់ក្លាយជាអ្នកមាន ត្រូវគិតទាំងការរកប្រាក់ និងការសន្សំប្រាក់។ គេត្រូវយកចិត្តទុកដាក់សន្សំតាំងពីរឿងកំប៉ិចកំប៉ុកឡើង។ សូមកុំភ្លេចថា នាវាធំៗអាចនឹងលិចលង់បានដោយសារតែការលេចធ្លាយរន្ធតូចៗ។ ជនដែលចំណាយប្រាក់ទិញរបស់ដែលមិនចាំបាច់ នឹងត្រូវលក់របស់ចាំបាច់នៅថ្ងៃណាមួយដើម្បីដូរយកប្រាក់ជាក់ជាពុំខាន។ ប្រសិនបើអ្នកចង់ដឹងថាប្រាក់មានតម្លៃកម្រិតណា ចូរសាកល្បងទៅដើរខ្ចីគេមើលទៅ អ្នកនឹងដឹងមិនខាន។
៤. វិន័យផ្ទាល់ខ្លួន ក្បួនខាងលើទោះបីជាល្អយ៉ាងណាក៏ដោយ ក៏ឥតប្រយោជន៍ដែរ ដរាបណាគ្មានការតាំងចិត្តអនុវត្តន៍តាមពិតប្រាកដ។ គេអាចប្រាប់ផ្លូវឲ្យដើរបាន ប៉ុន្តែយើងខ្លួនឯងជាអ្នកដើរ។
មាគ៌ាឆ្ពោះទៅកាន់សេរីភាពផ្លូវចិត្ត
មនុស្សគ្រប់រូបតែងប្រាថ្នាចង់បានចិត្តស្ងប់ ចិត្តស្រស់ថ្លា មិនល្អក់កករ។ សេចក្តីប្រាថ្នានេះ ជួនកាលក៏សមតាមបំណង ជួនកាលក៏មិនសមតាមបំណង។ ចិត្តរបស់មនុស្សហាក់ដូចជាស្ងប់ស្ងាត់បានតែមួយរយៈ តែក្រោយមកក៏ប្រែល្អក់កករឡើងវិញ ដោយមិនដឹងមកពីមូលហេតុអ្វី។ មនុស្សភាគច្រើនសុទ្ធតែធ្លាប់ចោទសួរខ្លួនឯងថា តើពេលណាទើបចិត្តរបស់ខ្ញុំស្រស់ថ្លា? តើពេលណាទើបខ្ញុំលែងស្មុគស្មាញ? ឆាកជីវិតមនុស្សហាក់ដូចជាជាប់ចំណង គឺចំណងចិត្តខ្លួនឯង។ ចំណងចិត្តនេះ ធ្វើឲ្យមនុស្សបាត់បង់សេរីភាព។ តើគេត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានសេរីភាពផ្លូវចិត្ត? តើត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានជីវិតមួយដែលស្រស់បំព្រង ដែលមិនល្អក់កករនឹងកង្វល់ទាំងពួង?
មនុស្សគ្រប់រូបនឹងទទួលបានសេរីភាព ប្រសិនបើគេអាចប្រតិបត្តិបានពេញលេញទៅតាមមាគ៌ាដ៏សាមញ្ញទាំងបួនខាងក្រោម៖
១. ប្រើតែពាក្យជាកុសល៖ ពាក្យជាកុសលមានន័យថា ពាក្យទាំងឡាយណាដែលប្រាសចាកពីបាប ប្រាសចាកពីការច្រណែន ឈ្នានីស ឬញុះញង់បំបែកបំបាក់។ ប្រើតែពាក្យជាកុសល មានន័យថា ប្រើពាក្យដែលផ្តល់ប្រយោជន៍ដល់ខ្លួន មិនប្រើពាក្យណាដែលប្រឆាំងនឹងខ្លួនឯង។ ពាក្យសម្តីមានអានុភាពក្រៃលែង។ ពាក្យសម្តី បង្កប់ដោយថាមពល និងឆន្ទៈ របស់មនុស្ស។ ពាក្យដែលពោលចេញពីមាត់ គ្រប់ពាក្យសុទ្ធតែបង្កប់ទៅដោយចេតនាពីខាងក្នុងមក។ មនុស្ស គឺជាសត្វលោកតែមួយគត់តែអាចនិយាយបាន សត្វផ្សេងៗទៀតមិនអាចនិយាយបានទេ។ ដូច្នេះមនុស្សមិនគួរគប្បីប្រើពាក្យសម្តីរបស់ខ្លួនក្នុងផ្លូវខុសឡើយ។ ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ គេធ្លាប់ដឹងមកហើយថា អ៊ីត្លែរ បានប្រើថាមពលនៃពាក្យសម្តីរបស់ខ្លួនអូសទាញប្រជាជាតិដ៏ឆ្លាតវៃជាងគេបំផុតមួយក្នុងលោក ឲ្យលង់តាមគំនិតរបស់ខ្លួន និងបង្កវិនាសសកម្មដល់ពិភពលោកទាំងមូលតាមរយៈសង្គ្រាមលោក។ ពាក្យសម្តី គឺជាអាវុធមុខពីរ កាលណាគេប្រើវាក្នុងផ្លូវត្រូវ វាក៏ផ្តល់ផលល្អ។ កាលណាគេប្រើវាក្នុងផ្លូវខុស វាក៏ផ្តល់ផលអាក្រក់។ ពាក្យសម្តី គឺជាឫសគល់ នៃជំនឿ ហើយជំនឿជាឫសគល់នៃទង្វើ។ ប្រសិនបើមាននរណាមកនិយាយប្រាប់យើងថា "អ្នកឯងល្ងង់ណាស់ " ។ ប្រសិនបើយើងធ្លយជឿតាមពាក្យនេះ យើងព្រមទទួលថាខ្លួនល្ងង់ យើងនឹងមើលឃើញថាខ្លួនឯងល្ងង់។ យើងគិតថាខ្លួនល្ងង់គ្រប់ពេល។ ថ្ងៃក្រោយមកមានមនុស្សម្នាក់ផ្សេងទៀតនិយាយប្រាប់យើងថា "អ្នកឯងជាមនុស្សឆ្លាត"។ ពាក្យនេះហាក់ទាញយើងចេញពីជំនឿចាស់ ហើយយើងចាប់ផ្តើមទទួលយកពាក្យថ្មីនេះ និងព្រមទទួលថាយើងឆ្លាត។ យើងចាប់ផ្តើមមើលឃើញថាខ្លួនឯងឆ្លាត។ ក្នុងជីវិតរស់នៅប្រចាំថ្ងៃមនុស្សយើងច្រើនតែប្រើពាក្យក្នុងផ្លូវខុស។ មនុស្សយើងច្រើនប្រើពាក្យ និយាយដើមគ្នា និយាយអាក្រក់ពីគ្នា និយាយភូតភរកុហក និយាយដោយក្តីច្រណែន ។ល។ ជាជាងប្រើពាក្យក្នុងផ្លូវល្អ ប្រើពាក្យដោយសេចក្តីមេត្តា និងសេចក្តីស្រាឡាញ់។ មាគ៌ាទីមួយ ឆ្ពោះទៅរកសេរីភាពផ្លូវចិត្តគឺ ប្រើតែពាក្យល្អៗ ចំពោះខ្លួនឯងនិងចំពោះអ្នកដទៃ។
២. កុំរើសដាក់ខ្លួន ៖ ហេតុដែលធ្វើឲ្យចិត្តរបស់យើងមិនស្ងប់សោះនោះ គឺមកពីយើងចេះតែរើសដាក់ខ្លួន។ ប្រសិនបើយើងមិនទុកក្នុងចិត្តទេ ចិត្តរបស់យើងក៏មិនឈឺដែរ។ ឧទាហរណ៍ គេថាយើងល្ងង់ ប្រសិនបើយើងមិនព្រមទទួលតាមពាក្យគេ ហើយក៏មិនទុកក្នុងចិត្ត ចិត្តយើងក៏មិនឈឺ។ កាលដែលចិត្តយើងឈឺគឺមកពីយើងព្រមទទួលថាខ្លួនយើងល្ងង់។ យើងគិតថា គេថាខ្ញុំល្ងង់ ខ្ញុំល្ងង់មែនទេដឹង ... ឬមកពីគេឃើញចំនុចល្ងង់របស់ខ្ញុំមែន ... ។ បើយើងគិតអញ្ចឹង យើងប្រាកដជាឈឺចិត្ត។ ប៉ុន្តែ បើយើងគិតថា ខ្ញុំមិនមែនល្ងង់ទេ តាមពិតទៅអ្នកដែលនិយាយថាខ្ញុំល្ងង់ គឺគេនិយាយទៅតាមគំនិតរបស់គេ ហើយគំនិតរបស់គេនោះមិនបានទាក់ទងអ្វីទាល់តែសោះ ជាមួយខ្ញុំ នោះយើងបានរារាំងមិនឲ្យពាក្យនោះចូលដល់ក្នុងចិត្តយើងឡើយ ហើយចិត្តរបស់យើងក៏មិនឈឺ គ្រាន់តែទទួលដឹងថាគេនិយាយដូច្នេះ តែមិនបានយកវាមកទុកក្នុងចិត្តបន្តិចសោះឡើយ។ គេគិតក្នុងផ្លូវរបស់គេ យើងមិនអាចហាមឃាត់គេមិនឲ្យគិតបានទេ។ គេគិតយ៉ាងម៉េច ជាគំនិតរបស់គេ កុំជឿតាមគេ កុំព្រមតាមគេ អ្វីដែលគេគិត អ្វីដែលគេធ្វើ និងអ្វីដែលគេនិយាយ សុទ្ធតែជារឿងរបស់គេទាំងអស់ មិនបានទាក់ទងដល់យើងបន្តិចសោះឡើយ។ ប្រសិនបើយើងអាចប្រតិបត្តិដូច្នេះបានជាប្រចាំ យើងប្រាកដជាអាចជៀសផុតពីកង្វល់ច្រើនយ៉ាងបំផុត ហើយយើងក៏មានសេរីភាពបំផុតដែរ។ យើងពិតជាអាចស្រាយចំណងចិត្តបាន។ ពិភពលោកនេះប្រាកដជាក្លាយជាឋានសួគ៌ជាក់ជាពុំខាន ពោលគឺទោះបីជាពិភពខាងក្រៅល្អក់កករឬខ្មៅងងឹតយ៉ាងណាក៏ដោយ ក៏ក្នុងចិត្តរបស់យើងនៅតែស្រស់ថ្លាជានិច្ច។ កុំយកចិត្តរបស់យើងទៅច្របូកច្របល់ជាមួយទង្វើរបស់អ្នកដទៃ គេនិយាយអ្វី គេធ្វើអ្វី ជារឿងរបស់គេ ចូរកុំយកមកទុកក្នុងចិត្តឲ្យសោះ។ បើយើងអាចអនុវត្តដូច្នេះបាន នោះគ្មាននរណាម្នាក់អាចធ្វើឲ្យយើងឈឺចាប់បានឡើយ។ កុំទុកក្នុងចិត្ត កុំរើសដាក់ខ្លួន។
៣. កុំស្មាន កុំសន្មត៖ មនុស្សយើងច្រើនចូលចិត្តស្មាន ហើយដៅថាការស្មានរបស់ខ្លួនត្រឹមត្រូវ ។ យើងមិនទាន់បានមើលដល់សភាពពិតយ៉ាងណាផង យើងក៏ដៅក្នុងចិត្តរួចទៅហើយថា រឿងនេះ នឹងទៅជាយ៉ាងនេះ យើងនោះនឹងទៅជាយ៉ាងនោះ។ ការស្មាននេះ ដក់នៅក្នុងចិត្តយូរៗទៅ យើងក៏ជឿថាវាជាការពិត។ លុះថ្ងៃមួយ ការពិតលេចឡើងខុសពីការស្មានរបស់យើង យើងទៅជាខកចិត្ត ឬឈឺចិត្ត។ ឫសគល់នៃបញ្ហា ឫសគល់នៃការខកចិត្ត គឺកើតចេញមកពីការស្មាន។ គ្រាន់តែចាប់ផ្តើមស្មានភ្លាម គឺចាប់ផ្តើមបង្កើតបញ្ហាភា្លម។ ចិត្តរបស់យើងចេះតែមិនស្ងប់ ចេះតែល្អក់ គឺបណ្តាលមកពីយើងចេះតែរើសដាក់ខ្លួន និងចេះតែស្មាននូវរឿងរ៉ាវនៅជុំវិញខ្លួន។ ដោយសារតែយើងខ្លាចមិនហ៊ានសួរឲ្យច្បាស់ យើងក៏សន្មតដោយខ្លួនឯង។ យើងសន្មតថាខ្លួនយើងត្រូវ ហើយអ្នកដទៃខុស។ ឧទាហរណ៍ ប្តីប្រពន្ធរស់នៅជាមួយគ្នា ប្រពន្ធគិតថាប្តីយល់ចិត្តខ្លួនគ្រប់យ៉ាង ហើយគិតទៀតថាប្តីគួរតែដឹងថាអ្វីគួរធ្វើ អ្វីមិនគួរធ្វើ។ លុះដល់ពេលមួយនោះ ប្តីមិនបានធ្វើត្រូវតាមការគិតរបស់ខ្លួន ក៏ស្រាប់តែអន់ចិត្ត ឈឺចិត្ត ឬខឹង។ មូលហេតុ គឺបណ្តាលមកពីគេមិនព្រមនិយាយគ្នាឲ្យច្បាស់ គិតតែពីស្មាន ហើយយកការស្មានមកធ្វើជាការពិត។ ប្តី មានការគិតបែបផ្សេងមួយ ចំណែកឯប្រពន្ធក៏មានការគិតបែបផ្សេងទៀតដែរ។ ការស្មានគឺជាឫសគល់ដែលនាំទៅដល់ការយល់ច្រឡំ និងបង្កបញ្ហាជាច្រើនដល់ទំនាក់ទំនងផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗជាពិសេសទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់។ ជីវិតរបស់អ្នកនឹងស្រស់ថ្លា នៅពេលដែលអ្នកលែងស្មាន លែងសន្មត ហ៊ានសួរអ្វីដែលមិនច្បាស់ ហ៊ានប្រាប់ថាអ្នកចង់បានអ្វី ពោលគឺនិយាយគ្នាឲ្យយល់គ្នាច្បាស់មិនឲ្យនៅមានមន្ទិលសង្ស័យ ដៃគូរបស់យើងក៏អស់សង្ស័យ ចំណែកឯខ្លួនយើងក៏អស់សង្ស័យ។ បើធ្វើដូច្នេះបាន ចិត្តរបស់អ្នកនឹងស្រស់ថ្លា មិនល្អកកករឡើយ។
៤. ធ្វើឲ្យអស់ពីសមត្ថភាព ៖ ទោះជាអ្នកត្រូវធ្វើអ្វីក៏ដោយ ចូរធ្វើឲ្យអស់ពីសមត្ថភាពរបស់អ្នក។ នេះជាមូលដ្ឋានគ្រឹះ ធានាដល់កិច្ចការទាំងពួង។ មាគ៌ាទាំងបីខាងលើនឹងមិនអាចទទួលបានជោគជ័យឡើយ ប្រសិនបើគេមិនខិតខំអនុវត្តឲ្យអស់សមត្ថភាពនោះទេ។ មាគ៌ាទាំងបីខាងលើស្តាប់ទៅ សាមញ្ញណាស់ តែពិបាកអនុវត្ត។ មានតែការខំប្រឹងធ្វើឲ្យអស់ពីសមត្ថភាពទេ ទើបអាចទទួលបានផល។
មនោមយិទ្ធិ
មនោមយិទ្ធិ ប្រែថាអំណាចរបស់ចិត្ត ឬសម្រេចបានដោយអំណាចរបស់ចិត្ត។ សៀវភៅមនោមយិទ្ធិ ជាប្រភេទទស្សនវិជ្ជាអប់រំសាងកម្លាំងដួងចិត្ត។ សៀវភៅនេះនិពន្ធដោយ សាស្ត្រាចារ្យ ប៉ូល ហ្សារកូត៍ និងប្រែសម្រួលជាភាសាខ្មែរ ដោយ ស៊ា ប៊ុនភេង បោះពុម្ព នៅព.ស ២៥១៧ ត្រូវនឹង គ.ស ១៩៧៣។ បើតាមការអះអាងរបស់អ្នកនិពន្ធ ជនទាំងឡាយណាដែលបានអនុវត្តន៍ ខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំក្នុងសៀវភៅនេះ នឹងក្លាយទៅជាមនុស្សមានចិត្តរឹងប៉ឹង អាចបង្គាប់ខ្លួនឯង អ្នកដទៃ និងបញ្ជៀសគ្រោះអាក្រក់ដែលបម្រុងនឹងកើតមានចំពោះខ្លួនបានទៀតផង។ សៀវភៅមនោមយិទ្ធិចែកចេញជា ៤ ផ្នែកសំខាន់ៗ គឺ ផ្នែកទី១ បកស្រាយអំពីរបៀបដាស់ឲ្យមនោមយិទ្ធិកើតឡើង ផ្នែកទី២ បកស្រាយអំពីមនោមយិទ្ធិបង្គាប់ខ្លួនឯង ផ្នែកទី៣ បកស្រាយអំពីមនោមយិទ្ធិបង្គាប់អ្នកដទៃ និងផ្នែកទី៤ បកស្រាយអំពីមនោមយិទ្ធិបង្គាប់គ្រោះកម្ម។
គេហទំព័រសាលារៀន សូមលើកយកតែផ្នែកទី១ គឺការដាស់មនោមយិទ្ធិឲ្យកើតឡើង មកបង្ហាញនៅទីនេះសម្រាប់ជាគតិពិចារណា។
ការហ្វឹកហាត់ដាស់មនោមយិទ្ធិឲ្យកើតឡើង
មនោមយិទ្ធិតែងស្ថិតនៅក្នុងខ្លួនមនុស្សទូទៅរួចជាស្រេចហើយ បើមិនតិច ឬក៏ច្រើនដែរ។ មនោមយិទ្ធិជាវិជ្ជាដ៏មានតម្លៃ មិនចេះខូចខាត មិនចេះបាត់បង់ កាលណាគេដាស់ឲ្យកើតមានហើយ មនោមយិទ្ធិនឹងស្ថិតនៅក្នុងខ្លួនបុគ្គលនោះជាប់ជានិច្ច។ ប្រយោជន៍ដែលបានមកពីមនោមយិទ្ធិ មានតម្លៃធំឥតគណនា។ វិធីបណ្តុះមនោមយិទ្ធិឲ្យកើតឡើងមានជាថ្នាក់ៗដូចតទៅ៖
- រៀបការគិតឲ្យមានរបៀប
- ហាត់ចិត្តឲ្យក្លៀវក្លា
- បំរុងរាងកាយ
- បង្កើនការខ្លាំងក្លានៃខ្យល់ដកដង្ហើម
- បំរុងសសៃប្រសាទ
- ហាត់ចិត្តឲ្យជាសមាធិ
- ហាត់ប្រើការគិតប្រកបខ្សែភ្នែក
- រក្សាទុកមនោមយិទ្ធិដែលកើតមានហើយ
រៀបការគិតឲ្យមានរបៀប
មូលហេតុដែលគេត្រូវរៀបការគិតឲ្យមានរបៀបព្រោះថា មនោមយិទ្ធិកើតឡើងអាស្រ័យដោយចិត្តរឹងប៉ឹងមានរបៀបរៀបរយ។ ចិត្តរាយមាយ មានផលវិបាកច្រើនចិត្តរៀបរយទើបអាចសាងមនោមយិទ្ធិបាន ប្រៀបដូចជាទាហានដែលមានវិន័យ ១០០នាក់ អាចយកឈ្នះ ទាហានដែលគ្មានវិន័យ ១០០នាក់ទៀតបានយ៉ាងប្រាកដ។ទ្រព្យសម្បត្តិដែលគេទុកដាក់ដោយមានរបៀបរៀបរយតែងគង់នៅបានយូរ។រៀបការគិតឲ្យមានរបៀបមានន័យថា បង្គាប់ចិត្តឲ្យគិតក្នុងរឿងដែលត្រូវគិតត្រូវការស្រាយបញ្ហាត្រូវការផលសម្រេចកាលណាចិត្តហោះហើរទៅរឿងដទៃត្រូវទាញត្រឡប់មកវិញ។ កាលបើធ្វើបានដូច្នេះចិត្តនឹងស្រស់បស់ រឹងប៉ឹងមានទម្ងន់នេះជាគុណសម្បត្តិជាន់ដំបូងនាំទៅកាន់មនោមយិទ្ធិ ហើយជាប្រការសំខាន់មុនគេដែលត្រូវហ្វឹកហាត់ក្នុងការស្វែងរកអំណាចឲ្យដល់ដួងចិត្ត។
ហាត់ចិត្តឲ្យខ្លាំងក្លា
យើងត្រូវគិតជាប់ជានិច្ចដូចខាងក្រោម
យើងត្រូវធ្វើចិត្តឲ្យស្ងប់ មិនថាពេលណា ហេតុការណ៍ណាក៏ដោយយើងនឹងទុកចិត្តខ្លួនឯងជានិច្ច
យើងត្រូវសង្កត់ការតក់ស្លុតការភ្ញាក់ផ្អើល និងសង្កត់មិនឲ្យភ័យរំភើបចំពោះខ្លួនឯង
យើងត្រូវការធ្វើឲ្យដួងចិត្តរបស់យើងស្រស់ថ្លា មិនល្អក់កករ និងជានាយលើខ្លួនឯងមិនថាចំពោះនរណាៗ
យើងត្រូវការបណ្តុះនិស្ស័យរបស់យើង ឲ្យឡើងកាន់ថ្នាក់ខ្ពស់បំផុត ត្រឹមស្មើជនដទៃដែលមាននិស្ស័យល្អបំផុត
យើងនឹងបង្គាប់ខ្លួន និងបង្គាប់ចិត្តរបស់យើង មិនព្រមឲ្យប្រព្រឹត្តទៅក្នុងផ្លូវដែលនឹងនាំឲ្យយើងដើរចេញទៅក្រៅផ្លូវដែលយើងប៉ង
យើងត្រូវពិចារណាឲ្យល្អិតល្អន់ មុននឹងផ្ចង់ចិត្តយល់ព្រមតាមការគិត ការយល់ឃើញណាមួយ ឬមាននរណាម្នាក់ប្រាប់យើង ឬដែលយើងបានអានពីសៀវភៅ
យើងមានសេចក្តីមានះមានមនោមយិទ្ធិ ដែលអាចបង្គាប់បុគ្គល ឬហេតុការណ៍ទាំងឡាយបាន
លោកអ្នកប្រាជ្ញខ្លះប្រដៅថា ឲ្យយើងសរសេរចំនុចដែលយើងត្រូវការផ្លាស់និស្ស័យរបស់យើងទុកក្នុងទីណាមួយឲ្យយើងមើលឃើញច្បាស់។ការហាត់មនោមយិទ្ធិ ទាមទារនូវសេចក្តីស្មោះត្រង់ ពោលគឺទាំងសម្តីនិងការគិត ត្រូវធ្វើឡើងដោយសុទ្ធចិត្ត ដោយស្មោះត្រង់បំផុត មិនមែនធ្វើជានាមៗឲ្យតែបាននោះទេ។គេមិនអាចសាងគុណសម្បត្តិដល់ដួងចិត្តបានទេ ប្រសិនបើគេក្បត់សូម្បីតែខ្លួនឯង។នេះជាលំដាប់ប្រតិបត្តិថា្នក់ទី២នាំទៅរកមនោមយិទ្ធិ។
បំរុងរាងកាយ
មនុស្សមួយចំនួនយល់ច្រឡំថា មនោមយិទ្ធិ ទាក់ទងតែនឹងចិត្តតែប៉ុណ្ណោះ មិនពាក់ព័ន្ធជាមួយរាងកាយទេ។នេះជាការយល់ឃើញខុសឆ្គង។មនោមយិទ្ធិ កើតឡើងអាស្រ័យដោយធាតុផ្សំ ២ យ៉ាង គឺ ដួងចិត្តល្អនិងរាងកាយមាំទាំ។វិធីប្រតិបត្តិដើម្បីឲ្យរាងកាយមានភាពបរិបូណ៍មាន ៣ប្រការ៖
- រឿងអាហារ៖ ជាការចាំបាច់ត្រូវទទួលទានតែរបស់ដែលងាយរលាយមិនឲ្យទោសដល់រាងកាយ វៀរចាសុរាមេរ័យដែលនាំឲ្យអន្តរាយដល់រាងកាយសសៃប្រសាទនិងបេះដូង។
- រឿងដំណេក៖ ជាការចាំបាច់ដែលមនុស្សយើងត្រូវការដេកលក់មួយថ្ងៃ ៨ម៉ោងយ៉ាងតិច ដំណេកលក់ជាការដែលរាងកាយនិងចិត្តរបស់មនុស្សបានទទួលការសម្រាកយ៉ាងប្រសើរ ដើម្បីឲ្យមានកម្លាំងធ្វើការនៅថ្ងៃបន្ទាប់ទៀត។៨ម៉ោងនេះ មានន័យថា៨ម៉ោងជាប់ៗគ្នា មិនមែនយប់៤ម៉ោង ព្រឹក២ម៉ោង និងរសៀល២ម៉ោងទេ។ដំណេកគួរតែឲ្យទៀងពេលជានិច្ច ដែលល្អបំផុតនោះគឺពីម៉ោង២២រហូតដល់ភ្លឺ។
- ការបញ្ចេញកម្លាំង៖ ត្រូវបញ្ចេញកម្លាំងតាមការគួរមិនច្រើនពេក មិនតិចពេក។ការដើរលេងៗក្រោយពេលបរិភោគអាហារ និងមុនចូលដំណេកជាការប្រសើរ សម្រាប់ជួយឲ្យអាហាររលាយនិងយឺតសសៃ។
បង្កើនការខ្លាំងក្លានៃខ្យល់ដកដង្ហើម
នេះគឺជាប្រការដ៏សំខាន់មួយនៃការហ្វឹកហាត់មនោមយិទ្ធិ។ខ្យល់ដង្ហើមមិនមែនមានប្រយោជន៍ត្រឹមតែទ្រទ្រង់ជីវិតនោះទេ។ខ្យល់ដង្ហើមជាអ្នកជួយបង្កើនថាមពលដួងចិត្តនិងសសៃប្រសាទ។អ្នកប្រាជ្ញមួយចំនួនអះអាងថា "នាពិភពលោកយើងនេះ មានថាមពលនៅគ្រប់ទីកន្លែង ថាមពលនេះកើតពីធាតុផ្សេងៗពីរុក្ខជាតិនិងដួងតារាទាំងឡាយក្នុងចក្រវាឡ។ហេតុដូច្នេះហើយកាលណាយើងដកដង្ហើមធំៗ យើងស្រូបយកកម្លាំងទាំងនោះចូលក្នុងខ្លួនយើង " ។យើងតែងសង្កេតឃើញថា កាលណាមនុស្សពិបាកចិត្តស្មុគស្មាញ មនុស្សយើងតែងដកដង្ហើមធំជានិច្ច ដើម្បីឲ្យយើងមានកម្លាំងតទល់នឹងបញ្ហា។ដូច្នេះការដកដង្ហើមធំៗខ្លាំងៗគឺជាវិធីមួយសម្រាប់បណ្តុះមនោមយិទ្ធិឲ្យកើតឡើងបាន ចំណែកវិធីហ្វឹកហាត់បង្កើនកម្លាំងខ្លាំងក្លានៃខ្យល់ដង្ហើមមានដូចតទៅ៖
- គ្រប់ពេលត្រូវដកដង្ហើមវែងនិងជ្រៅជានិច្ច
- រាល់ព្រឹកពេលក្រោកពីដំណេក ចូរហ្វឹកហាត់តាមចលនាខាងក្រោម៖
ចលនាទី១សម្របជើងនិងដៃឲ្យត្រង់ បិតមាត់ឲ្យជិត ហើយដកដង្ហើមឲ្យវែងបំផុតតាមតែអាចធ្វើទៅបាន ឲ្យបានច្រើនៗគ្រា។
ចលនាទី២យកដៃទាំងពីរអោបពោះដកដង្ហើមឲ្យវែងទាល់តែខ្យល់ចូលពេញពោះខណៈដែលដកដង្ហើមចូល ព្យាយាមធ្វើពោះឲ្យប៉ោងឡើង ហើយវេលាដកដង្ហើមចេញព្យាយាមធ្វើពោះឲ្យផតចុះ ដោយយកដៃជួយសង្កត់ផងក៏បាន។
ចលនាទី៣ជាចលនាលំបាកបំផុត និងជាប្រយោជន៍ដល់សួតនិងទ្រូង។គឺយកដៃអោបពោះនិងដកដង្ហើមចូលទាល់តែប៉ោងពោះ ដូចក្នុងចលនាទី២តែមិនដកដង្ហើមចេញទេ ទុកខ្យល់ក្នុងពោះ អោបឲ្យបានយូរ តាមដែលអាចធ្វើទៅបាន។ខ្យល់ដែលទុកក្នុងពោះនោះមិនមែនទុកចោលទទេៗ ទេ គឺត្រូវផតពោះបញ្ជូនខ្យល់ឡើងទៅទ្រូងរហូតពេញណែនទើបលែងមកវិញ។វិធីនេះក៏មានប្រយោជន៍នាំខ្យល់បរិសុទ្ធចូលទៅជម្រះសួតផងដែរ។
បំរុងសសៃប្រសាទ
ការហ្វឹកហាត់ដែលបានរៀបរាប់ខាងលើ ធ្វើឡើងដើម្បីដាស់មនោមយិទ្ធិឲ្យកើតមានក្នុងខ្លួនយើង។ នៅពេលដែលមនោមយិទ្ធិកើតមានហើយ តើមនោមយិទ្ធិនោះត្រូវរក្សាទុកនៅកន្លែងណា? អ្នកប្រាជ្ញចិត្តសាស្ត្រអះអាងថា មនុស្សយើងមានកន្លែងទុកថាមពលទាំងនេះ។កន្លែងនោះហៅថាសូលែរ៍ប្លេចស៊ុលគឺស្ថិតនៅត្រង់ម្តុំចង្កេះដែលជាបណ្តុំសសៃប្រសាទតូចៗចាក់ស្រេះគ្នាដូចសំណាញ់។សូលែរ៍ប្លេចស៊ុល នេះគឺជាប្រជុំនៃថាមពល និងជាអ្នកបែងចែកកម្លាំងទៅគ្រប់ទីកន្លែងនៃរាងកាយ។ហេតុនេះហើយទើបពេលធ្វើការហត់អស់កម្លាំង យើងតែងមានអារម្មណ៍ចុកបរិវេណចង្កេះឡើងមកលើ។សូលែរ៍ប្លេចស៊ុល គឺជា (១) គ្រឿងរក្សាថាមពលទុកជាមនោមយិទ្ធិ និង(២)គ្រឿងប្លែងក្រសែចេញទៅតាមតម្រូវការរបស់មនុស្សក្នុងកាលប្រើមនោមយិទ្ធិ។ហេតុនេះសសៃប្រសាទទើបជារបស់ត្រូវបំរុងមួយផ្នែកទៀត។
វិធីបំរុងសសៃប្រសាទមាន ២វិធី គឺ
វិធីទី១ បំរុងសៃប្រសាទភាគធំៗឲ្យទន់ល្វន់ជានិច្ច
វិធីទី២ ដាស់សសៃប្រសាទភាគតូចៗសព្វសាព៌ាង្គកាយឲ្យភ្ញាក់ឡើងសម្រាប់ទទួលបំរើប្រតិបត្តិការតាមបញ្ជារបស់ដួងចិត្ត។
(សូមស្វែងយល់បន្ថែមអំពីរបៀបហាត់បំរុងសសៃប្រសាទក្នុងសៀវភៅ មនោមយិទ្ធិ)
ហាត់ចិត្តឲ្យជាសមាធិ
ការធ្វើចិត្តឲ្យជាសមាធិនោះ ជាការចាំបាច់សម្រាប់កិច្ចការគ្រប់យ៉ាងក្នុងរឿងមនោមយិទ្ធិ។ (សូមស្វែងយល់បន្ថែមអំពីរបៀបហាត់ចិត្តឲ្យជាសមាធិក្នុងសៀវភៅ មនោមយិទ្ធិ)
ហាត់ប្រើការគិតប្រកបខ្សែភ្នែក
មនោមយិទ្ធិដែលកើតមានក្នុងខ្លួនហើយ កាលបើត្រូវប្រើនឹងផ្សាយចេញច្រើនបំផុតតាម២កន្លែង គឺទី១តាមកែវភ្នែក និងទី២តាមចង្អុលដៃ។ការប្រើចង្អុលដៃទៅចង្អុលអ្នកដទៃពុំមែនជាកិរិយាគួរធ្វើទេ ហើយក៏អាចនឹងបង្កឲ្យខាតប្រយជន៍។ហេតុនេះការប្រើខ្សែភ្នែក គឺជារឿងសមស្របបំផុត។គេត្រូវហាត់គិតប្រកបនឹងខ្សែភ្នែកជាដរាប។មិនថាវេលាណាទេពេលជួបប្រាស្រ័យទាក់ទងនឹងជនណាម្នាក់ គេត្រូវសំលឹងឲ្យចំភ្នែករបស់ជននោះជានិច្ច។កែវភ្នែកជាកញ្ចក់ឆ្លុះបេះដូង កែវភ្នែកសំលឹងដោយក្តីស្រឡាញ់ ខុសគ្នាពីកែវភ្នែកដែលសំលឹងដោយកំហឹង។ចូរសាកល្បងមើលខ្លួនឯងក្នុងកញ្ចក់ ហើយផ្លាស់ការគិត ដោយនឹកដល់មនុស្សជាទីគោរពមនុស្សជាទីស្រឡាញ់មនុស្សដែលយើងស្អប់ឬមនុស្សដែលយើងត្រូវបង្គាប់។នោះយើងនឹងឃើញកែវភ្នែករបស់យើងផ្លាស់ប្តូរតាមការគិតនីមួយៗ។យើងត្រូវហាត់ការគិតឲ្យប្រកបនឹងខ្សែភ្នែកគ្រប់ពេល។
ការរក្សាទុកមនោមយិទ្ធិដែលកើតមានហើយ
ការហ្វឹកហាត់តាំងពីថ្នាក់ទី១រហូតដល់ថ្នាក់ទី៧ដូចដែលបានរៀបរាប់ខាងលើ បង្កើតឲ្យមានមនោមយិទ្ធិរក្សាទុកក្នុងខ្លួនសម្រាប់ប្រើពេលចាំបាច់។ មនោមយិទ្ធិ ប្រៀបបានដូចជាទ្រព្យសម្បត្តិទូទៅដែរ ពោលគឺគេរកមកសម្រាប់ចាយវាយនៅពេលណាមួយ ហើយគេក៏ត្រូវតែមានវិធីរក្សាវាទុកឲ្យបានគង់វង្សដែរ។
វិធីស្ងួនរក្សាមនោមយិទ្ធិមាន៤ប្រការ
- ព្យាយាមសង្កត់សេចក្តីក្រោធ៖ សេចក្តីក្រោធធ្វើឲ្យមនុស្សបង្ខាតថាមពលឥតប្រយោជន៍ និងជួនកាលបង្កជាទោសដល់ខ្លួនឯង។សេចក្តីក្រោធធ្វើឲ្យថាមពលផ្សាយចេញច្រើនហួសប្រមាណ។យើងតែងសង្កេតឃើញថាពេលមនុស្សខឹងមិនដឹងជាថាមពលមកពីណាទេលុះពេលអស់កំហឹងទៅវិញក៏អស់កម្លាំងទន់ដៃទន់ជើង។
- និយាយឲ្យតិចវៀរចាកនិយាយច្រើន៖ ការនិយាយតាមបែបធម្មតាមិនសូវធ្វើឲ្យអស់កម្លាំងពីក្នុងខ្លួនប៉ុន្មានទេ។ការនិយាយ២ប្រភេទដែលធ្វើឲ្យអស់កម្លាំងគឺ (១) ការនិយាយរឿងអាថ៌កំបាំងនិង (២) ការនិយាយជជែកយកឈ្នះចាញ់។ទោះបីជាយ៉ាងណាក៏ដោយ ការនិយាយទាំងអស់សុទ្ធតែធ្វើឲ្យខាតកម្លាំងមនោមយិទ្ធិហេតុនេះទើបអ្នកនិយាយច្រើនមានអ្នកកោតក្រែងតិចចំណែកឯអ្នកនិយាយតិចត្រឡប់ជាមានអ្នកកោតក្រែងច្រើន។
- ព្យាយាមរក្សាការស្ងប់កាយ៖ អាការៈច្រលេមច្រលឹម បង្ខាតថាមពលឥតប្រយោជន៍។
- ធ្វើការវិវេគ៖ ទស្សនវិទូពោលថា ក្នុងពេលដែលយើងធ្វើការច្រើននោះខ្លួនរបស់យើងចេញពីខ្លួនយើង ហើយចាំបាច់ត្រូវហៅត្រឡប់ចូលមកក្នុងខ្លួនយើងវិញ ការហៅខ្លួនរបស់យើងចូលមកក្នុងខ្លួនយើងជាថ្មីនេះហៅថា "ធ្វើការវិវេគ" ។ ចូរដេកសណ្តូកឲ្យរាងកាយគ្រប់ផ្នែកបានសម្រាក ហើយបើកភ្នែកព្រឹមៗមើលទៅចុងជើងរបស់ខ្លួន ព្យាយាមបណ្តុះមនោគតិហាក់ដូចជាយើងហៅខ្លួនយើងដែលចេញទៅពីខ្លួនយើងនោះ ត្រឡប់ចូលក្នុងខ្លួនជាថ្មី។ធ្វើដូច្នេះរហូតដល់យើងគិតថាខ្លួនយើងចូលវិញល្មមគ្រប់គ្រាន់ហើយ ចូរបិទភ្នែកព្យាយាមធ្វើចិត្តឲ្យបរិសុទ្ធ មិនគិតដល់អ្វីទាំងអស់គ្មានអ្វីជាអារម្មណ៍ទាំងអស់។ការធ្វើដូច្នេះត្រឹម៥នាទី នឹងមានផលប្រហែលគ្នានឹងដេកលក់៥ម៉ោង ព្រោះដល់បានធ្វើស្រេចបាច់ យើងនឹងមានកម្លាំង បាត់នឿយហត់ វិធីនេះហៅថា ធ្វើការវិវេគ។
អាថ៌កំបាំង
សៀវភៅ The Secret (អាថ៌កំបាំង) គឺជាសៀវភៅដ៏ល្បីល្បាញមួយក្នុងលោក ដែលលក់ដាច់ជាង ១៩ លាន ក្បាល និងត្រូវបានបកប្រែជាង ៤០ ភាសា នៅទូទាំងពិភពលោក។ សៀវភៅនេះនិពន្ធដោយ អ្នកស្រី រ៉នដា (Rhonda Byrne)។ កាលពីអតីតកាលជីវិតរបស់អ្នកស្រី រ៉នដា ស្ថិតក្នុងសភាពអាប់អួរ និងក្រលំបាកក្រៃលែង។ ក្រោយមកអ្នកស្រីបានស្វែងរកឃើញអាថ៌កំបាំងមួយ ដែលបង្កប់នៅក្នុងសៀវភៅមួយក្បាលដែលនិពន្ធតាំងពីជាង១រយឆ្នាំមុនមកម្ល៉េះ។ អ្នកស្រីបានអនុវត្តន៍តាមរូបមន្តអាថ៌កំបាំងនៅក្នុងសៀវភៅនោះ។ ចាប់តាំងពីពេលនោះមក ជីវិតរបស់អ្នកស្រីប្រែប្រួលទៅជាភ្លឺស្វាងរុងរឿង។ ដោយហេតុថាជីវិតរបស់ខ្លួនបានពើបប្រសព្វនឹងជោគជ័យដោយថាតែខ្លួនបានរកឃើញអាថ៌កំបាំងដូច្នេះ ទើបអ្នកស្រី រ៉នដា បានពុះពារស្រាវជ្រាវ ចងក្រងឯកសារ ដើម្បីផ្សព្វផ្សាយដល់មនុស្សទូទាំងពិភពលោកឲ្យបានដឹងពីអាថ៌កំបាំងនៃចក្រវាឡ ដូចអ្នកស្រីដែរ។ អ្នកស្រីបានរៀបចំខ្សែភាពយន្តឯកសារមួយ ឈ្មោះថា The Secret ដោយបញ្ចូលនូវទស្សនៈរបស់ជនល្បីៗទាំងនៅមានជីវិត និងបាត់បង់ជីវិត ដែលបានដឹងអំពីអាថ៌កំបាំងដ៏មហិមានេះ។ ខ្សែភាពយន្តនេះ ទទួលបានជោគជ័យបំផុត (មុនការបោះពុម្ពសៀវភៅ)។ អ្នកស្រីរ៉នដា ត្រូវបានទស្សនាវដ្តី Time ចាត់ក្នុងចំណាត់ថ្នាក់ក្នុងចំណោមបុគ្គលកំពូលៗទាំង ១០០ នាក់ ដែលជួយកែប្រែពិភពលោក។
សូមចូលរួមពិចារណា គតិបណ្ឌិត ក្នុងសៀវភៅ The Secret ដូចតទៅ៖
អ្នកនឹងទទួលបានអ្វីៗគ្រប់យ៉ាង សុភមង្គល សុខភាព និងទ្រព្យសម្បត្តិ ប្រសិនបើអ្នកដឹងពីអាថ៌កំបាំង។ អ្នកអាចធ្វើអ្វីៗគ្រប់យ៉ាងដែលខ្លួនចង់ធ្វើ និងទទួលបានអ្វីគ្រប់យ៉ាងដែលខ្លួនចង់បាន ប្រសិនបើអ្នកដឹងពីអាថ៌កំបាំង។ អាថ៌កំបាំងនោះគឺច្បាប់ទំនាញ (The Law of Attraction)។ មនុស្សយើងគ្រប់រូបរស់នៅក្រោមច្បាប់ទំនាញនេះតែមួយដូចគ្នា។ នេះគឺជាអាថ៌កំបាំងដ៏មហិមានៃជីវិត។ ច្បាប់ទំនាញចែងថាល្អរត់រកល្អ សរត់រកស ខ្មៅរត់រកខ្មៅ ពោលគឺនៅពេលអ្នកគិតពីរឿងអ្វីមួយ អ្នកនឹងទាញរឿងនោះចូលក្នុងជីវិតរបស់អ្នក។ គំនិតរបស់មនុស្សប្រៀបបាននឹងមេដែក បើគេគិតតែរឿងអាក្រក់ៗគេនឹងទាញរឿងអាក្រក់ៗបន្ថែមទៀតចូលក្នុងជីវិត។ បើគេគិតរឿងល្អៗ គេនឹងទាញរឿងល្អៗចូលក្នុងជីវិត។ នៅពេលដែលគេគិតរឿងអ្វីមួយ មានន័យថាគេកំពុងបញ្ជូនគំនិតទៅកាន់ចក្រវាឡ ហើយគំនិតទាំងនោះទាញរឿងដូចៗគ្នានេះចូលក្នុងជិវិត។ រឿងគ្រប់យ៉ាងដែលកើតក្នុងជីវិតរបស់យើង សុទ្ធតែជាលទ្ធផលនៃទំនាញទាំងអស់ គឺយើងខ្លួងឯងដែលជាអ្នកទាញវាឲ្យចូលមកក្នុងជីវិតតាមរយៈគំនិតដែលដក់ជាប់ក្នុងចិត្តរបស់យើង។ មហាបុរសល្បីៗក្នុងលោកសុទ្ធតែដឹងពីអាថ៌កំបាំងនេះ។ ទោះបីអ្នកជានរណាក៏ដោយ មកពីទីណាក៏ដោយ អ្នកនៅតែស្ថិតក្រោមច្បាប់ទំនាញជានិច្ច ច្បាប់ទំនាញគឺជាអ្នកកំណត់ឆាកជីវិតរបស់អ្នក។ អ្នកគឺជាបុគ្គលតែម្នាក់គត់ដែលធ្វើឲ្យច្បាប់ទំនាញនេះមានចលនាឡើង ហើយអ្នកធ្វើបានតាមរយៈគំនិតរបស់អ្នក។ ច្បាប់ទំនាញឆ្លើយតបទៅនឹងគំនិតរបស់អ្នកជានិច្ចដោយមិនខ្វល់ថាអ្នកគិតល្អឬអាក្រក់ ចង់បានឬមិនចង់បានទេ។ ប្រសិនបើអ្នកគិតតែពីរឿងបំណុល រឿងភ័យខ្លាច អ្នកបានបញ្ជូនរលកសញ្ញានេះទៅកាន់ចក្រវាឡ ហើយអ្នកនឹងជួបតែរឿងនេះកាន់តែច្រើនឡើង។ ច្បាប់ទំនាញដំណើរការគ្រប់ពេលវេលា គ្រប់មនុស្សទាំងអស់។ នៅពេលដែលអ្នកគិតពីអ្វីដែលអ្នកចង់បាន ហើយផ្តោតចំណាប់អារម្មណ៍ពេញទំហឹងលើវា ច្បាប់ទំនាញនឹងផ្តល់ឲ្យអ្នកតាមបំណងគ្រប់ពេល។ បើអ្នកគិតជាប់ជានិច្ចនូវជីវិតស្តុកស្តម្ភ អ្នកនឹងទទួលបានជីវិតស្តុកស្តម្ភ។ តើពិតជាងាយដល់ម្លឹងមែនឬ? ចុះហេតុអ្វីបានជាមនុស្សគ្រប់រូបមិនអាចរស់នៅសមដូចបំណងបាន? បញ្ហាស្ថិតនៅត្រង់មនុស្សភាគច្រើនយកពេលគិតតែអំពីរឿងដែលពួកគេមិនចង់បាន ច្រើនជាងយកពេលទៅគិតពីអ្វីដែលពួកគេចង់បាន។ ច្បាប់ទំនាញ ដំណើរការជានិច្ច ទោះបីអ្នកជឿឬមិនជឿ យល់ឬមិនយល់ក៏ដោយ។ រឿងដែលអ្នកកំពុងគិតនៅពេលនេះ គឺជាអ្នកសាងអនាគតរបស់អ្នក។ អ្នកសាងជីវិតខ្លួនឯងដោយគំនិតខ្លួនឯង។ ដាំពូជអ្វីបានផលហ្នឹង។ គំនិតរបស់អ្នកគឺជាគ្រាប់ពូជ អ្នកនឹងប្រមូលផលទៅតាមគ្រាប់ពូជដែលអ្នកបានដាំដុះ។
របៀបអនុវត្តន៍ច្បាប់ទំនាញ
ច្បាប់ទំនាញផ្តល់ដល់អ្នកនូវអ្វីគ្រប់យ៉ាងដែលអ្នកប្រាថ្នា។ វិធីប្រតិបត្តិច្បាប់ទំនាញងាយបំផុត គឺ (១) ស្នើសុំ (២)ជឿជាក់ និង (៣) ទទួលយក។
១. ស្នើសុំ ៖ ចូរស្នើសុំទៅចក្រវាឡនូវអ្វីដែលអ្នកចង់បាន។ ចូរចំណាយពេលគិតឲ្យបានច្បាស់លាស់បំផុតពីបំណងប្រាថ្នារបស់ខ្លួន តើអ្នកចង់បានអ្វីឲ្យពិតប្រាកដក្នុងជីវិត? ប្រសិនបើបំណងប្រាថ្នារបស់អ្នកមិនច្បាស់លាស់ទេ ចក្រវាឡមិនអាចផ្តល់ឲ្យអ្នកសមតាមបំណងបានទេ។ ចូរស្នើសុំតែម្តងបានហើយ អ្នកមិនចាំបាច់សុំម្តងហើយម្តងទៀតទេ។
២. ជឿជាក់ ៖ បន្ទាប់ពីស្នើសុំរួចហើយ ចូរជឿជាក់ថាអ្នកទទួលបានសមដូចបំណង។ ចូរជឿដោយសទ្ធាដាច់ខាត។ ចូរមើលឃើញថាសេចក្តីប្រាថ្នាក្លាយជាការពិត។ ចក្រវាឡនឹងចាប់ផ្តើមកែសម្រួលដើម្បីឲ្យអ្នកទទួលបានរបស់ទាំងនោះតាមបំណង។ មនុស្សភាគច្រើន មិនព្រមបើកចិត្តហ៊ានប្រាថ្នាទៅតាមបំណងខ្លួនទេ ព្រោះខ្លួនមើលមិនយល់ថាវានឹងកើតឡើងដូចម្តេចកើត។ អ្នកមិនចាំបាច់ចង់ដឹងថាវានឹងដំណើរការដូចម្តេចទេ ហើយអ្នកក៏មិនចាំបាច់ដឹងថាចក្រវាឡនឹងរៀបចំយ៉ាងណាដែរ។ ចូរទុកកិច្ចការនេះឲ្យចក្រវាឡជាអ្នកសម្រេច។ បើអ្នកនៅតែសង្ស័យមិនអស់មិនហើយដូច្នេះ សទ្ធារបស់អ្នកនឹងថយ។ ច្បាប់ទំនាញប្រៀបបានដូចជាកញ្ចក់ប្រសិនបើអ្នកសង្ស័យថាមិនសមតាមបំណង អ្នកនឹងទាញយកតែភាពមិនសមបំណងចូលមកក្នុងជីវិតបន្តទៀត។
៣. ទទួលយក ៖ ចូរធ្វើចិត្តឲ្យរីករាយ។ អារម្មណ៍រីករាយបញ្ជាក់ថាអ្នកកំពុងស្ថិតនៅលើគន្លងជាមួយចក្រវាឡ ហើយអ្នកសមនឹងទទួលបានវត្ថុដែលខ្លួនប្រាថ្នា។ ចូរទទួលយកដោយរីករាយនៅពេលវត្ថុដែលខ្លួនប្រាថ្នាបានមកដល់ដៃខ្លួនដូចបំណង។
សៀវភៅគួរអាន
សៀវភៅគឺជាប្រភពចំណេះដឹងដ៏សម្បូរបែបសម្រាប់អ្នកសិក្សា ស្រាវជ្រាវ។ ការអានមានប្រយោជន៍ក្រៃលែងដល់ជិវិតមនុស្ស។ ការខិតខំអានសៀវភៅមួយក្បាល ឲ្យយល់សេចក្តីជាក់ច្បាស់ ចាំខសំខាន់ៗ ប្រសើរជាងអានសៀវភៅដប់ក្បាលតែចាប់យកគោលសំខាន់មិនបាន។ ទោះបីអានសៀវភៅក្តី ស្តាប់សន្ទរកថាក្តី ចូរកុំស្តាប់ឬអានត្រឹមតែសេចក្តីដែលបានឮ ឬឃើញ។ ចូរពិចារណាឲ្យចូលដល់ជម្រៅអាថ៌កំបាំងពីខាងក្រោយអត្ថបទរបស់អ្នក និពន្ធ។ ពេលអានសៀវភៅត្រូវខិតខំវិនិច្ឆ័យថាអ្នកនិពន្ធមានវិធីនិពន្ធយ៉ាង ម៉េច? ចូលចិត្តនិពន្ធរឿងអ្វីច្រើនជាងគេ? ហើយគួរប្រៀបធៀបជាមួយស្នាដៃរបស់អ្នកនិពន្ធផ្សេងទៀត តើមួយណាល្អជាង? ប្រការសំខាន់បំផុត គឺរាល់ពេលអានចប់ ត្រូវខិតខំនឹកថាយើងទទួលបានសេចក្តីអ្វីខ្លះ ហើយយើងបានប្រយោជន៍អ្វីខ្លះពីការអានសៀវភៅនេះ។
ខាងក្រោមនេះគឺជាសៀវភៅល្អៗដែលអាចជួយបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពគិតពិចារណា។
១. សាងខ្លួនឯង និពន្ធ/រៀបរៀងដោយ ស៊ា ប៊ុនភេង
២. មនោមយិទ្ធិ និពន្ធ/រៀបរៀងដោយ ស៊ា ប៊ុនភេង
៣. នយោបាយអប់រំខួក្បាល និពន្ធ/រៀបរៀងដោយ ម៉ៅ សុវណ្ណា
៤. សកលចិន្តា និពន្ធ/រៀបរៀងដោយ ធម្មបាល ខៀវ ជុំ
៥. បញ្ហានរក សួគ៌ និពន្ធ/រៀបរៀងដោយ ធម្មបាល ខៀវ ជុំ
៦. បញ្ហាអនាគត និពន្ធ/រៀបរៀងដោយ ធម្មបាល ខៀវ ជុំ
៧. និពាន្តនៅឯណា? និពន្ធ/រៀបរៀងដោយ ធម្មបាល ខៀវ ជុំ
៨. គឹម វូឈុង សហគ្រិនចំណាន គ្រប់មាគ៌ាសុទ្ធតែក្រាលដោយមាស
៩. ល្បិចទល់មេឃ (៣ភាគ) និពន្ធ/រៀបរៀងដោយ គឹម ឃាង
១០. កំពូលមេដឹកនាំពិភពលោក (៣ភាគ)
១១. ជនមានឥទ្ធិលនៅអាស៊ី (២ភាគ)
១២. ស្រីហិតោបទេស (៤ភាគ) និពន្ធ/រៀបរៀងដោយ ភិក្ខុ ប៉ាង ខាត់
១៣. គតិលោក (១០ភាគ) និពន្ធ/រៀបរៀងដោយ សុតន្តប្រិយជា ឥន្ទ
១៤. ព្រះបាទធម្មិក និពន្ធ/រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហេង មណីចិន្តា
១៥. លក្ខខណ្ឌរបស់មេដឹកនាំ និពន្ធ/រៀបរៀងដោយ ម៉ាស៊ឺស៊ីតា ខូណូស៊ឺកិ
១៦. លះកង្វល់ផ្តល់សុខ និពន្ធ/រៀបរៀងដោយ អ៊ុន ទឹម
១៧. ចិត្តសាស្ត្រអនុវត្តន៍ និពន្ធ/រៀបរៀងដោយ អ៊ុន ទឹម
១៩. ពុកអ្នកមានបង្រៀនកូនអ្នកក្រ និពន្ធ/រៀបរៀងដោយ ច័ន្ទ ឫទ្ធី
២០. ធ្វើម៉េចអោយមានលុយ និពន្ធ/រៀបរៀងដោយ សាឡូម៉ូន្ស ម៉ាយណ៍
២១. ឯកសារមហាបុរសខ្មែរ
២២. មូលដ្ឋានគ្រឹះនៃទំនាក់ទំនង និពន្ធ/រៀបរៀងដោយ ច័ន្ទ ឫទ្ធី
២៣. មូលដ្ឋានគ្រឹះនៃការនិយាយ និពន្ធ/រៀបរៀងដោយ ច័ន្ទ ឫទ្ធី
២៤. ភាសាកាយវិការ និពន្ធ/រៀបរៀងដោយ ច័ន្ទ ឫទ្ធី
២៥. ញញឹមអាយុវេទ (២ភាគ) និពន្ធ/រៀបរៀងដោយ ច័ន្ទ ឫទ្ធី
២៦. សិល្បៈលួងលោម និពន្ធ/រៀបរៀងដោយ ហ៊ុន គឹមស៊ា
២៧. សុជីវធម៌ប្រចាំគ្រួសារ និពន្ធ/រៀបរៀងដោយ សុង ស៊ីវ
២៨. សុជីវធម៌សម្រាប់បុរសនិងស្រ្តី និពន្ធ/រៀបរៀងដោយ ក. សាន់ នាង
២៩. ទំនាមទំលាប់និងប្រពៃណីខ្មែរ និពន្ធ/រៀបរៀងដោយ ឧកញ៉ាមហាមន្ត្រី ញឹក នូវ
៣០. ប្រវត្តិសាស្ត្រខ្មែរ និពន្ធ/រៀបរៀងដោយ ត្រឹង ងារ
៣១. សង្គមវិជ្ជាខ្មែរ និពន្ធ/រៀបរៀងដោយ សរ សារុន
៣២. អរិយធម៌ខ្មែរ-មន និពន្ធ/រៀបរៀងដោយ កែប វ៉ាន់ឌី
៣៣. អរិយធម៌ខ្មែរ និពន្ធ/រៀបរៀងដោយ លោកស្រី ត្រឹង ងា
៣៤. បាត់ដំបងសម័យលោកម្ចាស់ (ខ្មែរ+អង់គ្លេស) និពន្ធ/រៀបរៀងដោយ តូច ឈាង
៣៥. ក្រមុំចូលម្លប់និងពិធីរើសគូស្រករ និពន្ធ/រៀបរៀងដោយ គិន ណន
៣៦. កំណត់ហេតុជីវតាក្វាន់
៣៧. វប្បធម៌និងអរិយធម៌ខ្មែរ និពន្ធ/រៀបរៀងដោយ សរ សារុន
៣៨. វប្បធម៌ឥណ្ឌា-ខ្មែរ និពន្ធ/រៀបរៀងដោយ គង់ នឿន
៣៩. ចលនាអារ្យធម៌ និពន្ធ/រៀបរៀងដោយ សុង ស៊ីវ
៤០. បញ្ហាវប្បធម៌ និងអរិយធម៌ និពន្ធ/រៀបរៀងដោយ វ៉ាន់ ឌីកាអុន
៤១. អត្ថាធិប្បាយ វប្បធម៌-អរិយធម៌ខ្មែរទូទៅ និពន្ធ/រៀបរៀងដោយ ហួត រេចសួ
៤២. អាទិទេពក្រុងអង្គរ និពន្ធ/រៀបរៀងដោយ ថាច់ វ៉ាន់ផាត និងកែវ សុភុន
៤៣. មគ្គុទ្ទេសក៍នគរ និពន្ធ/រៀបរៀងដោយ អាចារ្យ ប៉ាង ខាត់
៤៤. ពិធីប្រចាំដប់ពីរខែ និពន្ធ/រៀបរៀងដោយ ពេជ្រ សល់
៤៥. តន្ត្រី និង ជីវិត និពន្ធ/រៀបរៀងដោយ អ្នកស្រី កែវ ណារុំ
៤៦. ប្រជុំវប្បធម៌ (ខេមរយានកម្ម) និពន្ធ/រៀបរៀងដោយ ឡុង ផ្លែង
៤៧. ពូជអ្នកចំបាំង និពន្ធ/រៀបរៀងដោយ បណ្ឌិត ប៊ិត ស៊ាងលឹម
៤៨. ឧបករណ៍តន្ត្រីបុរាណកម្ពុជា
៤៩. អត្ថាធិប្បាយទស្សនវិជ្ជា និពន្ធ/រៀបរៀងដោយ សរ សារុន
៥០. មហាទស្សនវិទូនិងទស្សនវិជ្ជាក្នុងលោក (២ភាគ) និពន្ធ/រៀបរៀងដោយ សុខ សុត្ថាល
៥១. ទស្សនវិជ្ជាឥណ្ឌានិងពហុទេពនិយម (២ភាគ) និពន្ធ/រៀបរៀងដោយ សុខ សុត្ថាល
៥២. ចរិតខ្មែរ និពន្ធ/រៀបរៀងដោយ ប៊ុណ្ណចន្ទ ម៉ុល
៥៣. គុកនយោបាយ និពន្ធ/រៀបរៀងដោយ ប៊ុណ្ណចន្ទ ម៉ុល
៥៤. កំណាព្យមើលផែនដីខ្មែរសម័យប៉ុលពត និពន្ធ/រៀបរៀងដោយ ជួន ម៉េន
៥៥. ច្បាប់ក្រមង៉ុយ
៥៦. ច្បាប់ផ្សេងៗ
៥៧. កំណាព្យគុកកាមកិលេស និពន្ធ កេង វ៉ាន់សាក់
៥៨. កំណាព្យចិត្តក្រមុំ និពន្ធ កេង វ៉ាន់សាក់
៥៩. កំណាព្យបុប្ផាខ្មៅ និពន្ធ គយ សារុន
៦០. សង្ខេបទសជាតក និពន្ធ/រៀបរៀងដោយ បណ្ឌិតមហា ឈឹម សុមេន៍
៦១. ទានទស្សនៈ និពន្ធ/រៀបរៀងដោយ ធម្មបាល ខៀវ ជុំ
៦២. សូក្រាត និពន្ធ/រៀបរៀងដោយ រស់ ចន្ត្រាបុត្រ
៦៣. សូក្រាតបិតាទស្សនវិជ្ជា និពន្ធ/រៀបរៀងដោយ ស មេត្តា
៦៤. មហាត្មៈគន្ធីដោះស្រាយវិបត្តិដោយទស្សនវិជ្ជាអហិង្សា និពន្ធ/រៀបរៀងដោយ សុខ សុត្ថាល
៦៥. វេយ្យាករណ៍ខ្មែរពិស្តារ និពន្ធ/រៀបរៀងដោយ ពូវ អ៊ុម
៦៦. វិភាគអក្សរសិល្ប៍ខ្មែរ និពន្ធ/រៀបរៀងដោយ វ៉ាន់ឌី កាអុន
៦៧. ដើមកំណើតអង្គរ និពន្ធ/រៀបរៀងដោយ ម៉ារ បូរ
៦៨. កំរងគុណធម៌ និពន្ធ/រៀបរៀងដោយ ច័ន្ទ ឫទ្ធី
៦៩. កំណាព្យស្នេហ៍មាស និពន្ធ គង្គ ប៊ុនឈឿន
៧០. បណ្តាំកវី និពន្ធ គង្គ ប៊ុនឈឿន
៧១. ២៤ ម៉ោងដើម្បីសុខភាព និពន្ធ/រៀបរៀងដោយ វេជ្ជបណ្ឌិត លី ចេងហ៊ុយ
៧២. សំដីមាសនៃប្រធានាធិបតេយ្យអាមរិក៤២រូប និពន្ធ/រៀបរៀងដោយ អ៊ុយ សុភ័ក្រ្ត
៧៣. ប្រពៃណីថ្វាយបង្គុំនិងសំពះខ្មែរ និពន្ធ/រៀបរៀងដោយ អ៊ុន ទឹម
៧៤. ភាសិតសំរាយ និពន្ធ/រៀបរៀងដោយ តៅ ហ៊ីង
កុំធ្វើខ្លួនអស្ចារ្យជាងចៅហ្វាយនាយ
ជានិច្ចកាលចូរធ្វើឲ្យថ្នាក់លើមានអារម្មណ៍ថា គាត់នៅតែជាមេ។ ប្រសិនបើអ្នកចង់ឲ្យគាត់ចាប់អារម្មណ៍ចូរកុំព្យាយាមបង្ហាញថា ខ្លួនឆ្លាតខ្លាំងពេក។ ចូរធ្វើឲ្យចៅហ្វាយនាយទទួលអារម្មណ៍ថា គាត់ឆ្លាតជាងអ្នកជានិច្ច បើធ្វើដូច្នេះបានអ្នកនឹងរក្សាអំណាចបានខ្ពស់។
រឿងពិតក្នុងប្រវត្តិសាស្ត្រ
នីកូ ឡាស ហ្វូកេត ជារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ស្តេច ល្វីស ទី១៤ ជាមនុស្សចូលចិត្តជប់លៀង ស្រីស្អាត និងកំណាព្យ។ គាត់ជាមនុស្សស្រឡាញប្រាក់ ដែលនាំឲ្យជីវិតរបស់គាត់ហ៊ឺហា។ ហ្វូកេត ជាមនុស្សឆ្លាត និងជាបុគ្គលចាំបាច់ដែលស្តេចខ្វះមិនបាន។ ហ្វូកេត គិតថាខ្លួនសក្តិសមនឹងទទួលតំណែងជានាយករដ្ឋមន្ត្រី ក្រោយពីមរណភាពរបស់អតីតនាយករដ្ឋមន្ត្រី ជូលេ ម៉ាហ្សារីន ក្នុងឆ្នាំ ១៦៦១ ។ ផ្ទុយទៅវិញស្តេច ល្វីស បែរជាមិនតែងតាំង។ នេះជាសញ្ញាមួយប្រាប់ទៅហ្វូកេតថាស្តេចហាក់លែងសូវពេញចិត្តនឹង ខ្លួនទៀតហើយ។ ដោយហេតុនេះ ហ្វូកេតព្យាយាមរកមធ្យោបាយបំពេញចិត្តស្តេចដោយរៀបចំជាពិធីជប់លៀង ដ៏ធំមួយដែលស្តេចមិនធ្លាប់ជួបប្រទះពីមុនមក។ ពិធីជប់លៀងមួយនេះ ធ្វើឡើងក្នុងឱកាសឡើងគេហដ្ឋានថ្មីដ៏ធំស្គឹមស្កៃរបស់ ហ្វូកេត ប៉ុន្តែក្នុងគោលបំណងសំដែងនូវការគោរពចំពោះស្តេច និងភ្ញៀវកិត្តិយស។
ពិធីលៀងសាយភោជននេះ ចូលរួមដោយភ្ញៀវកត្តិយសល្បីៗ នៅអឺរ៉ុប និងបណ្តុំអ្នកប្រាជ្ញខ្លាំងៗផងដែរ។ ទាំងម្ហូបអាហារនិងបទភ្លេងពិតជាល្អប្រណីតគ្មានអ្វីផ្ទឹម។ ហ្វូកេត ថែមទាំងបានឡើងថ្លែងអំណរគុណចំពោះស្តេចទៀតផង។ បន្ទាប់ពីទទួលទានរួច ហ្វូកេតបាននាំភ្លៀវ និងយាងដំណើរស្តេចកំសាន្តសួន និងវិមាន ជាទីសោមនស្សក្រៃលែង។ ស្របពេលជាមួយគ្នាគេឃើញមានបាញ់កាំជ្រួចអបអរសាទរផងដែរ។ រាត្រីកាលដ៏មនោរម្យនេះ ភ្ញៀវទាំងអស់សុទ្ធតែទទួលស្គាល់ថាជាពិធីជប់លៀងដ៏ល្អប្រណីតជាងពិធីណាៗទាំងអស់។
មួយថ្ងៃក្រោយមក ហ្វូកេត ត្រូវបានទាហានរាជវាំងចាប់ខ្លួន។ បីខែក្រោយមក គាត់ត្រូវបានកាត់ទោសពីបទលួចទ្រព្យសម្បត្តិជាតិ។ (តាមពិតទ្រព្យសម្បត្តិភាគច្រើនដែលគាត់លួច សុទ្ធសឹងតែធ្វើក្នុងនាមស្តេច និងដោយមានព្រះរាជានុញ្ញាតពីស្តេច។) ហ្វូកេត ត្រូវបានគេរកឃើញថាមានទោស និងបញ្ជូនទៅគុកដាច់ស្រាលបំផុតក្នុងប្រទេសបារាំង និងចំណាយពេលម្ភៃឆ្នាំចុងក្រោយនៃជីវិតរបស់គាត់នៅក្នុងគុក។
បំណកស្រាយ
ស្តេច ល្វីសទី១៤ គឺជាមនុស្សពេញដោយអំណួតនិងមោទនភាព ដែលតែងតែចង់បានចំណាប់អារម្មណ៍មកលើខ្លួនតែម្នាក់គត់គ្រប់ពេល គាត់មិនអាចអត់ទ្រាំនឹងឲ្យនរណាម្នាក់ហ៊ឺហាជាងខ្លួនឡើង ពិសេសរដ្ឋមន្ត្រីហិរញ្ញវត្ថុ។ ស្តេចល្វីសបានតែងតាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីឈ្មោះ ជៀន បាបទិស្ត៍ កូលប៊ែរ ដែលជាមនុស្សម្នាក់ល្បីខាងកំណាញ់និងមិនចេះរៀបចំពិធីជប់លៀង។ កូលប៊ែរ មានភារកិច្ចធានាឲ្យបានថាប្រាក់គ្រប់កាក់គ្រប់សេនដែលចេញពី រតនាគារជាតិត្រូវធ្លាក់ក្នុងដៃស្តេចល្វីសទាំងអស់។ ស្តេចល្វីសយកប្រាក់នេះទៅសង់វិមានធំស្កឹមស្កៃល្អជាងវិមានរបស់ហ្វូកេត និងជាកន្លែងដ៏មនោរម្យបំផុតនៅវ៉ែសៃយ៍។ ព្រះអង្គប្រើ ស្ថាបត្យករ អ្នកតុបតែងវិមាន និងអ្នកតុបតែងសួន ដដែលរបស់ហ្វូកេត។ រួចហើយព្រះអង្គរៀបចំពិធីជប់លៀងដ៏ប្រពៃបំផុត ជាងពិធីជប់លៀងដែលធ្វើឲ្យហ្វូកេតជាប់គុកទៅទៀត។
បើវិភាគតាមស្ថានការណ៍ខាងលើ យើងឃើញថាពិធីលៀងសាយភោជន ដែលហ្វូកេតរៀបចំឡើង គឺក្នុងគោលបំណងសំដែងនូវភក្តីភាព និងចិត្តស្មោះឥតងាករេចំពោះស្តេច។ គាត់មិនបានគិតថាពិធីនេះបែរជាធ្វើឲ្យស្តេចលែងពេញចិត្តចំពោះ ខ្លួនទេ គាត់បានគិតថាគាត់បានបង្ហាញស្តេចអំពីទំនាក់ទំនងល្អជាមួយមនុស្ស ខ្លាំងៗ និងប្រជាប្រិយភាពរបស់ខ្លួន ដែលធ្វើឲ្យខ្លួនក្លាយជាបុគ្គលដែលស្តេចអត់មិនបាន និងបង្ហាញឲ្យឃើញថាគាត់គឺជាបុគ្គលម្នាក់ដែលសក្តិសមធ្វើជានាយក រដ្ឋមន្រ្តី។ ផ្ទុយទៅវិញស្នាមញញឹមរបស់ភ្ញៀវ បានធ្វើឲ្យស្តេចទទួលអារម្មណ៍ថា មិត្តភក្តិ និងមន្ត្រីក្រោមឱវាទ ពេញចិត្តហ្វូកេតជាងស្តេចទៅទៀត និងគិតថាហ្វូកេតសម្ញែង ទ្រព្យនិងអំណាច។ ស្តេចល្វីសមិនព្រមទទួលយកឡើង ថែមទាំងរកលេសសមរម្យកម្ចាត់ហ្វូកេតចោលទៀត។
គំនិតល្អៗពីសៀវភៅស្រីហិតោបទេស
(១) អ្នកស្គាល់គុណគាប់ស្គាល់ល្អអាក្រក់ កាលបើសេពគប់មនុស្សអាក្រក់ក៏ត្រឡប់ជាអាក្រក់វិញ ដូចស្ទឹងថ្លាមានរសជាតិល្អ លុះហូរចូលសមុទ្រហើយ ក៏ប្រែក្លាយទៅជាមានរសជាតិប្រៃផឹកពុំបាន។
(២) កិច្ចការអ្វីមួយដែលប្រកបដោយអំពើឥតប្រយោជន៍ ក៏រមែងមិនបានផលសមតាមប្រាថ្នាទេ ដូចជាការប្រើវេលាព្យាយាមបង្រៀនសត្វកុកឲចេះនិយាយដូចសត្វសេក សូម្បីច្រើនរយដង ក៏នឹងមិនបានផល។
(៣) ជនណាឃើញភរិយាអ្នកដទៃ ទុកស្មើមាតារបស់ខ្លួន ឃើញទ្រព្យអ្នកដទៃទុកស្មើដុំថ្ម ឃើញសព្វសត្វទាំងឡាយ ទុកស្មើរូបខ្លួន ជននោះលោកហៅថា"បណ្ឌិត"។
(៤) ចិត្តម៉ឹងម៉ាត់ក្នុងគ្រាក្រទុក្ខព្រួយ ចិត្តនឹងធឹងក្នុងគ្រាសុខចំរើន សេចក្តីអង់អាចក្នុងទីប្រជុំជនដោយថ្វីមាត់ ចិត្តក្លៀវក្លាក្នុងសមរភូមិ ចិត្តត្រេកអរក្នុងយស និងចិត្តស្រវាស្រទេញក្នុងការសិក្សា ទាំងអស់នេះ ជាលក្ខណៈសម្បត្តិរបស់បុគ្គលមានចិត្តដ៏មហិមា។
(៥) គេដឹងចិត្តមិត្រក្នុងគ្រាក្រ ដឹងចិត្តទាហានក្លៀវក្លាក្នុងសង្រ្គាម ដឹងចិត្តស្មោះត្រង់ក្នុងការសងបំណុលគេ ដឹងចិត្តភិរយាក្នុងពេលខ្សត់ទ្រព្យ និងដឹងចិត្តផៅពង្សគ្រាវិនាសអន្តរាយ។
(៦) បុគ្គលកុំគប្បីចងមិត្តសម្លាញ់ឬចងស្ពានមេត្រីជាមួយមនុស្សអាក្រក់ ជាដាច់ខាត ដូចជាធ្យូង បើនៅក្តៅវារលាកដៃ បើរលត់ហើយ វាប្រឡាក់ដៃ។
(៧) បើជាសត្រូវហើយ បុគ្គលកុំគប្បីចងមេត្រីជឿទុកចិត្តយ៉ាងស្និតឲសោះ ដូចជាទឹក ទុកជាពុះខ្លាំងគគ្រឹកៗក៏អាចរលត់ភ្លើងបាន។
សៀវភៅសាងខ្លួនឯង
សាងខ្លួនឯង រៀបរៀងដោយ ស៊ា ប៊ុនភេង បោះពុម្ពលើកដំបូងនៅឆ្នាំ ១៩៧៣ ក្រោយមកមានការបោះពុម្ពឡើងវិញជាបន្តបន្ទាប់។ សៀវភៅនេះ គឺជាប្រភេទសៀវភៅទស្សនវិជ្ជាលំហាត់ចិត្តរឹងប៉ឹងសម្រាប់ដឹកនាំ មនុស្សជាតិ។ នៅលើពិភពលោកនេះមានមនុស្ស៣ប្រភេទរស់នៅ ប្រភេទ ទី១ សាងសេចក្តីសុខឲដល់ខ្លួនឯងនិងពិភពលោក ប្រភេទទី២ បំផ្លេចបំផ្លាញសេចក្តីល្អសុខសន្តិភាពរបស់ខ្លួននិងពិភពលោក និងប្រភេទទី៣ មិនបានបំផ្លេចបំផ្លាញតែក៏មិនបានសាងសេចក្តីសុខសន្តិភាពដល់ខ្លួនឯង និងពិភពលោកដែរ ។ មនុស្សប្រភេទទី១ រមែងទទួលបានផលល្អ និងសាងខ្លួនក្លាយជាវីរៈបុរសឬមហាបុរស ដែលជាទីប្រាថ្នានៃមនុស្សទាំងពួង។ តាមរយៈការរៀនសូត្រដោយយកចិត្តទុកដាក់នូវគុណសម្បត្តិនៃមហាបុរស ទាំងឡាយ និងប្រតិបត្តិតាម មនុស្សយើងក៏គង់នឹងអាចសាងខ្លួនឲបានល្អពិតៗ។ ដើម្បីឲបានជាមហាបុរស គេត្រូវសាងគុណសម្បត្តិ៤០ ប្រការៈ (១) អនាម័យ (២) ភាពជាអ្នកមិនភ្ញាក់ផ្អើល (៣) ភាពជាអ្នកមានចិត្តរីករាយស្រល់ស្រាយ (៤) គោលបំណង (៥) ភាពជាអ្នកមិនអស់សង្ឃឹម (៦) ការមិនតុញតុះចំពោះសេចក្តីនឿយលំបាក (៧) ភាពជាអ្នកមានចិត្តរឹងប៉ឹង (៨) ភាពជាអ្នកទៀងត្រង់ចំពោះពេលវេលា (៩) ភាពជាអ្នកមាំទាំប្រឹងប្រែង (១០) ការធ្វើការស្មើចុងស្មើដើម (១១) សមាធិ (១២) ក្លាហានមិនរួញរាក្នុងកាលធ្វើអ្វីមិនសម្រេច (១៣) ពិធីការ (១៤) ភាពជាអ្នកមានរបៀប (១៥) ការត្រិះរិះ(១៦) ភាពជាអ្នកល្អិតល្អ
(១៧) ការមានហេតុផលត្រឹមត្រូវ (១៨) សេចក្តីវិនិច្ឆ័យត្រឹមត្រូវ (១៩) ជំនឿក្នុងខ្លួនឯង (២០) សេចក្តីរហ័សរហែង (២១) ការសង្កេត (២២) សម្បជញ្ញៈ (២៣) ការមិនរអែងរអាចំពោះបុគ្គលដទៃ (២៤) ការធ្វើខ្លួនឲជាទីគាប់ចិត្តដល់ជនដទៃ (២៥) ការដឹងកាលៈទេសៈ (២៦) ការប្រយ័ត្តប្រយែង (២៧) បដិភាណ (២៩) ការពារខ្លួនឯង (៣០) ធ្វើខ្លួនឲគេជឿជាក់បាន (៣១) ភាពជាអ្នកល្អ (៣២) ធ្វើខ្លួនឲសមនឹងកិត្តយស (៣៣) សេចក្តីចេះដឹង (៣៤) សេចក្តីចាំ (៣៥) ការហ្វឹកហាត់ខ្លួនឯង (៣៦) មនោគតិ (៣៧) ការជួយខ្លួនឯង (៣៨) ការឈ្នះខ្លួនឯង (៣៩) ការមិនបោះបង់សេចក្តីព្យាយាម និង(៤០) មនោមយិទ្ធិ(កម្លាំងចិត្ត)។
បណ្តាគុណសម្បត្តិទាំង៤០ប្រការនេះ ត្រូវប្រតិបត្តិតម្រូវទៅតាមពេលវេលា គុណសម្បត្តិពី(១)ដល់(៧) ត្រូវប្រតិបត្តិចាប់ពីរលឹកពីដំណេករហូតដល់ធ្វើការ គុណសម្បត្តិពី(៨)ដល់(២០) ត្រូវប្រតិបត្តិក្នុងពេលកំពុងធ្វើការងារ គុណសម្បត្តិពី (២១)ដល់(២២) ត្រូវប្រតិបត្តិក្នុងវេលាទំនេរ-ដើរលេង ឬត្រឡប់ពីកន្លែងធ្វើការមកវិញ គុណសម្បត្តិពី(២៣)ដល់(៣២) ត្រូវប្រតិបត្តិក្នុងវេលាធ្វើការទាក់ទងនឹងជនដទៃ គុណសម្បត្តិពី(៣៣)ដល់(៣៤) ត្រូវប្រតិបត្តិក្នុងពេលនៅផ្ទះ គុណសម្បត្តិពី(៣៥) ដល់ (៣៦) ត្រូវប្រតិបត្តិក្នុងវេលាដេកមុនលក់ និងគុណសម្បត្តិពី(៣៧)ដល់(៤០) ត្រូវប្រតិបត្តិប្រកបនឹងគុណសម្បត្តិដទៃទៀតទាំងអស់។
សៀវភៅសាងខ្លួនឯង ចែកចេញជា2ផ្នែកសំខាន់ៗ ផ្នែកទី១បកស្រាយពីប្រវត្តិរបស់មហាបុរសសំខាន់ៗ និងផ្នែកទី២ បកស្រាយពីគុណសម្បត្តិ៤០ប្រការនិងរបៀបប្រតិបត្តិដោយលើកយកមក បរិយាយលំអិតអំពីការសាង គោលបំណង ចិត្តរឹងប៉ឹង សមាធិ ការជឿជាក់ខ្លួនឯង និងមនោមយិទ្ធិ ។
យើងសូមលើកយកខ្លឹមសារទាំងស្រុងនៃប្រវត្តិរបស់មហាបុរសពីររូបក្នុងចំណោម១០រូប មកបង្ហាញ គឺកាលិលេវ កាលិលេ និងណាប៉ូឡេអុង បូណាប៉ារត៍ ។
កាលិលេវ កាលិលេ (១៥៦៤ ១៦៤២)
"បូរាណាចារ្យ" នេះជាគ្រឿងអាកាត់ជម្រះការសង្ស័យ និងជំនឿគ្រប់យ៉ាង ទោះជាសមហេតុផលក្តី ពុំសមហេតុផលក្តី កាលណាគ្រូប្រាប់ដោយពោលពាក្យឃ្លាខាងលើនេះ ត្រូវតែស្តាប់ ជឿ គោរពតាមជាដាច់ខាត និងបំពារដោយគ្រាន់តែនៅតែសង្ស័យ ក៏ពុំបានដែរ វិធីសិក្សារបស់ជនជាតិអឺរ៉ុប ក្នុងសម័យ៥០០ឆ្នាំ កន្លងផុតមកហើយនោះ ចូលក្នុងន័យខាងលើនេះឯង។
កាលិលេ កើតនៅថ្ងៃទី១៨ កុម្ភៈ ១៥៦៤ ឪពុកជាគ្រូភ្លេងនៅក្រុងពីស ប្រទេស អ៊ីតាលី។
កាលិលេ កាលនៅជាកុមារជាមនុស្សភ័យខ្លាចច្រើន មានស្នូរផ្គលាន់ ផ្លែតបន្ទោរជាដើម ដល់ពេញវ័យបរិបូណ៍ឡើង ក៏ក្លាយទៅជាមនុស្ស ធ្វើប្រយោជន៍ធំដល់សមនុស្សលោក គឺគ្រាន់តែឃើញចង្កៀងយោលយោក ជាហេតុក៏អាចរកវិធីកំណត់នូវ ចន្រ្ទគ្រាស សូរ្យគ្រាស បាន ហើយក្នុងការទៅរស់នៅឯក្រុងវេនីស អាចរកឃើញនូវកម្លាំងទំនាញផែនដី នាំឲធ្វើត្រីវិស័យបាន បន្ទាប់មកទៀតអាចធ្វើគ្រឿងចក្របូមទឹកបាន ធ្វើគ្រឿងវាស់សីតុណ្ហភាពបាន ក្រោយមកទៀតធ្វើសម្រេចនូវគ្រឿងកែវយឹត ដែលក្លាយជាឧបករណ៍ខាងតារាសាស្ត្រ រហូតដល់បច្ចុប្បន្ននេះ មិនតែប៉ុណ្ណោះទ្រឹស្តីផែនដីវិល ក៏កកើតឡើងយ៉ាងជាក់ប្រាកដពីពេលនោះមក ដែលជាហេតុឲគេសាងនាឡិកា ប្រើបានរហូតដល់សម័យនេះ។
មិនមែនកាលិលេអាចធ្វើនូវកិច្ចការដ៏មហាថ្លៃទាំងនេះបានដោយ គ្មានឧបសគ្គនោះទេ គាត់ធ្វើការពិសោធន៍ បំពារបំពាន ពាក្យបុរាណាចារ្យពោល ដែលមានកំហុសស្មើនឹងការប្រឆាំងចំពោះព្រះជាម្ចាស់ដែរ គាត់ក៏ខ្ចាត់ឃ្លាតចេញពីមាតុភូមិទៅរស់នៅឯវេនីស ទើបគាត់ផុតពីគ្រោះថ្នាក់មួយគ្រាហ៍ ហើយអាចធ្វើឲសម្រេចបាននូវកិច្ចការដូចខាងលើ។ ព្រោះនៅ វេនីស នេះគាត់មានសេរីភាពបរិបូរណ៍ លើពាក្យបុរាណាចារ្យ ដែលកាលពីគាត់រស់នៅ ពីស ជាមាតុភូមិរបស់គាត់ តែងតែបានទទួលនិងជាដំបងប្រហារគាត់ តែគាត់នៅតែគេចមិនផុតពីការស្រឡាញ់មាតុភូមិ នាំឲគាត់ត្រឡប់មក ពីស វិញ មាតុភូមិពុំស្រឡាញ់គាត់ ធ្វើឲគាត់ត្រូវសាលកាត់ទោសពិសេសរបស់អ្នកបួសតាមលិទ្ធិគ្រិស្ត កោះហៅយកទៅហាមប្រាម គាត់ក៏ធ្វើជាយល់ព្រមតាម សុខចិត្តលះបង់គំនិតថា ផែនដីវិល នោះចោលព្រោះប្រឆាំងនឹងព្រះជាម្ចាស់ នេះជាលើកទីមួយ នៅឆ្នាំ ១៦១៦ ដែលត្រូវសាលនោះកោះឡើង តែការយល់ព្រមនេះគ្រាន់តែដើម្បើរស់នៅធ្វើការតទៅទៀតតែប៉ុណ្ណោះ ព្រោះបើមិនយល់ព្រមថាកែប្រែទេ អាចនឹងត្រូវកាត់ទោសប្រហារជីវិត។ ដឹងការពិតហើយលាក់ទុកពុំបាន ក្រោយមក តម្រាតារាសាស្ត្រមួយ បានត្រូវចេញផ្សាយ ក៏ទាក់ទងរឿងផែនដីវិលទៀត ទោះបីកំពុងឈឺក៏ដោយ ត្រូវតែចូលទៅកាន់ សាល ខានពុំបាន នាក្រុងរោម នៅថ្ងែទី២២មិថុនា ១៩៦៣ កាលិលេ អាយុ៦៩ ឆ្នាំ សាលជំនុំជំរះអស់រយៈកាល៦ខែ គាត់ត្រូវសន្យាជាលាយលក្ខណ៍អក្សរប្រកាសថា លះបង់ការយល់ឃើញថា ផែនដីវិលនោះម្តងទៀត ក្នុងព្រះបរមនាមដ៏សក្តិសិទ្ធិនៃព្រះហ្សេស៊ុយគ្រិស្ត តែការនៅតែប្រព្រឹត្តល្មើសរហូតដល់ទៅពីរលើកយ៉ាងនេះ គាត់ពុំអាចនៅជាមនុស្សគ្មានទោសបានឡើយ ត្រូវសាលអ្នកបួសកាត់ទោស ដាក់គុកដោយឥតមានកំណត់។ មួយរំពេចប៉ុណ្ណោះ ត្រូវជាប់គុកក៏ពិត តែគ្រាន់តែគេសែងចេញពីទីជំនុំជំរះ គាត់ក៏ខ្សិបប្រាប់គេឯងភ្លាមថា "ការពិតផែនដីវិល " ។
នៅក្នុង គុក៤ឆ្នាំ គាត់នៅតែមានឱកាសផ្សាយចេញ ដោយលួចលាក់នូវទ្រឹស្តីរបស់គាត់ជានិច្ច ទីបំផុតគាត់ក៏ខ្វាក់ភ្នែកទាំងសង្ខាង ទើបបានចេញទៅរស់នៅក្រៅគុកបានតែ៥ឆ្នាំទៀត ប៉ុណ្ណោះអាយុ ៧៨ឆ្នាំ ក៏ទទួលមរណភាព នៅថ្ងៃទី ៨ មករា ១៦៤២។
ណាប៉ូឡេអុង បូណាប៉ារត៍ (១៧៦៩ ១៨២១)
ណាប៉ូឡេអុង កើតនៅថ្ងៃទី១៥សីហា ១៧៦៩ ក្នុងត្រកូលជនជាតិអីតាលីយាង ដ៏ក្រីក្រមានកូនច្រើន (សូមបញ្ជាក់ថា ណាប៉ូឡេអុង នេះមិនមែនឈាម បារាំងទេ ការបានជាអធិរាជប្រទេសបារាំងនេះ អស្ចារ្យណាស់) ដោយបានទទួលការអនុគ្រោះពីចៅហ្វាយរដ្ឋដែលខ្លួនកើតអាយុ ១១ឆ្នាំ បានចូលរៀនក្នុងសាលាយោធា ដល់អាយុ១៧ឆ្នាំ បានឋានន្តរសក្តិជា អនុសេនីយត្រី នៅរវាងនោះឯងដែលណាប៉ូឡេអុង បានដំណើរជីវិត យ៉ាងលំបាកតោកយ៉ាកបំផុត។ អាយុ២៥ឆ្នាំ បានជាអនុសេនីយឯក ធ្វើការបានល្បីឈ្មោះជាដំបូងនៅ ទូឡុង តែក៏ឥតទទួលផលតបស្នងឲសក្តិសមដែរ។ គាត់ហៀបតែនឹងចេញទៅទទួលមុខការឯប្រទេស ទួរគី ទៅហើយ។ តែចៃដន្យគាត់ត្រូវបានជ្រើសរើសឲជាអ្នកបង្រ្កាបប្រជាជន ដែលប្រឆាំងនឹងរដ្ឋការថ្មី ហើយគាត់ក៏ធ្វើទៅបានសម្រេចយ៉ាងប្រសើរ ជាហេតុឲគាត់ទទួលបានឋានៈគ្រាន់បើឡើង។ គាត់រៀបការ ជាមួយនឹងស្រ្តីម្នាក់ឈ្មោះ ហ្សូសែហ្វីន ដែលជាអ្នកមានការស្និទ្ធស្នាលនឹងវរជនជាច្រើន ជាហេតុឲណាប៉ូឡេអុងបានឋានៈខ្ពង់ខ្ពស់ឡើងជាលំដាប់។ ក្រោយពីការរៀបការហើយគាត់ទៅធ្វើសង្រ្គាមឯប្រទេស អ៊ីតាលី ធ្វើការនេះបានជ័យជំនះជានិច្ចមក អាយុ២៨ឆ្នាំបានជាឧត្តមសេនីយ និងចេញទៅធ្វើសង្រ្គាម នៅប្រទេសអេហ្សីប្ត បានជ័យជំនះដ៏ធំ ជាហេតុឲបានទទួលការគោរពរាប់អាន ពីប្រជាជនទូទាំងប្រទេសបារាំង។
ក្នុងរយៈកាលធ្វើសង្រ្គាមនៅប្រទេសអេហ្សីប្តនេះ ណាប៉ូឡេអុងបានដឹងច្បាស់ថា រដ្ឋាភិបាលមានអំណាចទន់់ខ្សោយ ហើយទើបគាត់ត្រឡប់មកកាន់ក្រុងបារីស ដោយសារជ័យជំនះរបស់ខ្លូន ទើបប្រជាជនរាប់អានច្រើន រហូតដល់បានជាប្រមុខរដ្ឋាភិបាលថ្មី សាងប្រយោជន៏ដ៏ច្រើនដល់ជាតិបារាំង។ អាយុ ៣៦ ឆ្នាំ ក៏ប្រកាសតាំងខ្លួនជាអធិរាជ នៃប្រទេសបារាំង។ ណាប៉ូឡេអុង គឺជាឧទាហរណ៍មួយ ដ៏ខ្ពង់ខ្ពស់បំផុតរបស់មនុស្សដែលមានភាពរឹងប៉ឹងអត់ធន់។
កាលបើធ្វើគ្រោងការណ៍អ្វីមួយហើយ តែងយកជីវិតទៅប្តូរ ដើម្បើសម្រេចឲបាននូវគម្រោងការណ៍នោះ។ កាលដែលគាតអាចសាងខ្លួនឡើងដល់ឋានៈខ្ពស់បំផុត ដែលមនុស្សអាចនឹងឡើងទៅបានយ៉ាងនេះ ក៏ព្រោះលក្ខណៈរឹងប៉ឹងជាប្រធាន។ ណាប៉ូឡេអុងបានទទួលការសរសើរថាជាមេទ័ពដ៏មានថ្វីដៃបំផុតក្នុងលោក។ តែក៏បានទទួលការរិះគន់ថាជាអ្នកប្រាថ្នា ធ្វើជាម្ចាស់លើ អឺរ៉ុប ទាំងមូល ទាល់តែទីបំផុត ប្រទេសទាំងឡាយក្នុងអឺរ៉ុបលើកគ្នាចោមវាយ ណាប៉ូឡេអុង។ ណាប៉ូឡេអុងបាក់ទ័ពលើកដំបូងនៅប្រទសរុស្ស៊ី ហើយតមកក៏នៅតែមានការទទួលបរាជ័យ ទាល់តែត្រូវហៀបចូលដល់ទីក្រុងបារីស។ ណាប៉ូឡេអុង គាត់ក៏ប្រញាប់មកការពារ បារីស តែដល់រៀបនឹងចូលដល់ក៏ដឹងថា រដ្ឋសភាបានប្រកាសតាំងរដ្ឋាភិបាលថ្មីមួយទៅហើយ ទើបត្រឡប់ទៅកាន់ ហ្វុងតែនប្លូ ចំងាយពីបារីស ៦០ គ.ម ទ្រង់លាចាករាជសម្បត្តិ។ ឯខាងក្រុងបារីសក៏តាំងស្តេច ល្លីស៍ទី១៨ ដែលជាវង្សក្សត្រចាស់ របស់ប្រទេសបារាំងឡើងជាម្ចាស់ផែនដី។
ណាប៉ូឡេអុង លាចាករាជសម្បត្តិហើយ ក៏សត្រូវរបស់ព្រះអង្គនៅតែពុំទុកចិត្ត ទើបបង្គាប់ឲរដ្ឋាភិបាលបារាំង យកណាប៉ូឡេអុង ទៅបំបរបង់ឯកោះទៀត ណាប៉ូឡេអុងប្រាថ្នានឹងផ្តេចបង់ជីវិតព្រះអង្គឯង តែមានគេឃាត់ទាន់ ក៏ត្រូវនាំទៅចោលឯកោះអេលប៍ នៅថ្ងៃ១២ មេសា ១៧១៣។
សូម្បីនាំយកទៅចោលឯកោះហើយ ណាប៉ូឡេអុង ក៏ពុំអស់ពិស នៅទីនោះពុំដល់មួយឆ្នាំផង ក៏លបចុះទូកគេចវាងនាវាចំបាំងអង់គ្លេស មកកាន់ទីគោកបានទៀត។ ល្វីស៍ទី១៨ ទ្រង់ជ្រាប ក៏បញ្ជូនកងទ័ពទីចាប់។ តែកាលកងទ័ពទៅជួបណាប៉ូឡេអុងហើយ ពុំចាប់ទេត្រឡប់ជាចូលនឹងណាប៉ូឡេអុងទាំងអស់ ទៅវិញ។ ណាប៉ូឡេអុងទើប បានកម្លាំងទ័ពលើកចូលមកកាន់ទីក្រុងបារីស។ ព្រះបាទល្វីស៍ ១៨ ក៏ស្តេចទ្រង់ភាសខ្លួនទៅកាន់ប្រទេស បែលហ្សិក ព្រោះទ្រង់ជ្រាបនឹងនៅតទល់ជាមួយ ណាប៉ូឡេអុង ពុំបានឡើយ។ កាលដែលណាប៉ូឡេអុងត្រឡប់មកគ្រានេះ គ្រប់ប្រទេសអឺរ៉ុប ចាត់ទុកថាជា ការប្រកាសសង្រ្គាមទើបនាំគ្នាចោមវាយណាប៉ូឡេអុង។ ចំណែក ណាប៉ូឡេអុង ក៏តស៊ូដោយយល់ថាជាទីបំផុតនៃជីវិត។ ទីបំផុត ក៏ត្រូវទ័ពបច្ចាមិត្រចាប់កណ្តាលសង្រ្គាម និងបញ្ជូនទៅកាន់កោះ សាំង្តអេលេន នៅទីនោះបាន៦ឆ្នាំ ក៏អស់ព្រះជន្មក្នុងជន្មាយុ ៥២ ឆ្នាំ។
យើងនឹងលើកយកការសាងគោលបំណងនិងការសាងចិត្តរឹងប៉ឹង ដែលមានបកស្រាយលំអិតក្នុងសៀវភៅសាងខ្លួនឯង មកបរិយាយយ៉ាងសង្ខេបដូចតទៅនេះ
គោលបំណង
ដំណើរជីវិតរបស់មនុស្សយើងប្រៀបដូចជាការដើរផ្លូវដ៏វែងឆ្ងាយ មួយ យើងត្រូវរើសផ្លូវណាមួយសម្រាប់ដើរ បើយើងដើរចេញទៅតាមយថាកម្ម ក៏មិនដឹងថាទៅដល់ទីណាឡើយ។ មនុស្សយើងកាលណាតែធំឡើងជីវិតក៏កន្លងផុតទៅយ៉ាងឆាប់រហ័ស។ យើងឃើញថា តាំងពីដឹងក្តីរហូតដល់អាយុ២០ឆ្នាំ ពេលវេលាកន្លងទៅយឺតៗ ប្រាកដហាក់ដូចជាជីវិតរបស់មនុស្សវែងយឺនយូរគ្មានទីបញ្ចប់។ តែរំលងពី២០ឆ្នាំ ឡើងទៅ ហាក់ដូចជាលឿនឡើងរាល់ថ្ងៃ។ មនុស្សដែលចាស់ហើយតែងសោកស្តាយចំពោះយុវភាព ដែលមិនអាចត្រឡប់មកវិញបាន ដោយតូចចិត្តក្នុងការដើរផ្លូវខុស ឬក៏គិតថាប្រសិនបើជាចាប់យកគោលការណ៍អ្វីមួយជាមាំទាំ ហើយប្រាកដជានឹងទទួលបានការលូតលាស់ជាងនេះពុំខាន។ លោកអ្នកប្រាជ្ញទាំងឡាយពិសោធន៍ ឃើញថាជីវិតរបស់មនុស្សកន្លងផុតទៅដោយទទេអស់១/៣ ដោយការចាប់នេះចាប់នោះមិនឆ្ពោះត្រង់ណា។ កាលបើយើងយល់ជាក់ច្បាស់យ៉ាងនេះហើយ ចាំបាច់ត្រូវតែសម្រេចចិត្តឲច្បាស់លាស់ពិតប្រាកដ ជ្រើសរើសណាមួយតែមួយគត់ឲមាំ។ តើយើងចង់ក្លាយជាអ្វីក្នុងឆាកជីវិត ជាមេទ័ពដ៏ល្បីឈ្មោះជាទីបំផុត ឬជាអ្នកប្រាជ្ញដែលគេគោរពរាប់អានទាំងនគរ ឬជាមេធាវីដ៏ល្បីល្បាញមានប្រាក់ចំណូលរាប់ម៉ឺនក្នុងមួយថ្ងៃ ឬជាអ្នកជំនួញដែលមានអំណាចបណ្តាលឲថ្លៃប្រាក់ក្នុងប្រទេសឡើងចុះ តាមចិត្ត។ល។ កាលបើបានជ្រើសរើសយកផ្លូវណាមួយហើយ ត្រូវមានសេចក្តីត្រូវការខ្លាំងក្លា ក្នុងផ្លូវនោះ បំណងនឹងឲបណ្តុះផលនោះតែម្យ៉ាង។
លោកអ្នកប្រាជ្ញប្រដៅទុកមួយបែបទៀតថា ឲធ្វើគ្រឿងសំគាល់ណាមួយទុកកន្លែងដែលយើងអាចមើលឃើញរាល់ថ្ងៃ ដូចជាកត់ទុកលើក្រដាសឬកូនសៀវភៅផ្ទាល់ខ្លួន ធ្វើត្រាវាយលើសៀវភៅ ឬធ្វើយ៉ាងណាក៏ដោយឲតែជាហេតុ ឲយើងនឹងឃើញនូវគោលបំណងរបស់យើង តែកុំប្រាប់អ្នកណាឲដឹង!
"គោលបំណង" ប្រៀបដូចជាការបាញ់ព្រួញឲត្រូវផ្ទាំងស៊ីបដែរ គឺត្រូវប្រកាន់គោលការណ៍ពីរយ៉ាងៈ (១) តាំងចិត្តឲបាញ់ចំកណ្តាល (២) តម្រង់ចុងព្រួញឡើងលើបន្តិច ព្រោះក្នុងរយៈឆ្ងាយព្រួញអាចរត់ចុះទាប។ យ៉ាងណាមិញ គោលបំណងរបស់មនុស្សយើងក៏ដូចគ្នាដែរ (១) ត្រូវប៉ងតែលើគោលដៅដែលយើងត្រូវការនោះតែម្យ៉ាង និង (២) ត្រូវប៉ងឲខ្ពស់បន្តិចព្រោះសេចក្តីព្យាយាមរបស់មនុស្សយើង យូរទៅអាចថយចុះខ្លះ។
គោលបំណងដែលអាចសម្រេចទៅបានត្រូវគោរពទៅតាមលក្ខណ្ឌ២យ៉ាង (១) ជារបស់ដែលអាចទៅបាន(ប្រសិនបើអ្នកចង់បានផ្កាយមួយមកតាំងលំអផ្ទះ គោលបំណងនេះមិនបានសម្រេចឡើយ) និង (២) ត្រូវអាស្រ័យលើខ្លួនឯង(អ្នកសុំទានម្នាក់ ចង់ក្លាយជាសេដ្ឋី ដោយប្រកបរបរសុំទានគេ គោលបំណងនេះមិនសម្រេចទេ ព្រោះត្រូវពឹងផ្អែកលើអ្នកដទៃទាំងស្រុង។
លោកមានប្រដៅទុកមួយបែបទៀតថា នៅក្នុងវិជ្ជាជីវៈសព្វយ៉ាងទោះជាអ្នករដ្ឋការក្តី ជាភ្នាក់ងារឬលេខាធិការ នៅក្នុងហាងជំនួញឬក្រុមហ៊ុនណានីមួយក្តី យើងត្រូវដំកលមនុស្សពីរនាក់ ដែលមាននៅចំពោះមុខយើង ម្នាក់មានឋានៈខ្ពស់ជាងយើងខ្លាំង ហើយដែលយើងគោរពរាប់អានថាជាមនុស្សអង់អាចឈ្លៀវឆ្លាតជាងយើងបំផុត ហើយមនុស្សម្នាក់ទៀតជាអ្នកមានឋានៈខ្ពស់ជាងយើងមួយកម្រិត។ មនុស្សដែលមានឋានៈខ្ពស់ជាងយើងខ្លាំង ដំកល់ទុកសម្រាប់ជាគម្រូទុកប្រតិបត្តិតាម ទាំងកាយវិការ ពាក្យសំដី និងរឿងគ្រប់យ៉ាង។ មនុស្សដែលមានឋានៈខ្ពស់ជាងយើងមួយកម្រិតទុកសម្រាប់ប្រកួតឲស្មើ ឬខ្ពស់ជាង (តែប្រយ័ត្នកុំធ្លោយប្រាប់ឲគេដឹងខ្លួន)។ កាលបើយើងដេញទាន់ជនដែលយើងដម្កល់ទុកសម្រាប់ប្រកួតហើយ យើងក៏ដំកល់ជនដទៃទៀត សម្រាប់ប្រកួតតទៅទៀត។
ភាពជាអ្នកមានចិត្តរឹងប៉ឹង
គុណសម្បត្តិដ៏សំខាន់បំផុតក្នុងខ្លួន វីរបុរសឬមហាបុរស គឺភាពជាអ្នកមានភាពរឹងប៉ឹង។ "រឹងប៉ឹង" តែមិនរឹងថ្អឹង "ទន់ភ្លន់" តែមិនទន់ខ្សោយ។ ជនដែលមានចិត្តរឹងប៉ឹងតែង មិនឆេវឆាវឬក្រោធខឹងងាយទេ។ លក្ខណៈមនុស្សរឹងប៉ឹងមាន៤ប្រការ (១)មិនចេះពោលពាក្យថ្ងូរ (២)មិនត្រូវការចង់ដឹងថា អ្នកដទៃគិតពីខ្លួនថាយ៉ាងដូចម្តេច (៣)មិនប្រាប់អាថ៌កំបាំងរបស់ខ្លួនដល់អ្នកដទៃ និងមិនត្រូវការចង់ដឹងពីអាថ៌កំបាំងរបស់អ្នកដទៃ និង (៤)មិនគិតថាខ្លួនជាមនុស្សមានគ្រោះអាក្រក់ អាចនឹងនាំយកហេតុការណ៍ផ្សេងៗ មកធ្វើជាប្រយោជន៍ ដល់ខ្លួនបានទាំងអស់។
មនុស្សដែលមានលក្ខណៈរឹងប៉ឹងនោះ ក្រៅពីលក្ខណៈ៤ប្រការនេះ មានលក្ខណៈដែលយើងអាចកត់សំគាល់បានយ៉ាងងាយដទៃទៀតគឺ ជាមនុស្សមិនកញ្អក់កញ្ឆែង ចលនាគ្រប់យ៉ាងរបស់រាងកាយ សូម្បីតែចលនាភ្នែកមើលអ្វីមួយ ក៏សុទ្ធតែមានការត្រិះរិះពិរចារណា ហើយទើបធ្វើ ឥតមានធ្វើកាយវិការក្នុងឥរិយាបថដែលឥតប្រយោជន៍ទេ បើធ្វើចលនាឥរិយាបថណាមួយ គឺធ្វើទៅដោយប្រយ័ត្នប្រយែង បើនឹងឈរក៏ឈរដាក់ទំងន់ជើងទាំងពីរស្មើគ្នា ពុំមែនធ្ងន់មួយស្រាលមួយនោះទេ ឬក៏ឈរជើងតែមួយ ហើយជើងមួយទៀតផ្អែកទៅលើអ្វីឡើយ ការនិយាយច្បាស់ៗ មិនញាប់ខ្លះរង្វើលខ្លះឡើយ បានសេចក្តីថា ឥរិយាបថគ្រប់យ៉ាងនឹងនជានិច្ច បើយើងបានឃើញជនប្រភេទនេះហើយ គប្បីដឹងថាជាមនុស្សមានលក្ខណៈរឹងប៉ឹង។
យើងគប្បីសង្កេតម្យ៉ាងទៀតថា ក្នុងកងទ័ពហេតុអ្វីទើបគេត្រូវបង្ហាត់ឲឈរដូចតុក្កតា។ ការធ្វើចលនាគ្រប់យ៉ាងឲធ្វើដោយស្វាហាប់ ដើរឲត្រូវចង្វាក់។ ការហាត់បែបនេះ គឺដើម្បើឲទាហាន ចេះបង្គាប់រាងកាយឲនៅក្រោមការឃុំរបស់ចិត្ត ជាសញ្ញាសំគាល់នៃភាពមានស្មារតីជានិច្ច ហើយនិងឲទាហានមានចិត្តរឹងប៉ឹង។
ក្នុងទស្សនវិជ្ជាអឺរ៉ុបក្តី លទ្ធិយោគី របស់ឥណ្ឌាក្តី លក្ខណៈមាំទាំរឹងប៉ឹងនេះ ជាប្រការដ៏សំខាន់បំផុត ដែលគេតែងប្រដៅឲបណ្តុះឲមានឡើងក្នុងខ្លួន។ វិធីបណ្តុះនេះ គេឲចាប់ផ្តើមដោយការបង្គាប់រាងកាយរបស់ខ្លួនជាមុន ឲព្យាយាមមិនឲរាងកាយធ្វើចលនាដោយប្រាសចាកការឃុំគ្រងរបស់ចិត្ត និងមិនឲធ្វើចលនា ដោយមិនចំបាច់។ ប្រការមួយទៀត វេលាចូលដេកមុននឹងលក់ គេបង្គាប់ឲធ្វើចិត្តឲមាំទាំថា ស្អែកនេះដួងចិត្តរបស់យើង ត្រូវរឹងប៉ឹងក្រៃលែងឡើងជាងថ្ងៃនេះ ដល់ភ្ញាក់ពីព្រលឹមឡើង ក៏ដាក់ជំនឿក្នុងខ្លូនឯងថាយើងមានលក្ខណៈរឹងប៉ឹង និងត្រៀមជាស្រេច ដើម្បីប្រឈមមុខ និងភាពលំបាកតោកយ៉ាកផ្សេងៗនៃជីវិត។
ប្រការគួរយល់ដឹងមុននឹងសុខចិត្តរៀបការ
ការជ្រើសរើសគូស្រករគឺជារឿងសំខាន់បំផុតមួយក្នុងឆាក ជីវិតមនុស្សម្នាក់ៗ។ សង្គមខ្មែរឲ្យតម្លៃទៅលើការរួមរស់ប្តីមួយប្រពន្ធមួយ អស់មួយជីវិត។ ការលែងលះ គឺជាប្រការដែលត្រូវជៀសវាងឲ្យខានតែបាន ព្រោះវាមានផលវិបាកច្រើនដល់មនុស្សជំនាន់ក្រោយពោលគឺ កូនៗ។ ហេតុនេះការពិចារណាដោយល្អិតល្អន់មុនពេលរៀបការជាមួយ នរណាម្នាក់ ត្រូវតែយកចិត្តទុកដាក់ធ្វើជាចាំបាច់។ ចូរចោទសួរខ្លួនឯងនូវកត្តានីមួយៗខាងក្រោម រួចស្វែងរកចម្លើយដោយក្តីស្មោះត្រង់បំផុតចំពោះខ្លួនឯង ៖
១. តើអ្នកពិតជាយល់ដឹងពីមនុស្សដែលអ្នកស្រឡាញ់គ្រប់យ៉ាង មែនឬ? ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ ។ ពេលដែលស្រឡាញ់មើលឃើញអ្វីសុទ្ធតែល្អ។ អ្នកប្រាជ្ញាម្នាក់និយាយថា ចំពោះមនុស្សដែលយើងស្រឡាញ់ យើងតែងកុហកខ្លួនឯងពីរយ៉ាង ទី១អំពីគុណសម្បត្តិរបស់គេ និងទី២អំពីគុណវិបត្តិរបស់គេ។ គេមានគុណសម្បត្តិមិនគ្រប់គ្រាន់ក៏យើងយល់ថាល្អ គេមានគុណវិបត្តិច្រើនក៏យើងថាមិនអី។ មុននឹងសម្រេចចិត្តថារៀបការជាមួយនរណាម្នាក់ គេត្រូវពិចារណាឲ្យបានហ្មតចត់បំផុត កុំសម្រេចចិត្តឲ្យងាយៗ ដោយផ្អែកលើសេចក្តីស្រឡាញ់តែមួយមុខ។ ត្រង់ចំណុចនេះ ដើម្បីឲ្យការវិនិច្ឆ័យរបស់យើងមិនលំអៀង តោងតែយើងសំអាងលើគំនិត ឬស្តាប់គំនិតរបស់មនុស្សដែលជិតស្និទ្ធនឹងអ្នកដែលយើង ស្រឡាញ់។
២. តើស្នេហាតែមួយមុខគ្រប់គ្រាន់អាចដោះស្រាយបញ្ហាជីវិត គ្រប់យ៉ាងមែនទេ? មនុស្សមួយចំនួនច្រើនយល់ច្រឡំថាឲ្យតែស្រឡាញ់គ្នា គ្រប់គ្រាន់ហើយ រឿងផ្សេងទៀតគង់នឹងដោះស្រាយបាន។ កាលនៅស្រឡាញ់គ្នាថ្មីៗពាក្យនេះហាក់ដូចជាពិតណាស់ តែនៅជាមួយគ្នាយួរៗទៅក្តីស្រឡាញ់ក៏ចុះថយ ថែមទាំងមានសំពាធជីវិតផ្សេងទៀតដូចរឿងលុយជាដើម ភាពរកាំរកូសចេះតែកើនឡើង។ ដូច្នេះ អ្នកគួរយល់ថាស្នេហាគ្រាន់តែជាចំណែកមួយជួយគាំទ្រ ដល់សុភមង្គលតែប៉ុណ្ណោះ។
៣. តើមនុស្សយើងអាចនឹងកែប្រែបានក្រោយពេលរៀបការរួចមែនទេ? អ្វីដែលក្លាយជាទម្លាប់ហើយគឺពិបាកនឹងកែ។ កុំគិតថាគូគ្រងរបស់អ្នកអាចនឹងកែប្រែទាំងស្រុងទៅ តាមផ្លូវដែលអ្នកគិតឲ្យសោះ។ មុននឹងសុខចិត្តរៀបការ គួរសួរខ្លួនឯងថា តើចំណុចមិនល្អទាំងឡាយនោះ អ្នកអាចទទួលយកបានទេ។
៤. ខ្ញុំរៀបការជាមួយគេ មិនមែនរៀបការជាមួយក្រុមគ្រួសាររបស់គេទេ...។ តើអ្នកពិតជាត្រូវរស់នៅតែពីរនាក់ជាមួយគេដោយមិន រវល់នឹងឪពុកម្តាយសាច់ញាតិរបស់គេមែនទេ? បើអ្នកមានគំនិតបែបនេះ អាចជាកំហុសឆ្គងមួយ អ្នកនឹងរកសុភមង្គលមិនបានទេ។ ចូរសួរខ្លួនឯងនូវសំណួរដ៏ខ្លី តើអ្នកអាចកាត់ផ្តាច់ពីឪពុកម្តាយរបស់អ្នកទាំងស្រុង បានទេ? ពិតជាមិនបាន។ ដូច្នេះទាំងអ្នកទាំងគេសុទ្ធតែមិនអាចកាត់ផ្តាច់ពី គ្រួសារចាស់បាន។
៥. រៀបការហើយមនុស្សពីរនាក់ក្លាយជាមនុស្សតែមួយមែនទេ? យើងមិនអាចឃុំគ្រងមនុស្សម្នាក់ ឲ្យចំណាយពេលវេលា ឬធ្វើអ្វីៗគ្រប់យ៉ាងទៅតាមសេចក្តីត្រូវការរបស់យើង ឬស្របតាមយើងគ្រប់យ៉ាងបានទេ។ មនុស្សម្នាក់ៗត្រូវតែមានពេលវេលាផ្ទាល់ខ្លួន និងជិវិតឯកជនរបស់ខ្លួន។ ដើម្បីសុភមង្គល អ្នកទាំងពីរត្រូវចេះផ្តល់តម្លៃឲ្យគ្នា និងគោរពគ្នាទៅវិញទៅមក។
ចំណុចសំខាន់ៗមួយចំនួនទៀតដែលត្រូវយល់ដឹងមុនពេលរៀបការ
រឿងដែលស្ត្រីមិនចូលចិត្ត
- បុរសដែលផ្តោតអារម្មណ៍លើគ្រួសារចាស់ច្រើនហួសពេក
- បុរសចូលចិត្តដើរសប្បាយតែម្នាក់ឯង មិនទទួលខុសត្រូវ មិនយកចិត្តទុកដាក់នឹងគ្រួសារ
- បុរសដែលរិះគន់រឿងក្នុងផ្ទះថានាងមិនល្អ មិនពូកែ
- បុរសដែលមិនផ្តល់កិត្តិយសមិនកោតសរសើរនាង
រឿងដែលបុរសមិនចូលចិត្ត
- ស្ត្រីដែលរង់ចាំតែចាប់កំហុស មិនទុកចិត្តប្តី
- ស្ត្រីដែលធ្វើឲ្យគេអាប់មុខនៅចំពោះមុខអ្នកដទៃ
- ស្ត្រីដែលចូលចិត្តឈ្លេចសួររឿងដែលគេមិនចង់ឆ្លើយតប
- ស្ត្រីដែលរញាំរញ៉ូវ រអ៊ូរទាំងច្រើន
គតិមួយចំនួនពីសៀវភៅ គឹម វូឈុង សហគ្រិនចំណាន
- បេសកកម្មរបស់យុវជនគឺរៀបចំអនាគតពិភពលោក
- ពេលដែលអ្នកឯទៀតចាប់ផ្តើមរាប់ចំនួនឧបសគ្គ ខ្ញុំចាប់ផ្តើមរាប់ចំនួនមធ្យោបាយដែលធ្វើកើត
- ជនដែលមានប្រាជ្ញាឈ្លាសវៃ គេចាប់ផ្តើមសម្រេចជ្រើសរើសគោលដៅជីវិតជាមុន ទើបជ្រើសរើសការងារតម្រូវតាមការសម្រេចចិត្ត
- ទោះបីខ្ញុំធ្វើអ្វីក៏ដោយ ខ្ញុំតែងធ្វើយ៉ាងហ្មត់ចត់ នេះជាកូនសោនៃជោគជ័យ
- ទោះបីអ្នកមានសកម្មភាពក្នុងវិស័យណាក៏ដោយ អ្នកមិនត្រូវពេញចិត្តនឹងភាពអន់គម្រកឡើយ
- យុវភាពជាឱកាសមួយនៃឆាកជីវិតដែលអ្នកត្រូវបូជាថាមពលនិង ពេលវេលារបស់អ្នក ដើម្បីពង្រីកឥទ្ធិពល និងបែបបទសញ្ជឹងរិះគិតឲ្យរីកធំឡើង
- អ្នកត្រូវធ្វើខ្លួនឲ្យជ្រួតជ្រាបដោយសកម្មភាពដែលអ្នកធ្វើ
- គ្មានអ្វីដែលលំបាកធ្វើមិនកើតនោះទេ គឺមកពីខ្វះភាពស្វិតស្វាញក្នុងកិច្ចការតែប៉ុណ្ណោះដែលធ្វើឲ្យ អ្នកយល់ខុសដូច្នេះ
- នៅគ្រប់ទីកន្លែងមានឱកាសជាច្រើនបានលាក់ខ្លួនបំពួនអាត្មា ហើយរង់ចាំឲ្យអ្នករកឃើញប៉ុណ្ណោះ
- ទិសដៅនិងគុណភាពនៃជីវិតរបស់អ្នក បានទទួលឥទ្ធិពលជាខ្លាំងពីសំណាក់ជនដែលអ្នកទាក់ទងជារៀងរាល់ថ្ងៃ
- សង្គមមនុស្សជាសៀវភៅមួយក្បាលដែលមានតម្លៃបំផុត ហើយដែលអាចបង្ហាញមេរៀនយ៉ាងច្រើនអំពីមនុស្សលោក ជាងសៀវភៅទាំងប៉ុន្មានដែលបានបោះពុម្ពផ្សាយរួចទៅហើយ (ស័រឌី ហ្វីលីព)
- មុនអ្វីៗទាំងអស់ គ្រប់ពេលវេលាដែលអ្នកមានឱកាស អ្នកត្រូវធ្វើដំណើរ។ ការធ្វើដំណើរជាការបើកទ្វារជើងមេឃថ្មី
- កាលណាអ្នកក្រឡេកមើលជុំវិញខ្លួនអ្នក អ្នកនឹងប្រទះឃើញថា វត្ថុងាយស្រួលអាចប្រាប់បង្ហាញចំណេះដឹងយ៉ាងច្រើន ហើយទីកន្លែងណាក៏សុទ្ធសឹងជាសាលារៀននៃឆាកជីវិត
- ការដែលមានមិត្តភក្តិច្រើនទុកដូចជាយើងរៀបចំមូលធនធំមួយ
- អ្នកត្រូវមានសៀវភៅមួយជាប់ខ្លួនជានិច្ច ព្រោះសៀវភៅអាចផ្តល់បទពិសោធន៍ ដែលអ្នកពុំអាចធ្វើខ្លួនឯងផ្ទាល់
- យើងសំចៃពេលវេលា តែយើងមិនសន្សំញើសនិងការប្រឹងខ្នះខ្នែងរបស់យើងទេ
- ជីវិតមានតម្លៃណាស់ជាហេតុមិនគួរយកទៅប្រើខ្ជះខ្ជាយ អ្នកមិនត្រូវនៅស្ងៀមគ្មានសកម្មភាពឡើយ
- ដើម្បីក្លាយជាអ្នកដឹកនាំ គេត្រូវដើរតាមមាគ៌ាដែលពោរពេញដោយបន្លា
- ការទាក់ទងល្អជាមួយនឹងជនមានគុណសម្បត្តិពិសេស គឺជាមូលធនមួយយ៉ាងសំខាន់
- កូនសោរសម្រាប់ឲ្យមានការទាក់ទងល្អ គឺការទុកចិត្តគ្នាទៅវិញទៅមក ហើយការទុកចិត្តគ្នាត្រូវការពេលវេលា និងសេចក្តីអំណត់ច្រើន
- អ្នកត្រូវឃ្លាំមើលជានិច្ច ការជឿនលឿនរបស់អ្នក ហើយអ្នកត្រូវហ្វឹកហ្វឺនដើម្បីឲ្យអ្នករឹតតែឈ្លាសវៃ រឹតតែប្រសើរលើសគេ
ស្រង់ចេញពី សៀវភៅ គឹម វុឈុង សហគ្រិនចំណាន គ្រប់មាគ៌ាសុទ្ធតែក្រាលមាស
ហេតុអ្វីបានជាមានការកសាងប្រាសាទច្រើនម៉្លេះនៅប្រទេសយើង
ការកសាងប្រាសាទដ៏ច្រើននៅប្រទេសយើងគឺមកពីៈ
- បុព្វហេតុសាសនា
- បុព្វហេតុសង្គ្រាម
- បុព្វហេតុកត្តិយសផ្ទាល់របស់ព្រះរាជាមួយអង្គៗ
- បុព្វហេតុប្រវត្តិសាស្ត្រ
- បុព្វហេតុទម្លាប់ "បន្តស្នាដៃ"
ហេតុអ្វីបានជាខ្មែរត្រូវចេះអរិយធម៌ខ្មែរ?
- អរិយធម៌ជាមូលដ្ឋានគ្រឹះសម្រាប់សង្គមខ្មែរ
- យល់ឲ្យបានច្បាស់ពីអ្វីដែលខ្លួនមានដែលល្អហើយគេទទួលស្គាល់ពីបុរាណមក
- បណ្តុះមនោសញ្ចេតនាស្រឡាញ់និងការពារវប្បធម៌ខ្លួន
- ផ្សព្វផ្សាយនិងពង្រីកបន្ថែម
- ស្គាល់វប្បធម៌របស់ខ្លួនឲ្យបានច្បាស់ដើម្បីប្រៀបធៀបជាមួយវប្បធម៌បរទេស "ចំនុចខ្លាំងនិងខ្សោយ"
កត្តាដែលធ្វើឲ្យអរិយធម៌អង្គររុងរឿង
កត្តាចំបងៗដែលធ្វើឲ្យអរិយធម៌អង្គររុងរឿងរួមមានៈ
កត្តាមនុស្ស ឬពលកម្មមនុស្ស
- ព្រះរាជាព្រះអង្គដឹកនាំនិងបញ្ជាផ្ទាល់
- មេដឹកនាំនិងអ្នកក្រោមបង្គាប់មានសាមគ្គីភាព ឯកភាព និងមានឧត្តមគតិជាតិ
- មានប្រជាធិបតេយ្យក្នុងការដឹកនាំនិងគ្រប់គ្រង
- មានទំនុកចិត្តលើអ្នកដឹកនាំ
- មានគំនិតច្នៃប្រឌិត មានការសាកល្បងដកពិសោធន៍
- គោរពលទ្ធិទេវរាជ ពុទ្ធរាជ
កត្តាភូមិសាស្ត្រ
- ដីមានជីជាតិ សំបូរសម្បត្តិធម្មជាតិ ត្រីសាច់ ព្រៃឈើ សត្វ សំបូរបែប ផ្លូវគមនាគមន៍ជើងទឹកបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម
កត្តាប្រវត្តិសាស្ត្រ
- កម្ពុជាគឺជាមហានគរ ជាមហាអំណាចមានទឹកដីលាតសន្ធឹងគ្របដណ្តប់មួយភាគធំនៃអាស៊ីអាគ្នេយ៍
- អាណាចក្រខ្មែរមានអំណាច និងឥទ្ធិពលជាប្រទេសចក្រភពមួយ មានប្រទេសមួយចំនួននាំស៊ួយសាអាករមកថ្វាយស្តេចក្រុងកម្ពុជា
សរុបមកកត្តាមនុស្សនិងពលកម្មមនុស្ស ជាកត្តាចំបងធ្វើឲ្យអរិយធម៌អង្គររុងរឿង។
ល្បិចបាំងមេឃឆ្លងសមុទ្រ
ប្រវត្តិដើម
នៅឆ្នាំ ៦៤៣ មុន គ្រិស្តសករាជ ស្តេច ថាង ថៃ ចុង បានដឹកនំាទ័ពដោយផ្ទាល់ទៅជួយប្រទេសតូចមួយនៅភាគខាងកើត។ អ្នកជំនិតដ៏ស្មោះត្រង់របស់ព្រះអង្គ បានព្យាយាមហាមប្រាមព្រះអង្គកុំឲ្យទៅ ព្រោះការយាងដំណើរលើកនេះនឹងត្រូវឆ្លងសមុទ្រ ប៉ុន្តែហាមមិនបានសម្រេច។ តែទោះជាយ៉ាងណាក៏ដោយ នៅពេលបានឃើញសមុទ្រដ៏ធំមហិមា ស្តេច ថាង ថៃ ចុង តក់ស្លុតឥតឧបមា។ ព្រះអង្គបញ្ជាឲ្យអ្នកជំនិតរកវិធីឆ្លងសមុទ្រ តែពុំមានអ្នកណាហ៊ានផ្តល់យោបល់សោះ ពេលបានឃើញរលកធំៗដូច្នោះ។
មានកូនទាហានម្នាក់ដែលពូកែទាំងវិជ្ជាគុន និងប្រាជ្ញា បានលើកឡើងថាខ្លួនមានវិធីធ្វើឲ្យសមុទ្ររលាយបាត់ ហើយព្រះរាជានិងពលទាហាន អាចឆ្លងកាត់ហាក់ដូចជានៅលើផ្ទៃដី។ មុននឹងពិភាក្សាអំពីផែនការឆ្លងសមុទ្រ កូនទាហានរូបនោះ បានយាងដំណើរស្តេច ស្តេចនិងកងទ័ពទាំងអស់ចូលទៅជប់លៀងក្រោមដំបូលតង់ដ៏ធំមហិមា របស់សេដ្ឋីម្នាក់ដែលរបស់នៅជាប់មាត់សមុទ្រ។ តង់ត្រូវបានគេតុបតែងយ៉ាងល្អប្រណីត និងមានអ្នកបម្រើរាប់រយនាក់។ ទាំងព្រះរាជា អ្នកជំនិត និងកងទ័ពទាំងអស់ សប្បាយនឹងពិធីជប់លៀង ម្ហូបឆ្ងាញ់ តន្ត្រីពីរោះ និងស្រីរបាំស្អាតៗ។
ពីធីជប់លៀងបន្តជាប់គ្នាអស់រយៈពេលជាច្រើនថ្ងៃ។ ថ្ងៃមួយស្តេច ថាង ថៃ ចុង និង អ្នកជំនិតបានឮសូរសំលេងខ្យល់ និងរលកបក់បោកយ៉ាងខ្លាំង។ ព្រះអង្គ ហាក់សង្ស័យ ក៏បញ្ជាឲ្យសេនាទៅបើកតង់មើលទៅខាងក្រៅ។ ទ្រង់ស្រឡាំងកាំង នៅពេលដែលឃើញថា តាមពិតព្រះអង្គមិនមែនកំពុងតែជប់លៀងនៅក្នុងផ្ទះរបស់សេដ្ឋី ដែនសមុទ្រទេ គឺទ្រង់កំពុងតែធ្វើដំណើរលើសមុទ្រ! ព្រះអង្គ ក៏សួរឡើងភ្លាមថាតើយើងកំពុងនៅទីណា? អ្នកជំនិតម្នាក់ ឆ្លើយថាក្រាបទូលព្រះអង្គ នេះគឺជាផែនការឆ្លងសមុទ្រ យើងនឹងចូលដល់ច្រាំងត្រើយខាងកើតក្នុងពេលឆាប់ៗ។ នៅទីបំផុតទើប ស្តេច ថាង ថៃ ចុង ដឹងថា តាមពិតព្រះអង្គ ស្ថិតលើនវាដ៏ធំមហិមាមួយ។ មិនយូរប៉ុន្មាន នាវាក៏ចូលដល់ច្រាំងប្រកបដោយសុវត្ថិភាព។
ការប្រើប្រាស់ក្នុងជំនួញបច្ចុប្បន្ន
គេច្រើនប្រើ ល្បិចបាំងមេឃឆ្លងសមុទ្រក្នុងវិស័យសេវាកម្ម មានដូចជាការធ្វើដំណើរតាមយន្តហោះជាដើម។ តាមធម្មតាការធ្វើដំណើរតាមយន្តហោះ នរណាក៏នឿយហត់ដែរ ហើយមានអ្នកខ្លះទៀតភ័យខ្លាចថែមទៀតផង។ ដើម្បីបាំងមេឃ ឬបំបាត់ការភ័យខ្លាច ក្រុមហ៊ុនអាកាសចរណ៍តែងតែ បម្រើសេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងតន្ត្រី នៅលើយន្តហោះ ធ្វើយ៉ាងណាឲ្យភ្ញៀវភ្លេចគិតពីការហោះហើរលើអាកាស។ ម្ហូបឆ្ងាញ់ សេវាកម្មល្អ និងអ្នកបម្រើស្អាតៗ ប្រើពាក្យសំដីទន់ភ្លន់ ពិតជាធ្វើឲ្យភ្លេចអស់រឿងឆ្លងសមុទ្រ ឆ្លងមេឃ។ ល្បិចបាំងមេឃឆ្លងសមុទ្រធ្វើឲ្យពេលវេលាលំបាកៗ កន្លងផុតទៅដោយមិនដឹងខ្លួន។ ល្បិចបាំងមេឃឆ្លងសមុទ្រ គឺប្រើរូបភាពបំភ័ន្តមួយ ដើម្បីបិទបាំងរឿងពិតមួយទៀត ទម្រាំតែគោលដៅដឹងខ្លួនគឺហួសពេលបាត់ទៅហើយ ដូចមានពណ៌នាក្នុងប្រវត្តិដើមអំពីស្តេច ថាង ថៃ ចុង ស្រាប់។
គុណសម្បត្តិរបស់អ្នកដឹកនាំ
អ្នកដឹកនាំត្រូវមាន សុខភាព សមត្ថភាព និងគុណធម៌ដើម្បីបំពេញតួនាទីជាអ្នកដឹកនាំល្អ។
សុខភាព ជាគុណសម្បត្តិផ្នែករាងកាយដែលអ្នកដឹកនាំទាំងឡាយត្រូវយកចិត្តទុកដាក់ថែរក្សាឲ្យបានរឹងប៉ឹង។
សមត្ថភាព ជាគុណសម្បត្តិផ្នែកសតិបញ្ញាដែលអ្នកដឹកនាំទំាងឡាយត្រូវបំពេញបន្ថែមឲ្យរឹងរឹតតែខ្លាំងក្លាឡើងជាលំដាប់។
គុណធម៌ ជាគុណសម្បត្តិផ្នែកផ្លូវចិត្តនិងការប្រព្រឹត្តិ ដែលអ្នកដឹកនាំត្រូវថែរក្សា និងគោរពស្មើអាយុជីវិតរបស់ខ្លួន។ បើប្រៀបធៀបនឹងលំនៅដ្ឋានរបស់មនុស្ស គុណសម្បត្តិទាំង៣ ប្រការនេះមានដូចតទៅ៖
សុខភាព ទុកជាសសរផ្ទះ មាននាទីសម្រាប់ទ្រ
សមត្ថភាព ទុកដូចជាជញ្ជាំងផ្ទះ មាននាទីសម្រាប់បិទបាំង
គុណធម៌ ទុកដូចជាដំបូលផ្ទះ មាននាទីសម្រាប់ការពារ
គុណសម្បត្តិទី១ សុខភាព
លក្ខណៈរបស់អ្នកមានសុខភាពល្អរួមមានដូចជា៖
- ជាបុរសឬស្ត្រីពេញលក្ខណៈ
- រាងកាយមិនពិកលពិការ
- ជាមនុស្សមិនជរាពេក
- ជាមនុស្សមិនវិកលចរិត មិនសរសៃប្រសាទ
- ធន់នឹងជំងឺ គឺមិនងាយឈឺផ្តេសផ្តាស
- មិនមានរោគធ្ងន់ ឬសាហាវណាមួយបៀតបៀន
- ជាមនុស្សមានអនាម័យ មិនស្មោកគ្រោក
បើសិនជាមានជំងឺបៀតបៀន ត្រូវប្រញាប់ព្យាបាលឲ្យបានរួសរាន់ ព្រោះថាការបណ្តែតបណ្តោយជំងឺតិចតួចថ្ងៃនេះ អាចនឹងឲ្យឈឺធ្ងន់ថ្ងៃស្អែកដែលរឹតឲ្យខូចការកាន់តែច្រើន។ នៅសហរដ្ឋអាមេរិកកាលប្រធានាធិបតេយ្យរ៉ូណាល់រេហ្គិន មានជំងឺធ្ងន់ ត្រូវវះកាត់ គេឃើញថាលុយដុល្លារ ដែលជារូបិយបណ្ណគោលនៃសេដ្ឋកិច្ចពិភពលោកចុះថោកភ្លាមមួយរំពេច រីឯក្នុងករណីប្រទេសកម្ពុជាវិញ ជំងឺរបស់សេនាប្រមុខ លន់ នល់ ជាបច្ច័យមួយយ៉ាងធំផងដែរ ដែលនាំឲ្យប្រទេសខ្មែរធ្លាក់ចុះ ព្រោះលោកលន់ នល់ មិនអាចមានសមត្ថភាពបញ្ជា និងដឹកនាំប្រទេសឲ្យដិតដល់។ ពុទ្ធភាសិតមួយពោលថា " អរោគ្យា បរមា លាភា ការមិនមានរោគ គឺជាលាភដ៏ធំបំផុត" ។
គុណសម្បត្តិទី២ សមត្ថភាព
សមត្ថភាព គឺភាពដែលអាចបំពេញកិច្ចការណាមួយឲ្យសម្រេចបានដោយមធ្យោបាយគ្រប់បែប យ៉ាង ទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ទាំងផ្លូវសម្ភារៈ។ សមត្ថភាព គឺជាដំណើរធ្វើកើត ដំណើរដែលអាចទៅរួចអាចប្រឹងប្រែងបាន។
លក្ខណៈរបស់អ្នកមានសមត្ថភាពមាន៨យ៉ាង គឺជាអ្នកជឿមានហេតុផល ជាអ្នកមានញាណ ជាអ្នកមានប្រាជ្ញាខ្ពង់ខ្ពស់ ជាអ្នកខ្លាំងប្រសើរលើសគេ ជាអ្នកមានកម្លាំង១០ ជាអ្នកមានទេពកោសល្យ ជាអ្នកមានយុត្តិធម៌ និងជាអ្នកមានសេចក្តីព្យាយាម។
- អ្នកជឿមានហេតុផលៈ "ធ្វើមេគេហើយ នៅត្រចៀកស្រាលទៀត " នេះជាពាក្យដែលខ្មែរចំណាំនិយាយរិះគន់មេដឹកនាំណាដែលគេនិយាយអ្វី បន្តិចក៏ជឿ អ្វីបន្តិចក៏ខឹង ព្រោះគិតថារឿងហ្នឹងជារឿងពិត។ គោលការណ៍នៃការជឿចំនួន១០យ៉ាងដែលត្រូវយកមកពិចារណាមុនដាក់ជំនឿ ថារឿងហ្នឹងពិតឬមិនពិត៖ (១) កុំដាក់ចិត្តជឿព្រោះគ្រាន់តែការបានឮតៗគ្នាមក (២) កុំដាក់ចិត្តជឿព្រោះដោយការកាន់តៗគ្នាជាប្រពៃណីតមក (៣) កុំដាក់ចិត្តជឿព្រោះដោយការនិទានតៗគ្នា (៤) កុំដាក់ចិត្តជឿព្រោះដោយការអាងតម្រាឬគម្ពី (៥) កុំដាក់ចិត្តជឿព្រោះការគិតបែបតក្កវិទ្យា (៦) កុំដាក់ចិត្តជឿដោយការអនុមាន (៧) កុំដាក់ចិត្តជឿព្រោះការពិចារណាតាមបែបហេតុផល (៨) កុំដាក់ចិត្តជឿព្រោះត្រូវនឹងទ្រឹស្តីដែលបានពិនិត្យហើយ (៩) កុំដាក់ចិត្តជឿព្រោះមើលទៅរូបលក្ខណៈដូចជាអញ្ចឹងមែន (១០) កុំដាក់ចិត្តជឿព្រោះលោកនោះជាគ្រូរបស់យើង។
- អ្នកមានញាណៈ ជាអ្នកមានប្រាជ្ញាចាក់ឆ្លុះ ដឹងជ្រៅជ្រះ ដឹងសព្វគ្រប់។ ញាណ ឬការដឹងច្បាស់មាន៣ប្រការ គឺដឹងអតីតកាល(ដឹងពីអតីតកាលរបស់រឿង កិច្ចការ ឬហេតុការណ៍ណាមួយដោយច្បាស់លាស់ និងអាចកំណត់លំដាប់ហេតុការណ៍នោះបានគ្រប់លក្ខណៈ) ដឹងអនាគត(កាត់ស្មានហេតុការណ៍ដែលនឹងកើតឡើងបានដោយត្រឹមត្រូវ ដោយយោងភ្ជាប់នឹងហេតុការណ៍បច្ចុប្បន្ន) និងដឹងបច្ចុប្បន្ន (ដឹងដំណើរការដែលកំពុងប្រព្រឹត្តិទៅ មានលក្ខណៈបែបណា មានបច្ច័យអ្វីខ្លះ មានលក្ខណ្ឌយ៉ាងណា)។
- អ្នកមានប្រាជ្ញាជាន់ខ្ពស់ៈ (១) ឃើញហេតុណាមួយកើតឡើង ក៏អាចវែកញែកពង្រីក ថ្លឹងថ្លែង តភ្ជាប់ទៅរកហេតុផល ឬវិបាកដែលនឹងត្រូវកើតឡើងភ្លាមមួយរំពេច ដូចពាក្យខ្មែរច្រើនពោលថា " និយាយតែពីរបីម៉ាត់រហ័សយល់ដឹងថាចង់ធ្វើអ្វី ចង់បានអ្វីភ្លាម " (២) ឆាប់ចាប់បានសេចក្តីលំអិតនៃបញ្ហា ឬរឿងណាមួយដែលគេពន្យល់ ដឹងថារឿងហ្នឹងមានប្រភពមកពីណា (៣) មានបញ្ញាឆ្លៀវឆ្លាតក្នុងភាសា ស្គាល់ស័ព្ទ ពាក្យបញ្ញត្តិ ស្ទាត់ជំនាញក្នុងការនិយាយ ចេះនិយាយពិរោះឲ្យគេស្តាប់បាន ឲ្យគេចូលចិត្ត និងឲ្យគេជឿជាក់ តាមសេចក្តីប្រថ្នារបស់ខ្លួន (៤) បញ្ញាគិតលឿន យល់ច្បាស់ក្នុងចំណេះដឹង អាចយកទៅប្រើការបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅតាមស្ថានការណ៍។
- អ្នកខ្លាំងប្រសើរលើសគេៈ អ្នកដឹកនាំគេ ត្រូវខ្លាំងជាងប្រជាជន ទើបប្រជាជនទុកចិត្តឲ្យធ្វើជាប្រមុខគេបាន។ ដើម្បីក្លាយជាមនុស្សអច្ឆរិយៈក្នុងក្រសែភ្នែកប្រជាជន អ្នកដឹកនាំត្រូវ (១) ការឃើញដ៏ប្រសើរៈ ជាអ្នកឃើញសេចក្តីទុក្ខរបស់ប្រជាជន ឃើញបញ្ហាក្នុងសង្គម ជាអ្នកពេញចិត្តក្នុងការដើរសាកសួរប្រជាជនខ្លួន (២) ការស្តាប់ដ៏ប្រសើរៈ ចេះស្តាប់ ចូលចិត្តស្តាប់ និងពូកែស្តាប់ (៣) កាលបើអ្នកដឹកនាំបានឃើញ បានដឹង នូវបញ្ហា សេចក្តីត្រូវការ និងដំណោះស្រាយ ហើយ អ្នកដឹកនាំត្រូវយកមកចាត់ចែងជាក្រុម ជាថ្នាក់ ទៅតាមប្រភេទ តាមលំដាប់សំខាន់។ កន្លែងណាដែលព័ត៌មានមានមិនគ្រប់គ្រាន់ក៏យកមកបំពេញបន្ថែម។ កន្លែងដែលលើសហួសពីការពិត ក៏កាត់ចេញចម្រាញ់តែរបស់ណាដែលមានប្រយោជន៍ពិតៗ (៤) ការសិក្សាដ៏ប្រសើរៈ សិក្សាពិនិត្យឲ្យបានច្បាស់ អ្វីជាបញ្ហាចំបងរបស់រាស្ត្រ អ្វីជាប្រភពនៃបញ្ហាទាំងនោះ អ្វីជាសេចក្តីត្រូវការដែលរាស្ត្រចង់បានយ៉ាងពិតប្រាកដ កម្មវិធីនិងមធ្យោបាយណាដែលអាចអាចកំចាត់នូវបញ្ហានិងបំពេញសេចក្តី ត្រូវការរបស់រាស្ត្របាន។ (៥) ជាអ្នកបម្រើដ៏ប្រសើរៈ បន្ទាប់ពីបានសិក្សានូវបញ្ហា សេចក្តីត្រូវការ និងវិធីដោះស្រាយហើយ ត្រូវយកទៅអនុវត្តន៍ឲ្យក្លាយជាប្រយោជន៍រាស្ត្រ។ (៦) ការរំលឹកដ៏ប្រសើរៈ កិច្ចការណាដែលអនុវត្តន៍ហើយ អ្នកដឹកនាំត្រូវតាមដាន ស្តាប់ឲ្យបានជារឿយៗ ថាមានដំណើរដល់ណាហើយ មានបញ្ហាអ្វីជាឧបសគ្គថែមទៀតទេ។ រួចហើយក៏យកព័ត៌មានទាំងនោះមកចាត់លំដាប់សារជាថ្មី ព្រមទាំងសិក្សាឲ្យបានច្បាស់លាស់។
- អ្នកមានកម្លាំង១០៖ (១) យល់ច្បាស់ពីច្បាប់និងគោលការណ៍ដែលទាក់ទងនឹងតួនាទីរបស់ខ្លួន (២) យល់ពីការប្រព្រឹត្តិរបស់មនុស្សនិងដឹងថាការប្រព្រឹត្តិបែបនេះនឹង នាំដល់លទ្ធផលបែបនោះ ឬថាលទ្ធផលបែបនេះចេញមកពីការប្រព្រឹត្តិបែបណា (៣) យល់ដឹងពីមធ្យោបាយ យុទ្ធសាស្ត្រសម្រាប់នាំទៅរកគោលដៅ (៤) យល់ដឹងច្បាស់ក្នុងរឿងសង្គមវិទ្យា រដ្ឋសាស្ត្រ (៥) យល់ច្បាស់ពីលក្ខណៈខុសគ្នារបស់បុគ្គលនីមួយៗ ក្រុមនីមួយៗ បក្សនីមួយៗ ទាំងខាងអាធ្យាស្រ័យ និន្នាការ មនោគមវិជ្ជា និងភាពប៉ិនប្រសព្វពីកំណើត (៦) យល់ដឹងពីភាពផ្សេងៗ រវាងបុគ្គលខាងផ្នែកកម្រិតសតិបញ្ញា សមត្ថភាព វិវឌ្ឍនាការក្នុងផ្នែកផ្សេងៗ និងការត្រៀមខ្លួនដើម្បីធ្វើការអភិវឌ្ឍន៍ (៧) ដឹងនូវបច្ច័យផ្សេងៗដែលនឹងទៅជាឧបសគ្គ ឬជាជំនួសក្នុងការដឹកនាំ និងចេះកែខៃកត្តាទាំងនោះ (៨) ដឹងពីអតីតកាល និងបទពិសោធន៍របស់អ្នកនៅក្រោមបង្គាប់ (៩) ប្រមើលមើលដឹងនូវផលអនាគត និង (១០) ដឹងច្បាស់ប្រាកដក្នុងចិត្តនូវលក្ខណៈផលសម្រេចដែលខ្លួនចង់បាន។
- អ្នកមានទេពកោសល្យៈ ប៉ិនប្រសប់ ឈ្លាសវៃ ដូចពាក្យខ្មែរនិយាយថា "ចេះដប់មិនស្មើប្រសប់មួយ"។ (១) ឆ្លាតក្នុងការចំរើន ដឹងធ្វើអ្វីនាំឲ្យចំរើន (២) ឆ្លាតក្នុងសេចក្តីវិនាស ដឹងថាអ្វីដែលនាំឲ្យកើតក្តីវិនាស (៣) ប៉ិនប្រសប់ក្នុងវិធីដោះស្រាយនិងសម្រេចផល។
- អ្នកមានយុត្តិធម៌ៈ ជៀសវាងអគតិ៤ គឺ (១) លំអៀងព្រោះស្រឡាញ់ (២) លំអៀងព្រោះក្រោធ ព្រោះស្អប់ (៣) លំអៀងព្រោះខ្លាច មានខ្លាចគេបៀតបៀនជាដើម (៤) លំអៀងព្រោះវង្វេងព្រោះ មិនដឹងដល់សាច់រឿង។
- អ្នកមានសេចក្តីព្យាយាមៈ សេចក្តីព្យាយាមរបស់អ្នកដឹកនាំ ត្រូវប្រកបដោយអង្គ៤ប្រការ គឺព្យាយាមការពារកុំឲ្យកើតបញ្ហា ព្យាយាមកំចាត់បញ្ហាដែលមានឲ្យអស់ទៅ ព្យាយាមសាងនូវសេចក្តីសុខស្រួលឲ្យកើតមានឡើង និងព្យាយាមរក្សានូវសេចក្តីសុខស្រួលនោះឲ្យគង់វង្សចម្រើនតទៅ ទៀត។
គុណសម្បត្តិទី៣ គុណធម៌
គុណធម៌ធំៗរបស់អ្នកដឹកនាំមាន ទសពិធរាជធម៌ ១០ចំនុច និង ព្រហ្មវិហារធម៌ ៤ចំនុច។
- ទសពិធរាជធម៌
១. ទាន បានដល់ការឲ្យ៣ប្រការធំៗ គឺ ឲ្យវត្ថុ ឲ្យចំណេះដឹង និងឲ្យការអភ័យទោស។
២. សីល ឬការប្រព្រឹត្តល្អៈ ធ្វើខ្លួនស្ថិតក្នុងប្រក្រតីភាព មិនបង្កសេចក្តីក្តៅក្រហាយដល់អ្នកដទៃ គោរពច្បាប់វិន័យ ចិញ្ចឹមជីវិតក្នុងផ្លូវសុចរិត និងប្រើរបស់ទ្រព្យប្រកបដោយការពិចារណា។
៣. បរិច្ចាគ ឬការបរិច្ចាគៈ លះបង់ដោយពុំគិតចង់បានអ្វីមកវិញ ដែលជាបច្ច័យឲ្យគេគោរព សរសើរ ជាគម្រូ។ លះបង់ទ្រព្យដើម្បីអវៈយវៈ លះបង់អវៈយវៈដើម្បីជីវិត លះបង់ជីវិតដើម្បីភាពត្រឹមត្រូវ។
៤. អាជ្ជវៈ ឬការស្មោះត្រង់ៈ ត្រង់ក្នុងតួនាទី ត្រង់ក្នុងការងារ ត្រង់ចំពោះវាចា ត្រង់ចំពោះបុគ្គល ត្រង់ចំពោះប្រជារាស្ត្រ និងត្រង់ចំពោះសេចក្តីល្អ។
៥. មទ្ទវៈ ឬការទន់ភ្លន់ៈ មិនរឹងរូស មិនចចេស គោរពទៅតាមមតិរបស់រាស្ត្រ បត់បែនទៅតាមស្ថានការណ៍ ធ្វើឲ្យសង្គម កើតសាមគ្គីភាព។
៦. តបៈ ឬការដុតកិលេសៈ ការដុតកំដៅអំពើអាក្រក់ ដុតកម្លោចជនអាក្រក់កុំឲ្យមានក្នុងសង្គម ធ្វើឲ្យជនអាក្រក់មិនហ៊ានធ្វើបាបតទៅទៀត ធ្វើឲ្យជនល្អមានចិត្តធ្វើល្អជាប្រយោជន៍រួម។
៧. អក្កោធៈ ឬការមិនក្រោធៈ មិនក្រោធ មិនខឹង ព្រោះសេចដ្ឋកិច្ចក្តី នយោបាយក្តី ទាហានក្តី មិនអាចប្រើខឹងបានទេ ព្រោះខឹងនាំឲ្យខុស។
៨. អវិហឹង្សា ឬការមិនបៀតបៀនៈ គោរពសិទ្ធិមនុស្ស សិទ្ធិកុមារ សិទ្ធិស្ត្រី និងសិទ្ធិសត្វតិរច្ឆាន។
៩. ខន្តី ឬការអត់ធន់ៈ ទាល់តែ អត់ធន់ អត់ទ្រាំ អត់ធ្មត់ ទើបសមគួរធ្វើជាអ្នកដឹកនាំ។ អត់ធន់ចំពោះកិលេសខ្លួន អត់ធន់ចំពោះភាពល្ងង់ខ្លៅរបស់ខ្លួន អត់ធន់ចំពោះអ្នកតូច អត់ធន់ចំពោះការងាររបស់ខ្លួន អត់ធន់ចំពោះពាក្យណែនាំ ពាក្យប្រឹក្សា អត់ធន់ចំពោះសេចក្តីប្រមាទធ្វេសប្រហែល អត់ធន់ចំពោះមនុស្សល្ងង់ អត់ធន់ចំពោះកូនក្មេង អត់ធន់ចំពោះអ្នកប្រឆាំង អត់ធន់ចំពោះពាក្យត្មះតិះដៀល អត់ធន់ចំពោះសង្គម អត់ធន់ចំពោះពេលវេលា អត់ធន់ចំពោះការប្រែប្រួលនៃធម្មជាតិ អត់ធន់ចំពោះបដិបត្តិធម៌ ។ល។
១០. អវិរោធនៈ ឬការមិនធ្វើខុសៈ ភាវនាជាប់ជាប្រចាំថា អញនឹងមិនធ្វើខុស អញនឹងមិនធ្វើខុស ។
- ព្រហ្មវិហារធម៌ៈ
១. មេត្តាៈ អាណិតស្រឡាញ់ចង់ឲ្យគេបានសុខ។
២. ករុណាៈ ជួយសង្គ្រោះឲ្យគេរួចពីទុក្ខ។
៣. មុទិតាៈ ត្រេកអរដែលគេបានសុខ។
៤. ឧបេក្ខាៈ ដាក់ចិត្តជាកណ្តាល
ប្រភពៈ សៀវភៅ ព្រះបាទធម្មិក និពន្ធដោយ ឥន្ទបញ្ញោភិក្ខុ ហេង មណីចិន្តា បោះពុម្ពឆ្នាំ១៩៩៥
សិល្បៈតែងកំណាព្យ និពន្ធដោយ ពេជ្រ ទុំក្រវ៉ិល
កំណាព្យ គឺជាកម្រងពាក្យសំដី ដែលមានការចាប់ចុងជួនពីរោះ រណ្តំ ណែង ណង មានឃ្លា មានល្បះ និងមានកម្រិតចំនួនព្យាង្គ ជាកំណត់... ចេញពីទឹកចិត្តរំភើប និងធ្វើឲ្យអ្នកផងរំភើបជាមួយ។
ធាតុផ្សំរបស់កំណាព្យ
នៅក្នុងកំណាព្យ មានធាតុសំខាន់ៗ ដូចតទៅនេះ ៖
- ព្យាង្គៈ សំឡេងមួយម៉ាត់ៗនៅក្នុងកំណាព្យ។
- ឃ្លាៈ ព្យាង្គច្រើនរួមគ្នាបានជាឃ្លា។
- ល្បះ ឬល្បះខ័ណ្ឌៈ ឃ្លាច្រើនរួមគ្នាមកដោយមានខ័ណ្ឌ ហៅថាល្បះ ឬល្បះខ័ណ្ឌ។
ពាក្យ
នៅក្នុងកំណាព្យគេចែកពាក្យជាពីរគឺ ពាក្យពេចន៍ និងពាក្យសម្ផស្ស។
- ពាក្យពេចន៍គឺជាពាក្យសម្រាប់រំលេចន័យខ្លឹមសារ របស់អត្ថបទកំណាព្យឲ្យលេចធ្លោឡើង ឲ្យអត្ថបទនោះមានសោភ័ណខ្ពស់ ពោលគឺបង្កើតរូបារម្មណ៍ និងបំផុសឲ្យដឹងច្បាស់ពីគំនិតរបស់អត្ថបទ ចង់និយាយយ៉ាងណាៗនោះ។
- ពាក្យសម្ផស្សៈ គឺជាពាក្យគន្លឹះជួន ឬហៅចំណាប់ចុងជួន ដែលធ្វើឲ្យរូបភាព ឬទម្រង់នេះអត្ថបទកំណាព្យ មានសម្រស់ល្អឡើងប្រកបដោយលក្ខណៈចួនផ្ទួនរណ្តំ។
គេចែកពាក្យសម្ផស្សជាពីរ គឺពាក្យសម្ផស្សក្នុង និងពាក្យសម្ផស្សក្រៅ។
ក. ពាក្យសម្ផស្សក្នុង គឺសំគាល់លើចំណាប់ផ្ទួនចួនរណ្តំដែលស្ថិតក្នុងឃ្លាជាមួយគ្នា។
ឧទាហរណ៍ៈ ស្រីប្តីពីរបីពុំគាប់រាប់
ស្រី ចួននឹង ប្តី
គាប់ ចួននឹង រាប់
ខ. ពាក្យសម្ផស្សក្រៅ គឺសំគាល់ចំណាប់ចួន ផ្ទួន រណ្តំ ដែលឆ្លងពីឃ្លាមួយទៅឃ្លាមួយទៀត ឬពីល្បះមួយទៅល្បះមួយទៀត។
ឧទាហរណ៍ៈ
សុរិយាកើតឃ្លង់ ក្នុងមុងចំបែង លោកខែកើងស្រែង
ផ្កាយដុះកន្ទុយ។
មូសពាំដំរី ពីព្រៃធ្វើនុយ ខ្លាចាស់ពោះស្អុយ
ស៊ីនុយផឹនមូស។
សូរស័ព្ទ ឬសូរសៀង ឬសំនៀង
សូរស័ព្ទ ឬសូរសៀង ឬសំនៀង នៅក្នុងកំណាព្យមានសារៈសំខាន់ណាស់ ព្រោះកំណាព្យដែលល្អគឺកំណាព្យដែលមានចំណាប់ចួន និងផ្ទួនមានសំឡេងដូចគ្នា ។ពោលបើសំនៀងនោះចេញពីព្យញ្ជនៈឃោសៈ ខ្យល់គ្រលរសំឡេង "អ៊" ដូចជាពាក្យ គិត មិត្ត ពិត រឹត។
បើសំនៀងចេញមកពីព្យញ្ជនៈអឃោសៈ សម្លេងតូចស្រួយ ខ្យល់ "អ" ត្រូវតែចួននឹងអឃោសៈដែរ ដូចជា ពាក្យ កង បង ឡង សង ដង។
មិនត្រូវយកឃោសៈ ទៅចួននឹងអឃោសៈទេ។ ប៉ុន្តែតាមការសង្កេត បើព្យាង្គឬពាក្យទាំងឡាយណាដែលប្រើស្រៈ "ួ" ស្រៈ "ឿ" និងស្រៈ "ៀ" នោះឃោសៈ និងអឃោសៈ អាចចួនគ្នាបាន ព្រោះមានសូរសំឡេងដូចគ្នា។
ឧទាហរណ៍ៈ គួ តួ គួន ចួន លឿង សឿង គ្រឿង ក្បឿង ទិតៀន បៀតបៀន។
សង្ខេបបទកំណាព្យខ្មែរ
១. បទមេបួន
២. បទបថ្យាវត្ត
៣. បទកាកគតិ
៤. បទព្រហ្មគិតិ
៥. បទពំនោល
៦. បទបន្ទោលកាក
៧. បទភុជង្គលីលា
៨. បទពាក្យ៦
៩. បទពាក្យ៧
១០. បទពាក្យ៨
១១. បទពាក្យ៩
១២. បទពាក្យ១០
១៣. បទពាក្យ១១
១៤. បទ ក, ខ
១៥. បទនមោ
១៦. បទអក្សរលូន
១៧. អក្សរសង្វាស
១៨. បទកង្កែបលោតកណ្តាលស្រះ
១៩. កង្កែបលោតលើគោក
២០. កង្កែបលោតស្ទាក់ពេជ្រ
២១. កង្កែបលោតផ្ទាត់ខ្ចៅ
២២. នាគបរិព័ទ្ធ
២៣. នាគគៀវក្រវាត់
២៤. នាគរាជប្លែងឫទ្ធ
២៥. គោព័ទ្ធស្នឹង
២៦. សឹង្ហតោលេងកន្ទុយ
២៧. រមាំងដើរព្រៃ
២៨. ផ្កាឈូករីក
២៩. ក្របចក្រវាឡ
៣០. ម្ករខ្ជាក់កែវ
៣១. ឆ័ត្របីជាន់
៣២. រលកយោលយាវ
៣៣. រលកខ្ទប់ច្រាំង
៣៤. សហរា
៣៥. វិវិធមាលី
៣៦. ពស់លេបកន្ទុយ
៣៧. សត្វកាងស្លាប
៣៨. ថយក្រោយចូលព្រែក
៣៩. រមាំងបើកបាស
៤០. ទន្សាយទីសទាស
៤១. មាន់ទឹកបណ្តើរកូន
៤២. សារថីទាញរថ
៤៣. អើយរ៉ា
៤៤. សុក្រទិនវិសាល
៤៥. សោរទិនវិសាល
៤៦. ត្រឡាចឡើងទ្រើង
៤៧. យត្តិភ័ង្គ
៤៨. ជាប់ទង
៤៩. សបាត់សប៉ឹង
៥០. ត្រីពិធព័ន្ធ
៥១. សឡាបលួន
៥២. វង្សវិចិត្រ
៥៣. ព្រះចន្ទ្របាំងឆ័ត្រ
៥៤. បទឥន្ទជិត
សូមស្វែងយល់លម្អិតអំពីការចាប់ចុងចួននិងការសង្កត់សំឡេង របស់បទកំណាព្យនីមួយៗនៅក្នុងសៀវភៅ " សិល្បៈតែងកំណាព្យ" និពន្ធដោយ ពេជ្រ ទុំក្រវ៉ិល បោះពុម្ពផ្សាយលើកទី៤ ឆ្នាំ២០១១។
អាថ៌កំបាំងទី១២ដើម្បីក្លាយជាសេដ្ឋីៈ កំណត់អាទិភាពខ្ពស់បំផុតរបស់អ្នក ហើយធ្វើម្តងមួយ
កំណត់អាទិភាពខ្ពស់បំផុតរបស់អ្នក ហើយធ្វើម្តងមួយ
ការកំណត់អាទិភាព និង ធ្វើការទៅតាមអាទិភាព ទាមទារនូវការតាំងចិត្ត និងការដាក់វិន័យលើខ្លួនឯង។ វាជារឿងដែលលំបាកធ្វើ តែជារឿងសំខាន់បំផុតសម្រាប់អ្នកដែលប្រាថ្នាចង់បានជោគជ័យធំធេង ក្នុងឆាក ជីវិត។ ចូរសួរខ្លួនឯងបួនសំណួរ។
១. តើកិច្ចការណាមួយដែលផ្តល់តម្លៃខ្ពស់បំផុតសម្រាប់អ្នក?
២. តើគេបង់ប្រាក់ខែឲ្យអ្នករាល់ខែនេះ ព្រោះចង់ឲ្យអ្នកសម្រេចលទ្ធផលអ្វីឲ្យគេ?
៣. តើកិច្ចការអ្វីដែលមានតែអ្នកម្នាក់គត់អាចធ្វើបាន ហើយដែលនាំឲ្យជីវិតរបស់អ្នក ឬអាជីវកម្មរបស់អ្នកប្រែប្រួលយ៉ាងខ្លាំង?
៤. តើអ្នកបានប្រើប្រាស់ពេលវេលាដ៏មានតម្លៃបំផុតរបស់អ្នក ដល់កម្រិតខ្ពស់បំផុតហើយឬនៅ? ចូរធ្វើកិច្ចការដែលផ្តល់ផលិតភាពខ្ពស់បំផុត និងនាំទៅដល់ជោគជ័យហិរញ្ញវត្ថុ។
ចុងក្រោយគឺពុះពារប្រឹងប្រែង ធ្វើកិច្ចការដ៏សំខាន់ជាងគេបំផុតម្តងមួយរហូតដល់ចប់សព្វគ្រប់ ១០០%។ នេះគឺជាទម្លាប់ដែលនាំឲ្យក្លាយជាសេដ្ឋី។
អាថ៌កំបាំងទី១០ដើម្បីក្លាយជាសេដ្ឋីៈ ពលិកម្មខ្លួនដើម្បីជួយដល់អ្នកដទៃ
ពលិកម្មខ្លួនដើម្បីជួយដល់អ្នកដទៃ
ជនដែលសាងខ្លួនក្លាយជាសេដ្ឋី តែងងប់ងល់នឹងសេវាកម្មអតិថិជន។ ពួកគេគិតពីអតិថិជនគ្រប់ពេល។ ពួកគេរិះរកវិធីគ្រប់បែបយ៉ាងគ្រប់ពេលវេលាលៃធ្វើយ៉ាងណាឲ្យ វាកាន់តែប្រសើរឡើង។ ជារៀងរាល់ថ្ងៃ ចូរស្វែងរកវិធីបន្ថែមគុណតម្លៃសេវាកម្មដល់អតិថិជនរបស់អ្នក។ កំណែលំអចំនុចតូចមួយ អាចនាំដល់ជោគជ័យហរិញ្ញវត្ថុរបស់អ្នក។ ជោគជ័យក្នុងឆាកជីវិតរបស់អ្នក បានមកផ្ទាល់ឬប្រយោលពីការជួយអ្នកដទៃ។
អាថ៌កំបាំងទី៩ដើម្បីក្លាយជាសេដ្ឋីៈ សិក្សាគ្រប់ជ្រុងជ្រោយនៃអាជីវកម្មរបស់អ្នក
សិក្សាគ្រប់ជ្រុងជ្រោយនៃអាជីវកម្មរបស់អ្នក
ទីផ្សារផ្តល់រង្វាន់ដល់កិច្ចការណាដែលល្អឥតខ្ចោះ។ អ្នកត្រូវប្រែក្លាយខ្លួនឲ្យទៅជាអ្នកជំនាញក្នុងវិស័យឯកទេស របស់ខ្លួនតាមរយៈការសិក្សាលំអិតគ្រប់ជ្រុងជ្រោយ ធ្វើយ៉ាងម៉េចកែលម្អឲ្យកាន់តែប្រសើរឡើង។ ចូរអានទស្សនាវដ្តី សៀវភៅ ចូលរួមសិក្ខាសាលារបស់អ្នកជំនាញ ចូលជាសមាជិកសមាគមជំនួញ និងជួបទំនាក់ទំនងជាមួយមនុស្សក្នុងវិស័យឯកទេសរបស់អ្នក។ ចូរកំណត់គោលដៅឲ្យអ្នកក្លាយជាជនជំនាញជាងគេបំផុតក្នុងរបររក ស៊ីរបស់អ្នក។
អាថ៌កំបាំងទី៨ដើម្បីក្លាយជាសេដ្ឋីៈ សន្សំ/វិនិយោគប្រាក់មុនទូរទាត់ឲ្យអ្នកដទៃ
ដកប្រាក់សម្រាប់សន្សំ/វិនិយោគមុនពេលទូរទាត់ឲ្យអ្នកដទៃ
ចូរដកប្រាក់១០%នៃចំណូលរបស់អ្នកយកទៅសន្សំឬវិនិយោគ។ ប្រសិនបើអ្នកដកប្រាក់ ១០០ ដុល្លារ ក្នុងមួយខែជាប់ជាប្រចាំ យកទៅវិនិយោគដែលផ្តល់ផលចំណូលកើនឡើង ១០% ប្រចាំឆ្នាំ នោះពេលចូលនិវត្តន៍អ្នកនឹងមានប្រាក់ ១១១៨០០០ ដុល្លារ។ មានសុភាសិតមួយពោលថា "ប្រសិនបើអ្នកមិនអាចសន្សំប្រាក់បានទេ នោះគ្រាប់ពូជមហិមាក៏មិននៅជាមួយអ្នកដែរ"។ ការបង្កើតទម្លាប់សន្សំ និងវិនិយោគមិនមែនជារឿងងាយស្រួលទេ តែបើអ្នកធ្វើបាន អ្នកប្រាកដជាទទួលបានជោគជ័យខាងហិរញ្ញវត្ថុ។ ចូរទម្លាប់ចាយវាយរិះគិតគ្រប់រឿង។ មុននឹងចំណាយគិតសិន។ ចូរពន្យារពេល ឬបង្វែរចិត្តដែលចង់ទិញរបស់អ្វីមួយឲ្យបានមួយអាទិត្យសិន ឬបើមិនដូច្នោះទេមួយខែ។ ពន្យារពេលកាន់តែយូរ ទិញបានកាន់តែថោក។ កុំឲ្យដូចពាក្យគេថា " រកបានច្រើនចាយក៏ច្រើន" ឬ "ទូកធំ ក្តោងធំ"។ ប្រសិនបើអ្នកពិបាកសន្សំ ១០% ចូរចាប់ផ្តើមពី ១% រួចកើនឡើងរហូត ទៅជា ៣% ៤% ។ល។ ក្នុងរវាងមួយឆ្នាំ អ្នកនឹងអាចសន្សំបាន ១០% ឬ ១៥% ដល់ពេលនោះចំណូលនិងចំណាយក៏នឹងមានតុល្យភាព ក្នុងពេលជាមួយគ្នាប្រាក់សន្សំ និងប្រាក់វិនិយោគក៏ចេះតែរីកធំឡើង។ អ្នកនឹងកាន់តែប្រយ័ត្នប្រយែង លើការចាយវាយ និងចាប់ផ្តើមជម្រះបំណុលអស់ពីខ្លួន។ ក្នុងរវាងពីរឆ្នាំ អ្នកនឹងគ្រប់គ្រងបានទាំងស្រុងលើហិរញ្ញវត្ថុ ហើយអ្នកនឹងដើរចូលគន្លងសេដ្ឋី។ វិធីនេះមានប្រសិទ្ធភាពចំពោះអ្នកដែលបានសាក។ ចូរសាកមើលដោយខ្លួនអ្នកផ្ទាល់។
អាថ៌កំបាំងទី៧ដើម្បីក្លាយជាសេដ្ឋីៈ ជ្រមុជខ្លួនរៀនសូត្រពេញមួយជីវិត
ជ្រមុជខ្លួនរៀនសូត្រពេញមួយជីវិត
ខួរក្បាលមនុស្សយើងដូចគ្នានឹងសាច់ដុំដែរ គឺទាមទារឲ្យហ្វឹកហាត់ទើបខ្លាំងក្លាឡើង។ ដើម្បីទទួលជោគជ័យក្នុងសតវត្សទី២១នេះ ទាមទារឲ្យអ្នករៀនសូត្រពេញមួយជីវិត។ គន្លឹះទី១ គឺចំណាយពេល ៣០ ទៅ ៦០ នាទី អានអត្ថបទមុខជំនាញរបស់អ្នក រៀងរាល់ថ្ងៃ។ ការអានគឺជាការហាត់កីឡាសម្រាប់ខួរក្បាល ដូចជាការហាត់ប្រាណសម្រាប់រាងកាយដែរ។ អានមួយថ្ងៃមួយម៉ោង មានន័យថាសៀវភៅមួយក្បាលក្នុងមួយសប្តាហ៍។ អានសៀវភៅ១ក្បាល ក្នុងមួយសប្តាហ៍មានន័យថា ៥០ក្បាលក្នុងមួយឆ្នាំ។ ដូច្នេះក្នុងរយៈ១០ឆ្នាំ អ្នកអានសៀវភៅជំនាញ ៥០០ ក្បាល។ អ្នកនឹងក្លាយទៅជាមនុស្សដែលមានជំនាញបំផុតក្នុងវិជ្ជាជីវៈរបស់ ខ្លួនដោយការអានសៀវភៅ១ម៉ោងក្នុងមួយថ្ងៃ។ គន្លឹះទី២ គឺស្តាប់កម្មវិធីចំណេះដឹងក្នុងរថយន្តរបស់អ្នក។ ចូរប្រែក្លាយរថយន្តឲ្យទៅជាមហាវិទ្យាល័យមានកង់ ចូរកុំបើកបរដោយគ្មានកម្មវិធីអប់រំ។ គន្លឹះទី៣ គឺចូលរួមវគ្គសិក្សានិងសិក្ខាសាលាដែលជួយឲ្យអ្នកកាន់តែស្ទាត់ ជំនាញឡើង។ អានទាំងសៀវភៅ ស្តាប់ទាំងកម្មវិធីអប់រំ និងចូលរួមសិក្ខាសាលា ជួយសន្សំពេលរាប់ម៉ោង និងប្រាក់រាប់ពាន់ដុល្លារ ដើម្បីទទួលជោគជ័យហិរញ្ញវត្ថុ។
អាថ៌កំបាំងទី៥ដើម្បីក្លាយជាសេដ្ឋីៈ ប្រឹងប្រែងឲ្យដល់កម្រិតល្អឥតខ្ចោះ
ចូរកែប្រែថ្ងៃនេះឲ្យក្លាយជាថ្ងៃដែលអ្នកធ្វើកិច្ចការបាន ល្អបំផុត។ ចូរកំណត់គោលដៅឲ្យខ្លួនអ្នកក្លាយជាជនកំពូលនៃក្នុងវិស័យជំនាញ របស់អ្នក។ ការសម្រេចចិត្តនេះ គឺជាចំនុចរបត់ដ៏ល្អបំផុតមួយក្នុងឆាកជីវិត ព្រោះថាជនជោគជ័យតែងតែប៉ុនប្រសប់ស្ទាត់ជំនាញក្នុងកិច្ចការរបស់ ខ្លួនជានិច្ច។ នេះគឺជាគន្លឹះឆ្ពោះទៅកាន់ជោគជ័យដ៏មហិមា។ វាក៏ជាការលើកទឹកចិត្តនិងមោទនភាពចំពោះខ្លួនឯងដែរ។ នៅពេលដែលអ្នកពូកែខាងអ្វីមួយ អ្នកនឹងមានអារម្មណ៍ពេញចិត្តចំពោះខ្លួនឯង ហើយអារម្មណ៍នេះ ជះឥទ្ធិពលដល់ចរិតនិងទំនាក់ទំនងរបស់អ្នកជាមួយអ្នក ដទៃ។
ជាការពិតណាស់ អ្នកមិនអាចស្ទាត់ជំនាញគ្រប់រឿងក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃ នោះទេ ប៉ុន្តែអ្នកអាចជ្រើសរើសយកជំនាញមួយដែលមានប្រយោជន៍បំផុតដល់អ្នក ហើយដាក់ចិត្តដាក់កាយអភិវឌ្ឍន៍ជំនាញនោះ។ រៀងរាល់ថ្ងៃសម្រួចជំនាញនេះជាប្រចាំ។ អ្នកនឹងឃើញថា ការតាំងចិត្តធ្វើឲ្យដល់កម្រិតល្អឥតខ្ចោះនេះពិតជាកែប្រែជីវិត របស់អ្នកដ៏សំម្បើម។
អាថ៌កំបាំងទី៤ដើម្បីក្លាយជាសេដ្ឋីៈ ធ្វើនូវអ្វីដែលអ្នកចូលចិត្តធ្វើ
នេះគឺជាអាថ៌កំបាំងមួយនៃជោគជ័យហិរញ្ញវត្ថុ។ ប្រការសំខាន់បំផុតក្នុងជីវិត គឺត្រូវស្វែងរកកិច្ចការដែលអ្នករីករាយនឹងធ្វើបំផុតដែលត្រូវតាម ទេពកោសល្យរបស់ខ្លួន ហើយដាក់ចិត្តដាក់កាយធ្វើកិច្ចការនោះឲ្យល្អបំផុត។ ជនដែលសាងខ្លួនក្លាយជាសេដ្ឋី តែងធ្វើការត្រូវទៅតាមសមត្ថភាពនិងចំនុចខ្លាំងពីកំណើតរបស់ខ្លួន។ នៅពេលធ្វើការដែលខ្លួនស្រឡាញ់ ហាក់ដូចជាសប្បាយ មិនចេះនឿយហត់ ហើយចេះតែមានគំនិតថ្មីៗជាប់ជានិច្ច។
អាថ៌កំបាំងទី៣ដើម្បីក្លាយជាសេដ្ឋីៈ ធ្វើការឲ្យខ្លួនឯង
គិតថាខ្លួនអ្នកធ្វើការឲ្យខ្លួនឯង
ចូរទទួលខុសត្រូវលើខ្លួនឯង ១០០% ។ ឈប់រអ៊ូរទាំ ឈប់ស្តីបន្ទោសអ្នកដទៃ ពេលជួបរឿងមិនពេញចិត្ត។ រឿងអ្វីដែលអ្នកចង់បានឬ មិនចង់បាន ត្រូវធ្វើដោយខ្លួនឯង។
ការមានគំនិតមើលឃើញខ្លួនឯង ធ្វើការឲ្យខ្លួនឯង ជួយកសាងផ្តត់គំនិតសហគ្រិន ដែលជាផ្នត់គំនិតឯករាជ្យ ម្ចាស់ការ និងចាប់ផ្តើមដោយខ្លួនឯង។ អ្នកមើលឃើញខ្លួនឯងជាម្ចាស់ជីវិតខ្លួនឯង។ អ្នកឃើញខ្លួនឯងជាអ្នកទទួលខុសត្រូវទាំងស្រុងលើ សុខភាព ហិរញ្ញវត្ថុ ទំនាក់ទំនង ផ្ទះសំបែង រថយន្ត និងគ្រប់ទិដ្ឋភាពនៃជីវិតអ្នក។
អាថ៌កំបាំងទី២ដើម្បីក្លាយជាសេដ្ឋីៈ កំណត់ទិសដៅច្បាស់លាស់
ដំណាក់កាលនេះ អ្នកយកក្តីស្រមៃរបស់អ្នកមកសរសេរឲ្យច្បាស់លាស់។ ចូរសរសេរគោលបំណងចំនួន១០ ដែលអ្នកចង់បានក្នុងរវាង ១២ ខែ ខាងមុខ ហើយជ្រើសរើសយក ១ ក្នុងចំណោមនោះដែលអ្នកយល់ថាមានឥទ្ធិពលបំផុតលើជីវិតអ្នក។ ចូរកំណត់កាលបរិច្ឆេទច្បាស់លាស់ថាអ្នកចង់សម្រេចបានពេលណា ចូរមានផែនការ ហើយធ្វើសកម្មភាពរៀងរាល់ថ្ងៃ។
ពីពេលនេះតទៅចូរគិតនិងនិយាយតែអំពីគោលបំណងរបស់អ្នក។ ចូរចងចាំថា "អ្វីដែលអ្នកគិតញឹកញាប់បំផុត នឹងធ្វើឲ្យអ្នកក្លាយទៅជាយ៉ាងនោះ" ។
អាថ៌កំបាំងទី១ដើម្បីក្លាយជាសេដ្ឋីៈ មានក្តីប្រាថ្នាខ្ពស់
អាថ៌កំបាំងទី១ដើម្បីក្លាយជាមហាសេដ្ឋីគឺ ត្រូវមានក្តីប្រាថ្នាខ្ពស់។ ជនមហិមាទាំងឡាយតែងចាប់ផ្តើមដោយការស្រមៃទៅដល់អ្វីដែលអស្ចារ្យ ខុសប្លែកពីអ្វីដែលខ្លួនមានបច្ចុប្បន្ន។ ចូរអនុវត្តការគិត "ត្រឡប់ពីអនាគតមកវិញ"។ នេះជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពដែលឥទ្ធិពលក្រៃលែងដល់ទឹក ចិត្តនិងទង្វើរបស់អ្នក។ ចូរស្រមៃមើលពីជីវិតរបស់អ្នកនៅប្រាំឆ្នាំខាងមុខដែលជាជីវិតដ៏ ល្អឥតខ្ជោះមួយដែលអ្នកប្រាថ្នា។ តើជិវិតអ្នកហ៊ឺហាយ៉ាងណា? តើពេលនោះអ្នកកំពុងធ្វើអ្វី? អ្នកធ្វើការនៅកន្លែងណា? អ្នករកចំណូលបានប៉ុន្មាន? អ្នកមានប្រាក់ប៉ុន្មានក្នុងធនាគារ? ចូរបង្កើតទស្សនវិស័យដ៏ច្បាស់លាស់មួយក្នុងជីវិត។ ធ្វើបែបនេះអាចជួយឲ្យអ្នកមានជំនឿចិត្ត និងពេញចិត្តចំពោះខ្លួនឯងខ្លាំងឡើង។
នេះជាអាថ៌កំបាំងទី១ដើម្បីក្លាយជាសេដ្ឋី។
វិធីសាស្រ្តធ្វើឲ្យគេស្រឡាញ់ចូលចិត្ត
១. យកចិត្តទុកដាក់ដោយស្មោះចំពោះអ្នកដទៃៈ ចង់ឲអ្នកដទៃស្រឡាញ់យើង យើងត្រូវធ្វើអ្វីដើម្បីពួកគេមុន។ លោក Walters ធ្វើការនៅធនាគារមួយ ត្រូវបានថ្នាក់លើបានចាត់ឲទៅពិនិត្យដោយសម្ងាត់មើលហាងមួយនោះ គួរឲ្យធនាគារទុកចិត្តដែរឬទេ។ លោកបានទៅសួរសុខទុក្ខ នាយកក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់មួយផ្សេងទៀត ដើម្បីឲលោកជួយផ្តល់ឯកសារខ្លះអំពីហាងមួយនោះ។ នាយកក្រុមហ៊ុន ឆ្លើយតបដោយវិធីមួយមិនច្បាស់ បែបញញើតញញើមហាក់ដូចជាមិនចង់ឲ្យជាប់វាក់វិន។ ការជួបគ្នានេះទៅជាឥតប្រយោជន៍។
លោក Walters អស់សង្ឃឹមមិនដឹងធ្វើយ៉ាងណា។ ស្រាប់តែលោកបានឮលេខាម្នាក់និយាយថា ថ្ងៃនេះគាត់រកមិនបានកុកថ្មីមួយក្បាលសោះ។ ការពិតនាយកក្រុមហ៊ុននេះ កំពុងស្រាវជ្រាវរក"កុក" ឲកូនប្រុសរបស់គាត់អាយុ១២ឆ្នាំ។ ថ្ងៃក្រោយមកពេល លោក Walters បានត្រឡប់មកជួបលោកនាយកក្រុមហ៊ុនម្តងទៀត សរសេរលើក្រដាសតូចមួយថា មាន"កុក" ចម្លែកផ្ញើជូនកូនលោក ហើយប្រើឲគេយកមក...។ លើកនេះត្រូវបានទទួលយ៉ាងរាក់ទាក់បំផុត នាយកក្រុមហ៊ុនចាប់ដៃលោកដូចជាបេក្ខជនតំណាងរាស្រ្ត ចាប់ដៃជាមួយអ្នកបោះឆ្នោតអញ្ចឹង។ នាយកក្រុមហ៊ុន មុខស្រស់ដូចផ្កា បើកមើល"កុក" ចុះឡើងញឹកញាប់ ហើយថែមទាំងរំលឹកដល់កូនគាត់ថា "អា George កូនខ្ញុំច្បាស់ជាងប់ងល់នឹងសត្វកុកនេះជាពុំខាន!"។
លោក Walters រៀបរាប់ឡើងវិញថា "ក្នុងរយៈពេលកន្លះម៉ោង យើងនិយាយតែពីរឿងកុក ហើយសំឡឹងមើល ផ្ទាំងរូបថត George។ ហើយមិនចាំឲខ្ញុំសួរ នាយកក្រុមហ៊ុននោះ ចំណាយពេលមួយម៉ោងទៀត ឲខ្ញុំដឹងពីឯកសារទាំងអស់ដែលខ្ញុំចង់បាន។ គ្មានប្រការអ្វីដែលគាត់ដឹងហើយមិនប្រាប់ខ្ញុំទេ ហើយថែមទាំងហៅជំនួយការមកសួរថែមទៀត..."។
២. ញញឹមៈ ពេលញញឹមជាមួយនរណាម្នាក់ ប្រៀបបីដូចជានិយាយជាមួយអ្នកនោះថា "ខ្ញុំស្រឡាញ់អ្នក... បានជួបអ្នកខ្ញុំសប្បាយចិត្តណាស់..."។ ស្នាមញញឹមដែលផុសចេញពីចិត្តស្មោះ ធ្វើឲធូរស្បើយអាំរម្មណ៍។ ញញឹមជាការងារមួយមិនបាច់ចុះទុនតែចំណេញច្រើនបំផុត។ ស្នាមញញឹមបង្កើតឲមានសុភមង្គល។ បើអ្នកចង់ឲគេស្រឡាញ់រាប់អានសូមចាំគោលការណ៍នេះទុក "រក្សាស្នាមញញឹមជាប់បបូរមាត់ជានិច្ច..."។ លទ្ធផលនៃការញញឹមៈ លោក Steinhardt សរសេរក្នុងសំបុត្ររបស់គាត់ថា "ខ្ញុំបានរៀបការ១៨ឆ្នាំហើយ ហើយក្នុងរយៈកាលនោះ ខ្ញុំកម្រញញឹមសើចជាមួយប្រពន្ធខ្ញុំណាស់។ តាំងពីព្រឹមក្រោកពីដំណេករហូតដល់ធ្វើការ ខ្ញុំនិយាយជាមួយប្រពន្ធខ្ញុំមិនលើសពី១២ម៉ាត់ទេ។ ខ្ញុំជាមនុស្សដែលក្រម៉ែក្រម៉ូវពិបាកទ្រាំបំផុត។ ក្រោយមកខ្ញុំស្តាប់តាមដំបូន្មានដោយប្រែក្លាយខ្លួនជាមនុស្សញញឹម ខ្ញុំសើចពេញមួយសប្តាហ៍ ។ នៅពេលព្រលឹមលុបលាងមុខ ខ្ញុំមើលក្នុងកញ្ចក់ហើយក្រើនរំលឹកខ្លួនឯងថា ត្រូវបោះបង់ទឹកមុខក្រញ៉ូវដូចខ្មោចចេញ ហើយប្តេជ្ញាចិត្តញញឹមជានិច្ច។ ក្នុងពេលស្រស់ស្រូបអាហារពេលព្រឹកខ្ញុំរួសរាយគោរពប្រពន្ធខ្ញុំ។ ប្រពន្ធខ្ញុំងឿងណាស់។ ខ្ញុំរក្សាដូច្នេះរយៈពេល២ខែ ហើយរកឃើញសុភមង្គលក្នុងគ្រួសារដ៏ច្រើន គឺច្រើនជាងរយៈកាលមួយឆ្នាំកន្លងទៅទៀត។"
៣. ចងចាំនិងនិយាយឈ្មោះរបស់គេៈ លោក Jim Farely អាចហៅឈ្មោះបាន ៥ម៉ឺននាក់។ ដោយស្មារតីចងចាំដ៏អស្ចារ្យនេះ លោកបានជួយឃោសនា ឲ្យលោក Franklin D.Roosevelt ជាប់ឆ្នោតឡើងធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក។ វិធីលោកសាមញ្ញណាស់។ រាល់លើកពេលលោករាប់អានជាមួយនរណាម្នាក់ លោកសួរឈ្មោះនិងត្រកូលអ្នកនោះ និងវិធីសរសេរឲ្យត្រឹមត្រូវ។ លោករិះរកវិធីយល់ដឹងនិងចំណាំឲ្យបានច្បាស់ពីគ្រួសារ មុខរបរ និងនិន្នាការនយោបាយរបស់អ្នកនោះ កត់ត្រាទុកហើយលើកក្រោយជួបគ្នាវិញ ទោះបីអស់កាលមួយឆ្នាំក៏ដោយ ក៏លោកអាចទះស្មាអ្នកនោះ ហើយសួរសុខទុក្ខពីប្រពន្ធកូនរហូតដល់ដើមឈើមួយចំនួនក្នុងចំការ អ្នកនោះទៀត...!។ អញ្ចឹងហើយ ទើបទៅដល់ទីណាក៏លោកមានមិត្តស្និទ្ធស្នាល អត់មានអ្វីប្លែកនោះទេ។
គេសម្គាល់ឃើញថា លោកមានសៀវភៅមួយកត់ត្រាឈ្មោះអ្នកទាំងនោះរាប់ពាន់អ្នក។ ហើយអ្នកម្ចាស់សន្លឹកឆ្នោតម្នាក់ៗសុទ្ធតែងឿងឆ្ងល់ដោយទទួលបាន សំបុត្រមួយច្បាប់ពីលោកចារថា "មិត្ត Bill ជាទីស្នេហា" "មិត្ត Joe ជាទីស្នេហា" ... ហើយចុះហត្ថលេខា "Jim"។ លោក Jim យល់ថាមនុស្សទូទៅសុទ្ធតែឃើញថាឈ្មោះខ្លួនទន់ភ្លន់ជាងឈ្មោះអ្នក ឯទៀត។ ចាំឈ្មោះអ្នកនោះហើយទម្លាប់អានឲ្យងាយស្រួលនិងទន់ភ្លន់ (ឈ្មោះអ្នកខ្លះពិបាកអាន ពិបាកសរសេរ) ធ្វើបែបនេះគឺសរសើរអ្នកនោះដោយអាថ៌កំបាំង និងដោយវិធីប៉ិនប្រសប់។ មនុស្សយើងចាត់ទុកឈ្មោះនិងត្រកូលរបស់ខ្លួនជាសំខាន់ណាស់ ម៉្លោះហើយ គេខិតខំរិះរកគ្រប់វិធីដើម្បីស្នងបន្តវាឲ្យជំនាន់ក្រោយនិង ឆ្ងាយទៅទៀត...។ "ត្រូវចាំទុកថា ឈ្មោះមនុស្សម្នាក់ៗ ជាសំឡេងមួយយ៉ាងសំខាន់ និងស្រួលស្តាប់ជាងសំឡេងឯទៀត"។
៤. យកចិត្តទុកដាក់ស្តាប់គេនិយាយៈ យកចិត្តទុកដាក់ស្តាប់ មនុស្សម្នាក់និយាយ មិនខុសប្លែកអ្វីពីការលើកសរសើរគេដោយស្មោះឡើយ។ អ្នកអក្សរសាស្រ្តម្នាក់និយាយថា"ជក់ចិត្តស្តាប់សំដីរបស់មនុស្ស ម្នាក់ គឺគោរពលើកតម្កើងគេ ហើយកម្រមានមនុស្សណាមិនរំភើបចំពោះមុខការគោរពលើកតម្កើងនោះ ណាស់"។ សូមមិត្តទាំងឡាយស្តាប់រឿងដែលលោក J.C Wooton (សិស្សម្នាក់របស់ Dale Carnegie) និយាយៈ គាត់ទិញសម្លៀកបំពាក់មួយសម្រាប់នៅផ្សារទំនើបមួយ។ មកផ្ទះស្លៀកពាក់មិនបានប៉ុន្មានដង លោកធុញថប់យ៉ាងខ្លាំងពីព្រោះឃើញអាវចេញពណ៌ ហើយធ្វើឲ្យកអាវសឺមីឡើងខ្មៅ។ លោកយកសម្លៀកបំពាក់មួយសម្រាប់នេះ ត្រឡប់មកហាងត្អូញត្អែរដាក់បុគ្គលិកលក់ខោអាវឲ្យគាត់។ គាត់មកមិនត្រឹមតែចង់ត្អូញត្អែរប៉ុណ្ណោះទេ ប៉ុន្តែចង់ពន្យល់ឲ្យអ្នកលក់ទំនិញស្តាប់។ អ្នកលក់នោះមិនទាន់ទាំងស្តាប់គាត់ចប់ស្រួលបួលផងក៏កាត់ សំដីគាត់ថា "យើងខ្ញុំបានលក់របស់ប្រភេទនេះរាប់ពាន់សម្រាប់ ប៉ុន្តែមិនដែលមាននរណារអ៊ូរទាំអ្វីទាំងអស់..."។ សំដីបែបនេះ បូករួមទាំងសំឡេងនោះ ក៏កាន់តែអាក្រក់ទៅទៀត... គឺដូចជាចង់ប្រាប់ថា "លោកនិយាយកុហក លោកអើយ! ខ្ញុំដឹងដល់ជម្រៅចិត្តលោកហើយ!..."។ ស្តាប់ឮការឈ្លោះប្រកែកគ្នា អ្នកលក់ម្នាក់ទៀតរត់ចូលមក ហើយនិយាយថា "ខោអាវពណ៌ខ្មៅទាំងអស់នៅពេលដំបូងក៏ចេញពណ៌បន្តិចដូច្នេះ មិនអាចជៀសផុតទេ ជាពិសេសគឺសម្លៀកបំពាក់មួយចំនួនដែលមានតម្លៃប៉ុណ្ណឹង... មកពីថ្នាំជ្រលក់ដូច្នេះ"។ លោក Wooton ខឹងឆួលឡើង។ អ្នកលក់ទី១ មានគំនិតថា គាត់ភូតកុហក អ្នកទី២ចង់ពេបជ្រាយថាគាត់ទិញរបស់អន់តម្លៃថោក... គាត់ខឹងស្ទើរតែគ្រវែងរបស់លើក្បាលពួកគេនោះ។ ចៃដន្យម្ចាស់ហាងមកដល់ ជននោះពិតជាប៉ិនប្រសប់ក្នុងមុខរបរ ធ្វើឲ្យអតិថិជនម្នាក់ដែលកំពុងខឹងខ្លាំងបែរជាសប្បាយចិត្ត។
តើគាត់ធ្វើយ៉ាងណា...?
មុនដំបូងៈ គាត់ស្តាប់រឿងរ៉ាវ លោក Wooton ពីដើមដល់ចប់មិនស្រដីមួយម៉ាត់។
ក្រោយមកពេលលោកឈប់និយាយ ម្ចាស់ហាងស្តាប់ហេតុផលរបស់អ្នកលក់ទំនិញទាំងពីរ។ ម្ចាស់ហាងបដិសេធ ហេតុផលអ្នកលក់ទំនិញទាំងពីរនាក់នោះ ហើយមិនត្រឹមតែទទួលស្គាល់ថា ការពិតអាវក្រៅមានចេញពណ៌ធ្វើឲ្យប្រឡាក់អាវសឺមីប៉ុណ្ណោះទេ ថែមទាំងរំលឹកឡើងវិញទៀតថា គ្រប់មុខទំនិញដែលលក់នៅហាងនោះ ត្រូវធ្វើឲ្យអតិថិជនត្រឡប់ទៅផ្ទះពេញចិត្តទាំងស្រុង។
ចុងបញ្ចប់ គាត់ទទួលស្គាល់ថា មិនដឹងមកពីហេតុអ្វីទេ បានជាចេញពណ៌ដូច្នេះ ហើយគាត់ប្រាប់ត្រង់ៗថា "សូមលោក (Wooton) ប្រាប់មកថាឲ្យខ្ញុំធ្វើយ៉ាងណា ហើយខ្ញុំនឹងប្រតិបត្តិតាមបញ្ជាលោក"។
កំហឹងរបស់លោក Wooton ហាក់រសាយអស់ លោកឆ្លើយតបនឹងម្ចាស់ហាងថា "ខ្ញុំគ្រាន់តែចង់មកសួរយោបល់លោកប៉ុណ្ណោះ។ ខ្ញុំចង់ដឹងថាថ្ងៃក្រោយវានៅចេញពណ៌ទៀតទេ ហើយធ្វើយ៉ាងណាឲ្យវាលែងចេញពណ៌...?"។
ម្ចាស់ហាងឲ្យលោក Wooton យកទៅផ្ទះសាកល្បងស្លៀកពាក់មួយសប្តាហ៍ទៀត។ បើសិនជាដល់ពេលនោះនៅតែមិនពេញចិត្តទៀត សូមយកមកដូរវិញ។ ហើយគាត់សោកស្តាយ ចំពោះហេតុការណ៍នេះណាស់។
លោក Wooton ត្រឡប់មកវិញ សប្បាយរីករាយ។ មួយសប្តាហ៍ក្រោយអាវនោះ ពិតជាលែងចេញពណ៌មែន ហើយតាំងពីពេលនោះមកលោកទុកចិត្តផ្សារទំនើបនោះទាំងស្រុង។
គួរចងចាំថា អ្នកនិយាយជាមួយយើងយកចិត្តទុកដាក់ដល់បញ្ហារបស់ពួកគេ១០០ដង ប៉ុន្តែគ្រាន់តែយកចិត្តទុកដាក់ដល់បញ្ហារបស់យើង១ដងតែប៉ុណ្ណោះ។ ដូច្នេះបើចង់ឲ្យគេស្រឡាញ់ត្រូវប្រតិបត្តិតាមគោលការណ៍នេះ ចេះយកចិត្តទុកដាក់ស្តាប់ និងលើកទឹកចិត្តអ្នកដែលនិយាយអំពីខ្លួនរបស់ពួកគេ។
Lincoln មិនបានត្រូវការមនុស្សណាម្នាក់ជួយដាស់តឿនទេ លោកគ្រាន់តែចង់ឲ្យមានមិត្តស្និទ្ធស្នាលម្នាក់ស្តាប់លោកនិយាយ ហើយយល់ចិត្តលោក បានបញ្ចេញនូវមនោសញ្ចេតនា អាថ៌កំបាំងរបស់លោកតែប៉ុណ្ណោះ។ យើងទាំងអស់គ្នាមិនមែនដូច្នេះឬ? ហើយអតិថិជនដែលខឹងមួម៉ៅ អ្នកធ្វើការមិនសប្បាយចិត្ត មិត្តភក្តិអាក់អន់ចិត្តគ្នា... សុទ្ធតែចង់រកមនុស្សម្នាក់ជិតស្និទ្ធដើម្បីត្អូញត្អែរប្រាប់តែ ប៉ុណ្ណោះ។
៥. និយាយជាមួយពួកគេនូវរឿងដែលពួកគេចូលចិត្តៈ អ្នកណា ម្នាក់ បើបានជួបលោកប្រធានាធិបតី Théodore Roosevelt សុទ្ធតែងឿងឆ្ងល់ពីការដឹងច្រើននិងការយល់ទូលាយរបស់លោក។ លោកដឹងពីវិធីសួរនាំមនុស្សគ្រប់ប្រភេទៈ គង្វាលគោ អ្នកជិះសេះ អ្នកនយោបាយ ឬអ្នកការទូត។ រូបមន្តសាមញ្ញរបស់លោកគឺ នៅពេលដែលត្រូវទទួលភ្ញៀវម្នាក់នោះ គឺមួយយប់មុន លោកបានសិក្សាស្រាវជ្រាវរឿងដែលភ្ញៀវម្នាក់នោះចូលចិត្តនិយាយ ដល់អ្វីជាងគេ ដើម្បីបានបំពេញបំណងគេ។ ក៏ដូចជាអ្នកដឹកនាំមហាជនទូទៅដែរ លោកដឹងថា វិធីស័ក្តិសិទ្ធបំផុត ដើម្បីយកចិត្តគេគឺពិភាក្សាដល់បញ្ហាដែលអ្នកនោះ "តែងតែរក្សាទុកក្នុងចិត្ត"។
ខ្ញុំសូមណែនាំ លោកអ្នក មកពិនិត្យមើលករណីរបស់លោក Henry G. Duvernoy ជាអ្នកផលិតនំប៉័ងដ៏ធំម្នាក់នៅ New York។ អស់រយៈពេល៤ឆ្នាំមកហើយ លោករិះរកវិធីលក់នំប៉័ងឲ្យសណ្ឋាគារមួយនៅ New York ។ មួយសប្តាហ៍ម្តងលោកតែងទៅសួរសុខទុក្ខម្ចាស់សណ្ឋាគារ ដើម្បីបញ្ចុះបញ្ចូល។ តែមិនទទួលបានផលអ្វីសោះ។ ក្រោយមក លោកព្យាយាមស្រាវជ្រាវដឹងថាម្ចាស់សណ្ឋាគារនោះជាប្រធានសហព័ន្ធ ទេសចរណ៍សណ្ឋាគារ ហើយគាត់ចាត់ទុកកិច្ចការសហព័ន្ធនេះដូចជាជិវិតរបស់គាត់។
ពេលជួបម្ចាស់សណ្ឋាគារលើកក្រោយ លោក Duvernoy និយាយភ្លាមដល់រឿងសហព័ន្ធ។ ហើយមិត្តទាំងឡាយអើយ!... ល្អូកល្អឺនដល់កម្រិតណាទៅ!... ម្ចាស់សណ្ឋាគារនិយាយដោយស្រស់បស់អស់កាលកន្លះម៉ោង ស្តីពីអង្គការចាត់តាំងទាំងនោះ។ មុនពេលបែកគ្នាគាត់ឲ្យបណ្ណសមាជិកមួយសន្លឹកទៅលោក Duvernoy។ លោកមិនបាននិយាយដល់ការលក់នំរបស់លោកទេ។ ប៉ុន្មានថ្ងៃក្រោយមក អ្នកគ្រប់គ្រងសណ្ឋាគារទូរស័ព្ទមកលោក ឲ្យយកគម្រូនំប៉័ងមកដើម្បីគិតគូរតម្លៃ។ អ្នកគ្រប់គ្រងរូបនោះនិយាយថា "មិនដឹងលោកបានធ្វើអ្វី ទើបម្ចាស់ខ្ញុំចូលចិត្តលោករហូតដល់អង្គុយនៅត្រង់ណាក៏និយាយតែ អំពីលោកប៉ុណ្ណោះ"។
៦. ជានិច្ចកាលត្រូវធ្វើឲ្យគេយល់ឃើញពីប្រការសំខាន់របស់ខ្លួនគេផ្ទាល់ៈ លោកសាស្រ្តាចារ្យ John Dewey បានចាត់ទុកថា "ចិត្តចង់ឲ្យអ្នកដទៃចាត់ទុកខ្លួនថ្លៃថ្នូរជាបំណងប្រាថ្នាធំ បំផុតរបស់មនុស្សលោក គឺបំណងប្រាថ្នានេះហើយដែលបង្ហាញឲ្យឃើញថាមនុស្សខុសប្លែកពីសត្វ "។ អស់រាប់សិបសតវត្សរ៍មកហើយ ទស្សនវិទូនិងសាសនាទាំងឡាយតែងអប់រំថា "ចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ត្រូវប្រព្រឹត្តចំពោះគេដូច្នេះ។ ចង់ទទួលពីគេនូវវត្ថុអ្វី ត្រូវឲ្យគេនូវវត្ថុនោះ"។ សូមចងចាំពាក្យរបស់លោក Emerson ថា"បុគ្គលម្នាក់ៗ សុទ្ធតែមានចំនុចគ្រាន់បើជាងខ្ញុំ ម៉្លោះហើយនៅជិតពួកគេ ខ្ញុំរៀនសូត្រពីគេបាន"។
អ្នកស្រី Dorothy Dix អ្នកល្បីឈ្មោះដែលជំនាញពីរឿងរ៉ាវប្រចាំថ្ងៃបាននិយាយថា "បើមិនទាន់បានរៀនពីសិល្បៈពាក្យសរសើរទេ សូមលោកប្រុសកុំអាលមានគ្រួសារធ្វើអ្វី។ មុនពេលរៀបការជាមួយអ្នកស្រី លោកប្រុសបានធ្វើឲ្យអ្នកស្រីសប្បាយចិត្ត នេះជាសុជីវធម៌មួយបែប។ ក្រោយពីរៀបការហើយជាការចាំបាច់ ដើម្បីធានារ៉ាប់រងដល់សុភមង្គលក្នុងគ្រួសារ មិនត្រឹមតែស្មោះត្រង់ប៉ុណ្ណោះទេ ថែមទាំងត្រូវមានការប៉ិនប្រសប់ទំនាក់ទំនងលួងលោមផ្អែមល្ហែម និងសរសើរបង្កប់ក្នុងនោះទៀតផង ទើបពេញលក្ខណៈ។
មានគ្រាមួយនោះ លោកស្រីសម្ភាសន៍ជាមួយបុរសម្នាក់ដែលល្បី ថាមានប្រពន្ធច្រើន គាត់គ្របដណ្តប់លើបេះដូងនិងដណ្តើមទ្រព្យសម្បត្តិពាក់កណ្តាលរបស់ ស្ត្រី២៣នាក់។ នៅពេលអ្នកស្រីសួរគាត់ថា ធ្វើដូចម្តេចទើបល្បួងលួងលោមស្រ្តីបានច្រើនដូច្នេះ? គាត់ឆ្លើយតប "អ្នកណាដែលធ្វើមិនបាន... នោះគឺការចេះសរសើរពួកគេឲ្យពួកគេស្តាប់ទៅណា៎..."។
ប្រការនេះ ប្រើចំពោះបុរសក៏មានលទ្ធផលគាប់ចិត្តដែរ។ Disraeli អ្នកនយោបាយម្នាក់ដ៏ឆ្លាតវៃដែលបានក្តាប់វាសនារបស់ចក្រភព អង់គ្លេសទាំងមូល មានពេលមួយនោះ លោកពោលថា "ជួបមនុស្សម្នាក់ ចេះតែនិយាយជាមួយគាត់អំពីរឿងរ៉ាវរបស់គាត់ទៅ នោះគាត់នឹងស្តាប់អ្នករាប់ម៉ោង។
ទស្សនៈបុរសនិងស្រ្តីអំពីស្នេហា
- ចំពោះបុរស ចំណងស្នេហាទឹកដី ធំជាងចំណងស្នេហាប្តីប្រពន្ធ
- ចំណងស្នេហាប្តីប្រពន្ធ ធំជាងចំណងស្នេហាឪពុកម្តាយ។
- ចំពោះស្រ្តី ចំណងស្នេហាឪពុកម្តាយ ធំជាងចំណងស្នេហាប្តីប្រពន្ធ
- ចំណងស្នេហាប្តីប្រពន្ធ ធំជាងចំណងស្នេហាទឹកដី។
ដូចនេះទាំងបុរសទាំងស្រ្តី សុទ្ធតែឲតម្លៃស្នេហាប្តីប្រពន្ធ គឺទីពីរទាំងអស់។ ហេតុនេះហើយបានជាពួកគេចូលចិត្តលែងលះគ្នាណាស់។ H.L Mencken
ឥរិយាបទ ៤ បែបបង្ហាញការមិនពេញចិត្តចំពោះការងារ
តើអ្នកឲ្យនិយមន័យនៃភាពជោគជ័យយ៉ាងដូចម្តេច?
ការសម្រេច ឬទទួលបាននូវអ្វីដែលយើងបានគ្រោងទុក ចង់បាន ឬព្យាយាម ធ្វើឲ្យបាន ប្រហែលជា និយមន័យដ៏សមញ្ញមួយនៃភាពជោគជ័យ។ បើមើលតាមន័យពាក្យ ក្នុងភាសា ខ្មែរយើង ពាក្យ “ជោគជ័យ” ផ្សំឡើងដោយពាក្យ “ជោគ” ដែលមានន័យថា “សំណាង” និង “ជ័យ” មានន័យថា “ឈ្នះ ឬសម្រេចបាន” ដែលយើងអាចបកស្រាយ មួយបែបទៀតថា “ភាពជោគជ័យ ជាភាព អំណោយ ផលឬ ឱកាសសម្រាប់ឲ្យយើងធ្វើអ្វីមួយ ហើយយើងអាចសម្រេចកិច្ចការនោះបាន”។
តើភាពជោគជ័យមានលក្ខណៈពិសេសអ្វីខ្លះ?
ភាពជោគជ័យ សម្រាប់បុគ្គលម្នាក់ៗមិនដូចគ្នាឡើយ
បុគ្គលម្នាក់ៗ វាស់វែងភាពជោគជ័យដោយរង្វាស់ផ្សេងៗពីគ្នា។ ខ្លះអះអាងថា ជាការទទួល បាន នូវទ្រព្យសម្បត្តិលុយកាក់ ខ្លះថាទទួលបានគ្រួសារមួយមានភាពរីករាយនិងស្មោះត្រង់ ចំពោះគ្នា ខ្លះ ថាជាការទទួលបាននូវ កិត្តិយស កេរ្តិ៍ឈ្មោះល្បីល្បាញ ខ្លះ ថា ទទួលបាននូវ ចំណេះ វិជ្ជា ខ្ពង់ខ្ពស់ ខ្លះថាទទួលបាននូវសេចក្តីស្ងប់ខាងផ្លូវចិត្ត ឯខ្លះទៀតថា ជាការបាន ជួយ អ្នកដទៃ។ល។ ហេតុនេះ យើងត្រូវបើកគំនិតឲ្យទូលាយ ហើយមើលពិភព លោកពីចំណែក ផ្សេងៗ គ្នា។ មិនមែន មានន័យថា អ្នកដែលមិនសូវសម្បូរទ្រព្យធន ជាអ្នក ដែលគ្មានភាពជោគជ័យឡើយ ហើយក៏មិន មែន តែសេដ្ឋីទេដែលជាអ្នកជោគជ័យ។ ប្រការដែលយើងត្រូវយល់នោះគឺថា ពួកគាត់មានរង្វាស់ ដោយឡែកៗពីគ្នា។
ភាពជោគជ័យមួយ ជាការចាប់ផ្តើមនៃភាពជោគជ័យមួយផ្សេងទៀត
ក្នុងមួយជីវិតរបស់មនុស្សម្នាក់ៗ មិនមែនមានតែភាពជោគជ័យមួយឡើយ។ លោក ប៊ីល ហ្គេត បានក្លាយជា មហាសេដ្ឋីពិភពលោក ជាការណ៍ដែលមនុស្សរាប់លាននាក់នៅលើពិភពលោក ចាត់ ទុកថា ជាមហាជោគជ័យ ប៉ុន្តែគាត់មិនដែលឈប់ត្រឹមនោះឡើយ។ អ្នកខ្លះ ចាត់ទុកគាត់ជាមនុស្ស លោភលន់ ប៉ុន្តែបើយើងមើលក្នុងន័យពីជ្រុងមួយទៀត យើងឃើញថា គោលដៅដែលគាត់សម្រេច បានមួយ ជាដំណាក់កាលចាប់ផ្តើមនៃគោលដៅមួយទៀត។ អ្នកវិទ្យាសាស្រ្តទទួលបានភាព ជោគ ជ័យ ពីការស្វែងរកថ្នាំព្យាបាល ជំងឺមួយ ប៉ុន្តែបើពួកគាត់ឈប់ស្រាវជ្រាវបន្ត នោះនឹងមានអ្នក ជម្ងឺ ច្រើនផ្សេងទៀតស្លាប់ដោយសារជម្ងឺដូចគ្នាបាននៅពេលអនាគត ដោយសារពពួកភ្នាក់ងារបង្ករោគអាចបង្កើតភាពស៊ាំនិងថ្នាំចាស់ ដែលគេប្រើប្រាស់ក្នុងរយៈពេលយូរ។ និយាយឲ្យខ្លី ភាពជោគជ័យ ជាការខិតខំបន្តបន្ទាប់លើគោលដៅសម្រេចបានចាស់។
តើអ្នកត្រូវមានអ្វីខ្លះដើម្បីឈានទៅរកភាពជោគជ័យ
ឆន្ទៈ និង ចំណង់
ដើម្បីធ្វើអ្វីមួយឲ្យបានសម្រេច រាល់បុគ្គលចាំបាច់ត្រូវមានឆន្ទៈ និងចំណង់ក្នុង ការធ្វើកិច្ចការ នោះ។ លោក Bill Cosby បានលើកជាសុភាសិតមួយថា “ដើម្បីទទួលបានជោគជ័យ អ្នកត្រូវតែ មានចំណង់ ចង់ បានភាពជោគជ័យ ច្រើនជាងភាពភ័យខ្លាចចំពោះភាពបរាជ័យ”។ ឆន្ទៈ និង ចំណង់ ជាកម្លាំងជម្រុញឲ្យយើងធ្វើកិច្ចការណាមួយអស់ពីចិត្តពីថ្លើម។
ជំនឿចិត្ត
ក្រៅពីចំណង់ និងឆន្ទៈ បុគ្គលជោគជ័យក៏ត្រូវមានជំនឿចិត្តលើខ្លួនឯងផងដែរ។ មានជំនឿចិត្ត លើ គំនិត និងសមត្ថភាពទើបអាចធ្វើឲ្យយើង ជំនះភាពភ័យព្រួយចំពោះបរាជ័យបាន។ លោក ប៊ីល ហ្គេត បានពោលមួយឃ្លាថា “ជ័យជំនះ ជាគ្រូដ៏អាក្រក់មួយ។ វាប្រលោមចិត្ត អ្នកវាងវៃឲ្យគិតថា ពួកគេមិនអាចចាញ់។” ។ ជំនឿចិត្ត វាជាគ្រឹះនៃដំណើរទៅរកភាព ជោគជ័យ។
ភាពឧស្សាហ៍ព្យាយាម
កម្រមានកិច្ចការដែលអាចសម្រេចបានដោយការព្យាយាមតែម្តងឡើយ។កិច្ចការខ្លះអាច សម្រេច ក្រោយពីបរាជ័យច្រើនលើកច្រើនសារ។ បើយើងជួបភាពបរាជ័យហើយបោះបង់ នោះ ប្រហែល គ្មានភាពជោគជ័យនឹងកើតមានឡើងឡើយ។ ការមិនបោះបង់ចោល និង ធ្វើការឲ្យអស់ពីកម្លាំង កាយចិត្ត ជាកូនសោរដ៏សំខាន់មួយ ក្នុងការសម្រេចការងារ។ យើង អាចមើលឧទាហរណ៍ ពីក្នុង ប្រវត្តិសាស្រ្តរបស់យើង។ ប្រាសាទអង្គរវត្ត អាចមានភាពល្បី ល្បាញ កើតចេញពីស្នាព្រហស្ថ វីរៈក្សត្រជាច្រើនអង្គ និងភាពឧស្សាហ៍ព្យាយាមនៃ បណ្តា ជាងសំណង់ឆ្លងកាត់កន្លះ សតវត្សរ៍ ឯណោះ។ យើងត្រូវរៀនពីភាពបរាជ័យ ដើម្បីបង្កើត នូវភាពជោគជ័យ។
កុំឲ្យភាពជោគជ័យស្វែងរកអ្នក
បុគ្គលជោគជ័យ ប៉ិនប្រសប់ក្នុងការស្វែងរក កំណត់ និងចាប់យកឱកាស។ មិនមែនភាព ជោគជ័យ មួយ ដើរមករកពួកគេឡើយ។ ស្ថាបនិក Google លោក ឡារី ភេជ យល់ច្បាស់ ពីតម្រូវការមួយ នៃ ការស្វែងរកព័ត៌មាននៅលើអ៊ីនធើណិត គាត់ស្ថាបនាក្រុមហ៊ុនមួយ បានដោយជោគជ័យ។ ហេតុ នេះ ចូររៀន ចូរគិត ចូរសង្កេត ចូរពិនិត្យ រាល់អ្វីៗដែលនៅ ជុំវិញខ្លួន ហើយផ្តួចផ្តើមឲ្យកើតជា សកម្មភាពឡើង។
ចំណេះវិជ្ជា
ខ្ញុំបញ្ចូលចំណុចនេះ ដោយសារយើងសព្វថ្ងៃរស់នៅក្នុងសម័យបច្ចេកវិទ្យា។ ការចេះស្រាវ ជ្រាវ ត្រិះរិះ វិភាគ និងបង្កើតជាសម្មតិកម្ម ជារង្វាស់ ជាខ្នាត ជាត្រីវិស័យ មានសារៈសំខាន់ ជាទីបំផុត។ ដូចនេះ ដើម្បីឈានទៅរកភាពជ័យបាន យើងគប្បីពង្រឹងពង្រីកចំណេះដឹង ចំណេះធ្វើ និងរក្សាការរៀនសូត្រពេញមួយជីវិតតែម្តង។
សំណួរទាំង ៣ ឈានទៅកាន់ភាពជោគជ័យ
អ្វីដែលបានរៀបរាប់ពីខាងលើ ជាសញ្ញាណ នៃភាពជោគជ័យ។ ជាបន្ត ខ្ញុំនឹងលើកយកមកបង្ហាញ សំណួរទាំង ៣ ដែលជាខ្លឹមសារសំខាន់នៃអត្ថបទនេះ។ ពួកវា ពុំមានលក្ខណៈ ស្មុគស្មាញឡើយ ផ្ទុយទៅវិញមានភាពសមញ្ញ និងងាយយល់។ ខ្ញុំគិតថាអ្នកនឹងអាចយកសំណួរទាំងនេះទៅ ប្រើ ប្រាស់ ក្នុងការ សិក្សា ការងារ និងការរស់នៅបាន។ សូមបញ្ជាក់ផងដែរថា នៅក្នុងន័យជំនួញ គ្រប់ គ្រង និង គ្រប់គ្រង យុទ្ធសាស្រ្ត ក៏មានការប្រើប្រាស់សំណួរទាំងបីនេះដែរ។ អ្នកប្រាកដជាឆ្ងល់ថា តើសំណួរទាំងបីជាអ្វី និង មានន័យយ៉ាងដូចម្តេច?
សំណួរទាំង បី គឺៈ តើអ្នកចង់ទៅទីណា? តើពេលបច្ចុប្បន្ន អ្នកនៅកន្លែងណា? តើអ្នកត្រូវ ឈានទៅរកគោលដៅដោយវិធីណា?
១. តើអ្នកចង់ទៅទីណា?
វាជាសំណួរស្វែងរកគោលដៅរបស់អ្នក។ អ្នកត្រូវកំណត់ទិសដៅ និង គោលបំណង ដែលអ្នក ប្រាថ្នា សម្រេចឲ្យបាននៅពេលអនាគត។ វាអាចជាទិសដៅ ១ឆ្នាំ ៣ឆ្នាំ ៥ឆ្នាំ ១០ឆ្នាំ ឬ ២០ឆ្នាំ ជាដើម។ វាក៏អាចជាផែនការ កំណត់ទៅតាមវ័យ ដូចជាអ្វីត្រូវសម្រេចមុនអាយុ ២៥ឆ្នាំ ៣០ឆ្នាំ ៤៥ឆ្នាំ ៦០ឆ្នាំ ឬក្រោយពេលចូលនិវត្តន៍ ផងដែរ។
ឧទាហរណ៍ ថាពេលនេះអ្នកកំពុងរៀននៅឆ្នាំដំបូងនៃមហាវិទ្យាល័យ។ គោលដៅ ៥ឆ្នាំ របស់ អ្នកគឺ រកការងារមួយឲ្យបានក្រោយពេលបញ្ចប់ការសិក្សា។ អ្នកអាចស្រមៃកន្លែង ដែលអ្នកនឹងទៅធ្វើការ មុខតំណែងដែលអ្នកនឹងកាន់ ប្រាក់ខែដែលអ្នកនឹងទទួលបាន។ល។ ឧបមាថា អ្នកឆ្លើយថា “ខ្ញុំចង់ ធ្វើការនៅធនាគារមួយ មុខតំណែងជាមន្ត្រីទំនាក់ទំនងអតិថិជន ប្រាក់ខែចន្លោះពី ២០០-៤០០ ដុល្លារ។”
ឥឡូវសន្មតថាគោលដៅរបស់អ្នកគឺ “៥ឆ្នាំក្រោយ ធ្វើការនៅធនាគារមួយ មុខតំណែងជាមន្ត្រីទំនាក់ទំនងអតិថិជន ប្រាក់ខែចន្លោះពី២០០-៤០០ដុល្លារ”។ បន្ទាប់មក អ្នកចូលទៅឆ្លើយសំណួរទីពីរ។
២. តើពេលបច្ចុប្បន្ន អ្នកនៅកន្លែងណា?
សំណួរទីពីរនេះ ជាសំណួរស្វែងយល់អំពីអ្វីដែលអ្នកមាន ឬគ្មាន ដូចជាធនធាន ចំណេះដឹង ជំនាញ បទពិសោធន៍ និង បុគ្គលិកលក្ខណៈ ជាដើម។ អាចនិយាយបានថា ជាការស្វែងយល់ អំពី ស្ថានភាព ឬ បញ្ហា របស់អ្នកនាពេលបច្ចុប្បន្ន។ សូមមើលឧទាហរណ៍តមក ពីសំណួរទី១ ខាងក្រោម៖
គោលដៅ៥ឆ្នាំៈ
- “ធ្វើការនៅធនាគារមួយ មុខតំណែងជាមន្ត្រីទំនាក់ទំនងអតិថិជន ប្រាក់ខែចន្លោះពី២០០-៤០០ដុល្លារ”
តើអ្នកនៅឯណានាពេលបច្ចុប្បន្ន? តើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឬនៅ? តើអ្នក ខ្វះខាត គុណសម្បត្តិអ្វីខ្លះ?
- “កំពុងសិក្សាឆ្នាំទី១ ត្រូវរៀន៤ឆ្នាំ។”
- “ពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ។ ក្រៅពីបរិញ្ញាបត្រ ត្រូវមាន ចំណេះដឹងភាសាអង់គ្លេស កុំព្យូទ័រ និង ទំនាក់ទំនង ។ល។ បើមានបទពិសោធន៍ការងារខ្លះកាន់តែប្រសើរ។”
៣. តើអ្នកត្រូវ ឈានទៅរកគោលដៅដោយវិធីណា?
សំណួរទី១ ជាគោលដៅ សំណួរទី២ ជាចំណុចខ្លាំង ខ្សោយ និងបញ្ហា រីឯសំណួរទី៣ នេះ តម្រូវឲ្យអ្នកកំណត់កិច្ចការដែលអ្នកត្រូវធ្វើ និង របៀបធ្វើកិច្ចការទាំងនោះដើម្បីឆ្ពោះទៅ សម្រេចលទ្ធផល។ យើងអាចពុះចែកសំណួរទី៣នេះ ជាសំណួរតូចៗដូចជា៖
- ត្រូវធ្វើអ្វីខ្លះ?
- ត្រូវធ្វើដោយវិធីណា?
- ត្រូវការធនធានអ្វីខ្លះ?
- ត្រូវវាស់ភាពជោគជ័យរបស់អ្នកយ៉ាងដូចម្តេច?
- ត្រូវឆ្លងកាត់ឧបសគ្គ ឬបញ្ហាប្រឈមអ្វីខ្លះ?
ខ្ញុំសង្ខេប ឧទាហរណ៍ដដែលពីសំណួរទី១ និងទី២ ដូចខាងក្រោម៖
(i) តើអ្នកចង់ទៅទីណា?
គោលដៅ៥ឆ្នាំៈ
- “ធ្វើការនៅធនាគារមួយ មុខតំណែងជាមន្ត្រីទំនាក់ទំនងអតិថិជន ប្រាក់ខែ ចន្លោះពី២០០-៤០០ដុល្លារ”
(ii) តើអ្នកកំពុងនៅឯណា ឬតើអ្នកកំពុងស្ថិតក្នុងស្ថានភាពអ្វី?
អ្វីដែលមានៈ
- “កំពុងសិក្សាឆ្នាំទី១ ត្រូវរៀន៤ឆ្នាំ។”
អ្វីដែលខ្វះខាត
- ចំណេះដឹងភាសាអង់គ្លេស
- ជំនាញកុំព្យូទ័រ
- ជំនាញទំនាក់ទំនង
- បទពិសោធន៍ការងារខ្លះ
(iii) តើអ្នកត្រូវ ឈានទៅរកគោលដៅដោយវិធីណា?
កិច្ចការត្រូវធ្វើ និងរបៀបបំពេញ និងរង្វាស់
ក. បញ្ចប់បរិញ្ញាបត្រ
- របៀបធ្វើៈ បំពេញការសិក្សាតាមឆ្នាំនិមួយៗ ៤ឆ្នាំ
- រង្វាស់ៈ សញ្ញាបត្របរិញ្ញាបត្រជំនាញ
ខ. រៀនជំនាញកុំព្យូទ័រ
- របៀបធ្វើៈ រៀន MS OFFICE នៅពេលរៀនឆ្នាំទី២
- រង្វាស់ៈ វិញ្ញាបនបត្របញ្ចប់ការសិក្សា
គ. រៀនភាសាអង់គ្លេស (របៀបធ្វើៈ យកឲ្យបានកម្រិត Upper មុនចូលឆ្នាំទី៤)
- រង្វាស់ៈ វិញ្ញាបនបត្របញ្ជាក់ការសិក្សា ឬប្រលង
ឃ. រៀនជំនាញទំនាក់ទំនង
-របៀបធ្វើៈ រៀននៅអង្គការណាមួយ ក្នុងឆ្នាំទី ២ឬទី៣
- រង្វាស់ៈ វិញ្ញាបនបត្រ
ង. រកបទពិសោធន៍ការងារ (របៀបធ្វើៈ រកការងារស្ម័គ្រចិត្ត ពេលចូលឆ្នាំទី៤)
- រង្វាស់ៈ អនុសាសន៍ការងារ
បញ្ហាប្រឈម
- ការប្រកួតប្រជែងពីនិស្សិតមកពីមហាវិទ្យាល័យផ្សេងទៀត
- ការប្រែប្រួលនៃឱកាសការងារ ក្រោយរយៈពេល ៤ឆ្នាំ
សង្ខេប
សំណួរទី១ តើអ្នកចង់ទៅទីណា?
- ជាការកំណត់គោលដៅ បុគ្គល អង្គភាព ឬស្ថាប័ន របស់អ្នក។
សំណួរទី២ តើអ្នកកំពុងនៅឯណា?
- ជាការកំណត់ស្ថានភាព ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងបញ្ហាប្រឈមផ្សេងៗនៃ បុគ្គល អង្គភាព ស្ថាប័ន របស់អ្នក។
សំណួរទី៣
- ជាការកំណត់កិច្ចការដែលត្រូវបំពេញ របៀបបំពេញ ពេលវេលាត្រូវបញ្ចប់ មធ្យោបាយ វាស់វែងភាពជោគជ័យ (ឬបង្ហាញប្រឈមចំពោះកិច្ចការនិមួយៗ)។
តាមរយៈឧទាហរណ៍ខាងលើ ខ្ញុំនឹងដាក់បញ្ចូលចម្លើយទាំងអស់ក្នុងតារាងមួយ៖
សំណួរទី១
កំណត់គោលដៅ
សំណួរទី២
កំណត់បញ្ហា
សំណួរទី៣
វិធីសម្រេចគោលដៅ
កិច្ចការត្រូវបំពេញ
របៀបធ្វើ
ឱសានវាទ
រង្វាស់
គោលដៅៈ
ធ្វើការនៅធនាគារមួយ មុខតំណែងជាមន្ត្រីទំនាក់ទំនងអតិថិជន ប្រាក់ខែចន្លោះពី២០០-៤០០ដុល្លារ
បញ្ហាប្រឈមទៅៈ
-ការប្រជែងពីនិស្សិតនៃសាលាផ្សេង
-ការប្រែប្រួលនៃឱកាសការងារ
កំពុងសិក្សាឆ្នាំទី១ ត្រូវរៀន៤ឆ្នាំ
បញ្ចប់បរិញ្ញាបត្រ
បំពេញការសិក្សាតាមឆ្នាំនិមួយៗ
៤ឆ្នាំ
បរិញ្ញាបត្រ
ខ្វះជំនាញកុំព្យូទ័រ
រៀនជំនាញកុំព្យូទ័រ
រៀន MS OFFICE
ឆ្នាំទី២
វិញ្ញាបនបត្រ
ខ្វះចំណេះដឹងភាសាអង់គ្លេស
រៀនភាសាអង់គ្លេស
យកឲ្យបានកម្រិត Upper
មុនចូលឆ្នាំទី៤
វិញ្ញាបនបត្រ
ខ្វះជំនាញទំនាក់ទំនង
រៀនជំនាញទំនាក់ទំនង
រៀននៅអង្គការណាមួយ
ឆ្នាំទី ២ឬទី៣
វិញ្ញាបនបត្រ
ខ្វះបទពិសោធន៍ការងារ
រកបទពិសោធន៍ការងារ
រកការងារស្ម័គ្រចិត្ត
ឆ្នាំទី៤
អនុសាសន៍ការងារ
នេះជាតារាងផែនការសកម្មភាពដ៏សមញ្ញមួយមែនទេ!!!!
កិច្ចការអនុវត្តន៍ៈ
ចូរសាកល្បងឆ្លើយនឹងសំណួរទាំងបី ហើយបំពេញក្នុងតារាងមួយ ដូចតារាងខាងលើ។ មួយខែម្តង ចូរអ្នកមើលតារាងរបស់អ្នក នឹងកែតម្រូវ។
លក្ខណៈ ១៤ យ៉ាងនៃបុគ្គលដែលពិបាកនឹងធ្វើការជាមួយ
តើលោកអ្នកធ្លាប់ជួបមនុស្សដែលអ្នកពិបាកនឹង ធ្វើការ ប្រាស្រ័យទាក់ទង ជាមួយទេ?
អត្ថបទនេះ ជាការចែករំលែក ក្រោយពីខ្ញុំបានអានអត្ថបទមួយ សរសេរដោយលោក Gary S. Topchik ជាអ្នកនិពន្ធសៀវមួយមានចំណងជើងថាManaging Workplace Negativity។ យោងតាមការសិក្សារបស់គាត់ លោក Gary S. Topchik បានកត់សម្គាល់ អត្តចរិក១៤ បែបនៃមនុស្ស ឬ អ្នករួមការងារ ដែលយើងពិបាកនឹងធ្វើការជាមួយ ហើយគាត់បានឲ្យឈ្មោះផ្សេងៗគ្នាដូចខាងក្រោម៖
១. ក្បាលរថភ្លើង
ជាបុគ្គលដែលតែងតែបង្ហាញភាពអវិជ្ជមានរបស់ខ្លួន ទៅលើអ្នកដទៃ។ជាមនុស្ស ដែលឆេវឆាវ និង អមិត្ត ហើយតែងបញ្ចេញការខឹងសម្បាររបស់ខ្លួនលើអ្នក ដទៃ។គេបញ្ចេញអកប្បកិរិយាជិះជាន់សង្កត់សង្កិនលើអ្នកដទៃ ប្រើអំណាចលើសលប់ (បង្ខំឲ្យអ្នកដទៃគោរពតាម) និង ផ្តាច់ការ។ លើសពីនេះគេជាមនុស្សមិនស្តាប់ហេតុផលរបស់អ្នកដទៃទេ។
២. អ្នកឥតខ្ចោះ
បុគ្គលនេះត្រូវការអ្វីដែលល្អឥតខ្ចោះភាពខ្វះចន្លោះនឹងធ្វើឲ្យគេមានគំនិតអវិជ្ជមានភ្លាម។គេមិនកំណត់ស្តង់ដាការងារច្បាស់លាស់នោះទេហើយជួនកាលមិនទទួលយកសូម្បីការងារនោះបានទទួលការសរសើរពីអ្នកផ្សេងក៏ដោយ។
បើបុគ្គលនោះជាថ្នាក់ដឹកនាំវិញទោះបីអ្នកក្រោមបង្គាប់ធ្វើបានល្អយ៉ាងណាក៏ដោយ គេក៏មិនវាយតម្លៃឲ្យខ្ពស់សក្តិសមនោះទេ ហើយតែងតែនិយាយថា “វាគួតែល្អជាងនេះ!”។
៣. មនុស្សទឹកកក
ជាបុគ្គលដែលមិនទទួលយកនូវការ ផ្លាស់ប្តូរ ទោះបីតិចតួចក្តីផ្ទុយមកវិញបំផ្ទុសឡើងនូវ គំនិតអវិជ្ជមាន។ គាត់ស្រលាញ់ស្ថានភាពដែលនៅដដែលមិនផ្លាស់ប្តូរ។ “ការផ្លាស់ប្តូរ” និងបញ្ឆេះភាពច្រឡោតរបស់បុគ្គលប្រភេទនេះភ្លាម។
ភាគច្រើនកាលនៅក្មេង គេទទួលនូវគំនិតមួយថា “ការផ្លាស់ប្តូរ” គឺជាភាពអវិជ្ជមានហើយ ត្រូវតែរកវិធីទប់ស្កាត់ប៉ុន្តែមិនបង្ហាញការជំទាស់នឹងការផ្លាស់ប្តូរដោយបើកចំហរទេ។ការជំទាស់ធ្វើឡើងដោយឈ្លាសវៃ។ ជួនកាល គេថែមទាំងនិយាយថា ការផ្លាស់ប្តូរនិងនាំ មកនូវភាពប្រសើរ ប៉ុន្តែមិនយកមកអនុវត្តនោះទេ។
អ្នកដែលឆ្វេងនិយមបំផុត ប្រហែលនឹងជ្រើសរើសយកវិធីបំផ្លាញចោលតែម្តង បើគេយល់ឃើញ ថាការផ្លាស់ប្តូរបង្កការគំរាមកំហែងដល់គេ។ គេតែងលើកឡើងថា “របៀបចាស់ប្រសើរជាង” ។
៤. មិនមែនការងាររបស់ខ្ញុំ
ជាបុគ្គលដែលបង្ហាញគំនិតអវិជ្ជមាន ដោយបដិសេធធ្វើការ ទោះបីសមញ្ញក្តីដែលគេចាត់ ទុកថាមិនស្ថិតក្នុងការទទួលខុសត្រូវរបស់គាត់។ភាគច្រើនគេរងនូវការប្រព្រឹត្តិពីអ្នករួមការងារ ថ្នាក់លើឬពីអង្គភាពទាំងមូលពីពេលកន្លងមក ដូចជាខ្វះការសហការ ឬ ជំនួយជាដើម។ម្យ៉ាងវិញទៀត គេ អាចជាអ្នកសម្លឹងរកមើលឱកាសរីកលូតលាស់ ការតម្លើងឋានៈជាដើមកាលណា គេមិនបានមើលឃើញឱកាសទាំងនោះទេ គេគ្មានកម្លាំងចិត្ត និងការតាំងចិត្តនឹងទទួល ការងារក្រៅពីការងារដែលគេកំពុងធ្វើឡើយ។
៥. អ្នកបំផុសពាក្យចចាមអារ៉ាម
ជាបុគ្គលដែលបង្ហាញគំនិតអិវជ្ជមាន ជាអ្នកដែលបញ្ចេញភាពមិនយល់ស្រប ឬគំនិតអវិជ្ជមានរបស់ខ្លួនតាមរយៈការបង្កើតពាក្យចាចាមអារាម។គេមានអារម្មណ៍ថាខ្លួនមាន សារៈសំខាន់នៅពេលដែលពាក្យចចាមអារ៉ាមដែលបានបង្កើតឮដល់អ្នកដទៃ ឬ ក៏ទទួល ការជំទាស់នៅពេលអ្នកដទៃបានស្តាប់ឮ។
បុគ្គលនេះមានអារម្មណ៍បាត់បង់ភាពម្ចាស់ការលើបរិយាកាសជុំវិញ ឬ អ្នកដទៃ។ពាក្យចចាមអារ៉ាម ជួយឲ្យគេទទួលបានភាពម្ចាស់ការត្រលប់មកវិញ។ ភាគច្រើនពាក្យចចាមអារ៉ាមដែល គេផ្សព្វផ្សាយមានទាក់ទងនឹង៖
- ថ្នាក់លើកំពូល
- អង្គភាព ឬ ការកាត់បន្ថយបុគ្គលិក
- ប្រាក់ខែរបស់អ្នកដទៃ
- អ្វីដែលក្រុមហ៊ុនប្រជែងផ្តល់ឲ្យបុគ្គលិករបស់គេ
- អ្នកណាណាត់អ្នកណានៅក្នុងក្រុមហ៊ុន
៦. ទុទិដ្ឋិថិជន
ទុទិដ្ឋិជន ជាបុគ្គលធ្លាប់ឆ្លងកាត់ពិភពលោក ជាកន្លែងដែលពិបាក។គាត់ចង់ឲ្យពិភពលោក សម្របទៅតាមគេ បើមិនដូច្នោះគេនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជំទាស់ឬទប់ស្កាត់កុំឲ្យកើតឡើង។ គេមិនរីករាយនឹងអ្វីដែលនៅជុំវិញទោះបីអ្នកផ្សេងធ្វើអ្វីដើម្បីគេក៏ដោយ ក៏គ្មានអ្វីប្រែប្រួលចំពោះគេឡើយ។មនុស្សប្រភេទនេះ ក៏មានគំនិតរបៀបនេះនៅខាងក្រៅបរិយាកាសការងារផងដែរ។
៧. គ្មានការតាំងចិត្ត
ជនបុគ្គលដែលគ្មានការតាំងចិត្ត ធ្វើការមិនអស់ពីចិត្តហើយអាចក្លាយទៅជាបន្ទុកដល់អ្នករួមការងារជាមួយ។ការងារមិនមែនជាអាទិភាពចម្បងសម្រាប់គេឡើយ។គេព្យាយាមធ្វើកិច្ចការឲ្យបានតិចបំផុតតាមដែលអាចទៅរួចដើម្បីទុកពេលសម្រាប់បញ្ហាផ្ទាល់ខ្លួន និងបញ្ហារបស់អ្នកដទៃ។គេមិនយល់ពីភាពបន្ទាន់ក្នុងការសម្រេច កិច្ចការឲ្យហើយ។ គេមានទស្សនៈថា “យើងនៅមានពេល យើងអាចចាំពេលក្រោយបាន”។
៨. អ្នករិះគន់
តើអ្នកមានវិធីសាស្រ្តដែលមានការច្នៃប្រឌិតទេ? មានរបៀបផ្សេងក្នុងការធ្វើកិច្ចការអ្វីមួយ ឬ យោបល់ថ្មី មួយទេ? ប្រសិនបើអ្នកមាន អ្នករិះគន់នឹង រិះគន់ ឬរកកំហុសអ្នកភ្លាម។បេសកកម្មរបស់បុគ្គលប្រភេទនេះគឺ ជំទាស់នឹងអ្វីដែលអ្នកផ្សេងបាននិយាយ។ គេ យកត្រូវជានិច្ច។ គេរិះរកបញ្ហា បំភ្លេចចោលឱកាសទោះនៅកន្លែងណាក៏ដោយ។គេមិនដែលផ្តល់ប្រតិកម្មវិជ្ជមានដល់អ្នកវិញទេ ផ្ទុយមកវិញគេឈ្លេចរកបញ្ហារបស់អ្នក។ គេមានគំនិតថា “វាជាគំនិតមិនល្អ”។
៩. ក្មេងទទូច
បុគ្គលប្រភេទនេះ បញ្ចេញអកប្បកិរិយា ដូចក្មេងដែលទទូចធ្វើអ្វីមួយ។បើមិនដូចចិត្ត គេនឹងបង្ហាញ គំនិតអវិជ្ជមានភ្លាម។ គេតែងមានគំនិតថាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះគេឡើយ បន្ទុកការងារច្រើន និងគ្មានការសហការពេញលេញ។
១០. អ្នកលះបង់
បុគ្គលប្រភេទនេះ មានបេះដូងដែលមានឈាមហូរនៅក្នុងកន្លែងការងារ។ គេមកមុនពេលនិងចេញ យឺតពេល។ គេធ្វើរាល់អ្វីដែលគេដាក់ឲ្យធ្វើប៉ុន្តែនឹងត្អូញត្អែរអំពីបន្ទុកការងារ និយោជក អតិថិជន ឬថ្នាក់លើពិបាកធ្វើការជាមួយជាដើម។ គេមិនសូវរីករាយនឹងជិវិតផ្ទាល់ខ្លួនទេទើបគេធ្វើការបន្លប់។ អ្វីដែល ធ្វើឲ្យគេអាក់អន់ចិត្តនោះគឺអារម្មណ៍ថាការងាររបស់គេត្រូវបានវាយតម្លៃទាបជាងការពិត។ គេមាន ទស្សនៈថាគេបានលះបង់ជិវិតរបស់គាត់សម្រាប់ក្រុមហ៊ុន ប៉ុន្តែគ្មាននរណាខ្វល់។
១១. អ្នកធ្វើទោសខ្លួនឯង
ជាបុគ្គលដែលរកាំ នឹងខ្លួនឯង ហើយប្រែក្លាយជាមានគំនិតអវិជ្ជមាន។គេស្វែងរកកំហុសរបស់ខ្លួនឯងនៅក្នុង ការងារ សម្ផស្សឬរូបរាងការអភិវឌ្ឍន៍អាជីព ឋានៈសង្គម ប្រវត្តិសិក្សារ ជាដើម។ គេឲ្យតម្លៃខ្លួនឯងទាប ហើយតែងបន្ទោសខ្លួនឯងថា "អាល្ងង់!ហេតុអ្វីបានធ្វើអញ្ចឹង?" ឬ "ឆ្កួតអីទៀតហើយ! ឯងគួរតែធ្វើបានល្អជាងនេះ"ជាដើម។ ជាទូទៅ ទស្សនៈលើខ្លួនឯងរបស់គេ ជាបញ្ហា។ ជួនកាលគេធ្វើកិច្ចការបានល្អ ប៉ុន្តែមិនយល់ដូច្នោះឡើយ។
១២. ស្វាស៊ីបាយ
ជាបុគ្គលដែលមិនទទួលខុសត្រូវ ឬទទួលការស្តីបន្ទោសពីកំហុសរបស់ខ្លួនហើយតែងបង្វែរ ការទទួលខុសត្រូវនេះទៅឲ្យអ្នកដទៃ។គេរីករាយនៅពេលឃើញអ្នកដទៃជួបនឹងបញ្ហា។ គេមាន ទស្សនៈថា "ខ្ញុំមិនបានធ្វើ!វាមិនមែនដូច្នោះឡើយ!"
១៣. សំបកស៊ុត ឬត្រចៀកស
ជាបុគ្គលដែលងាយរំជើបរំជួល។ ការស្តីបន្ទោស ឬរិះគន់តិចតួចអាចធ្វើឲ្យគេធ្វើអ្វីលែងកើត។ បើមានបញ្ហាកាន់តែច្រើន គេនឹងមានគំនិតអវិជ្ជមានតែម្តង។ ទស្សនៈរបស់គេគឺ "កុំឲ្យខ្ញុំឮ ខ្ញុំទទួល មិនបានទេ!"
១៤. ល្អិតល្អន់ជ្រុល
ជាបុគ្គលដែលផ្តោលើភាពលំអិត ឬរាល់ចំណុចតូចតាចដែលពាក់ព័ន្ធ។ បុគ្គលប្រភេទនេះព្យាយាម យល់ ដឹង និងគ្រប់គ្រងរាល់បញ្ហាទាំងអស់។ គេជាបុគ្គលមានភាពស៊ាំញ៉ាំនិងស្មុគស្មាញ៕
ថាមពលនៃការសម្រេចចិត្ត
“ គ្មានការសម្រេចចិត្ត គឺគ្មានភាពជោគជ័យ! ”
“ ភាពជោគជ័យមួយ ជាចំណុចចាប់ផ្តើមនៃគោលដៅថ្មីមួយទៀត
ហេតុនេះ មានការសម្រេចចិត្តរាប់មិនអស់ដែលអ្នកត្រូវធ្វើ! ”
“ ការសម្រេចចិត្តអាចជួយឲ្យអ្នកក្លាយជាជនជោគជ័យ ឬជនដែលបាត់បង់អ្វីៗទាំងអស់! ”
“ ការសម្រេចចិត្ត ជាកតព្វកិច្ច និង ជម្រើសនៃជីវិត!!! ”
ការសម្រេចចិត្តជា ការចាប់យកឱកាសមួយក្នុងចំណោមបណ្តាឱកាសដែលមាន ឬជ្រើសយកជម្រើស មួយក្នុងចំណោមជម្រើសដទៃ។ការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតភាពជោគជ័យនិងការរស់នៅរបស់ពួកគេ។មនុស្សម្នាក់ៗត្រូវធ្វើការសម្រេចចិត្តច្រើនរាប់មិនអស់នៅក្នុងមួយជីវិត មានទាំងការការសិក្សា ការជ្រើសយកគូជីវិតការរើសយកអាជីពឬរបៀបរស់នៅ ការរើសយករបស់របរប្រើប្រាស់ការរើសយកវិធីប្រើប្រាស់ ធនធានដែលមាន លើសពីនេះមានការសម្រេចចិត្តលើកិច្ចការប្រចាំថ្ងៃ និងកិច្ចការតូចតាច រាប់រយបែបរាប់រយជំពូក។
ប៊ីល ហ្គេត សម្រេចចិត្តបោះបង់ការសិក្សានៅមហាវិទ្យាល័យដើម្បីផ្តោតការយកចិត្តទុកដាក់លើការបង្កើត និងគ្រប់គ្រងក្រុមហ៊ុន ម៉ៃក្រូសូហ្វ។ ការសម្រេចចិត្តរបស់គាត់នាគ្រានោះបានធ្វើឲ្យគាត់ទទួលបាន ជោគជ័យ និងក្លាយជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេយ៉ាងឆាប់រហ័ស។លើសពីនេះ ការសម្រេចចិត្តនោះ ក៏បាននាំមកនូវការផ្លាស់ប្តូរយ៉ាងច្រើនដល់ពិភពលោកតាមរយៈផលិតផលដែលក្រុមហ៊ុនរបស់គាត់ បានបង្កើតឡើង។ភាពជោគជ័យរបស់គាត់នេះជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនដែលគាត់ជ្រើសយក។ឧទាហរណ៍នេះ គ្មានន័យជម្រុញឲ្យអ្នកបោះបង់ការសិក្សាទៅចាប់យកអាជីពមួយនោះទេ ប៉ុន្តែមានគោលបំណងបង្ហាញអ្នកនូវសារៈសំខាន់របស់វា។
តើការសម្រេចចិត្តអាចប៉ះពាល់អ្នកយ៉ាងដូចម្តេច?
អនាគតរបស់អ្នកៈអ្នកត្រូវយល់ថាការសម្រេចចិត្តរបស់អ្នកនាពេលនេះ នឹងប៉ះពាល់ដល់ថ្ងៃស្អែក ថ្ងៃខានស្អែកសប្តាហ៍ក្រោយ ខែក្រោយ ឆ្នាំក្រោយ ឬក៏អនាគតរបស់អ្នកតែម្តង។
ឧបមាថា អ្នកចង់ក្លាយជាគ្រូបង្រៀនភាសារអង់គ្លេសនៅថ្ងៃអនាគត អ្នកសម្រេចចិត្តជ្រើសរើសយកជំនាញភាសារអង់គ្លេស ហើយចូលរៀននៅមហាវិទ្យាល័យមួយ។ការសម្រេចនេះ និងនាំឲ្យអ្នកចំណាយ ធនធាន និង ពេលរយៈពេល ៤ឆ្នាំដើម្បីសម្រេចគោលដៅ។ រយៈពេលខ្លីយើងឃើញថា ការសម្រេចចិត្ត របស់អ្នកនៅពេលនេះនឹងប៉ះពាល់អ្នក៤ឆ្នាំយ៉ាងហោច។
ឧបមាទៀតថា អ្នកបានក្លាយជាគ្រូបង្រៀនភាសារនៅពេលបញ្ចប់ការសិក្សាអ្នកធ្វើការបានមួយរយៈពេល ហើយយល់ឃើញថា ការងារក្នុងវិស័យអប់រំមិនអាចឲ្យអ្នកមានជីវភាពរស់នៅបានសមបំណង ប្រាថ្នាដែលបានគិតនិងគ្មានឱកាសអភិវឌ្ឍន៍ច្រើនដូចក្នុងវិស័យដទៃដូចជាពាណិជ្ជកម្មជាដើម។អ្នកមានបំណងផ្លាស់ប្តូរការងារ។ពេលនោះតើអ្នកត្រូវចំណាយពេលប៉ុន្មានដើម្បី សិក្សាជំនាញថ្មី បើទៅសាលាវាទាមទារ ២ទៅ ៤ឆ្នាំ បើចង់ចាប់ផ្តើមពីបុគ្គលិកតូចតាចវាចំណាយពេលច្រើនហើយមិនប្រាកដប្រជាផង។មកដល់ចំណុចនេះតើអ្នកដឹងថាការសម្រេចចិត្តរបស់អ្នកនៅពេលនេះ អាចប៉ះពាល់អ្នករយៈពេលប៉ុន្មាន? ចម្លើយគឺ ៤ឆ្នាំសម្រាប់សិក្សា បូក ២ទៅ៤ឆ្នាំសម្រាប់សិក្សាជំនាញថ្មី ឬចាប់ផ្តើមការងារថ្មី ដែលសរុបមកគឺ ៦ទៅ៨ឆ្នាំ។
ជាមួយនឹងឧទាហរណ៍ ដដែល បើអ្នកបន្តនៅជាគ្រូបង្រៀនវានឹងប៉ះពាល់ជីវភាពរបស់អ្នកមួយជីវិតតែ ម្តង។អ្វីៗដែលកើតឡើងនៅថ្ងៃស្អែក មួយចំណែកជាលទ្ធផលនៃការសម្រេចចិត្តរបស់អ្នក។
ធនធានៈនៅពេលដែលអ្នកសម្រេចចិត្តធ្វើអ្វីមួយអ្នកត្រូវចំណាយពេលនឹងធនធានទៅលើកិច្ចការនោះ។ បើសម្រេចចិត្តសិក្សាអ្នកត្រូវចំណាយពេល និងថ្លៃឈ្នួលសាលាក៏ដូចជាចំណាយប្រចាំថ្ងៃលើការរស់នៅ។ ពេលវេលាជាធនធានមួយមានតម្លៃបំផុតនិងមិនអាចរកវិញបានឡើយ។ លើផ្នែកជំនួញក៏ ដូចគ្នា បើអ្នកសម្រេចចិត្តត្រូវធនធានរបស់អ្នកនឹងកើនឡើង តែបើខុស អ្នកប្រាកដជាខាតបង់ទាំង ធនធានទាំងអាជីពក៏មាន។
ឱកាសៈអ្នកក៏ត្រូវយល់ផងដែរថាការសម្រេចចិត្តរបស់អ្នកនឹងប៉ះពាល់ដល់ឱកាសរបស់អ្នក ព្រោះការ សម្រេចចិត្តជាការជ្រើសយកជម្រើសមួយក្នុងចំណោមជម្រើសដទៃ ជាការចាប់យកឱកាសមួយក្នុងចំណោមឱកាសដទៃ។ មានមនុស្សភាគច្រើនណាស់ដែលតែងនិយាយថា “សូមផ្តល់ឱកាសឲ្យខ្ញុំម្តងទៀត!” ដែលមានន័យថា ឱកាសអាចកើតឡើងវិញ។ខ្ញុំយល់ផ្ទុយពីទស្សនៈនេះបន្តិច គឺខ្ញុំគិតថា “ឱកាសមួយ កើតឡើងតែម្តងទេបើបាត់បង់ហើយ គឺបាត់បង់រហូត”។ បើអ្នកដទៃនិយាយថា “ខ្ញុំផ្តល់ឱកាសឲ្យអ្នកម្តងទៀត” គឺមានន័យថា “ ជាឱកាសមួយថ្មី” មិនមែនឱកាសដដែល ឬឱកាសចាស់កើតឡើងវិញឡើយដោយសារទស្សនៈរបស់បុគ្គលនោះនិងអ្នកជុំវិញចំពោះអ្នកគឺមិនដូចមុនបរិយាកាសក៏មិនដូចមុន ភាពជោគជ័យរបស់អ្នកមានតិចជាងមុនភាពបរាជ័យរបស់អ្នកក៏កាន់តែខ្ពស់ដែលក្នុងស្ថានភាពខ្លះគឺស៊ឹងតែគ្មានភព្វតែម្តង។
ហេតុអ្វីចាំបាច់ត្រូវតែសម្រេចចិត្ត?
ឧបមាថាអ្នកបានដើរមកដល់ផ្លូវបំបែកមួយ (ដូចក្នុងរូបភាព)។ផ្លូវមួយអាចនាំអ្នកទៅរកភាពរីកចំរើនឯផ្លូវមួយទៀតអាចនាំអ្នកទៅរកភាពបរាជ័យ។តើអ្នកត្រូវឈប់នៅត្រឹមផ្លូវបំបែក ឬក៏យ៉ាងណា? ជាចម្លើយអ្នកមិនត្រូវឈប់នៅទីនោះឡើយ ព្រោះថាបើអ្នកសម្រេចចិត្តដើរទៅមុខអ្នកអាចដឹងថា ផ្លូវដែលអ្នកកំពុងដើរនោះត្រូវឬខុស។បើត្រូវអ្នកអាចដើរបន្តទៅមុខទៀតបាន តែបើខុស អ្នកអាចត្រលប់ ក្រោយហើយរើសយកផ្លូវមួយទៀតបាន។ ផ្ទុយមកវិញ បើអ្នកឈប់អ្នកនឹងបាត់បង់ឱកាសគ្រប់យ៉ាង ដែលនៅខាងមុខ។ អ្នកប្រាកដជាគិតថា បើអ្នកឈប់គឺវាមានសុវត្ថិភាពបំផុត តែ អ្នកត្រូវដឹងថា អ្នកមិនមែនដើរលើផ្លូវមួយតែឯងឡើយ។អ្នកមានគូប្រជែងជានិច្ចក្នុងការរស់នៅក្តី ក្នុងបរិបទការងារក្តីក្នុង បរិបទជំនួញក្តី។ ដើម្បីឲ្យងាយយល់ សូមមើលរូបទីបីខាងក្រោម។
មានអ្នកផ្សេងៗទៀតបានមកដល់ចំណុចដូចគ្នា ឬកំពុងតែតាមអ្នក តើអ្នកត្រូវឈប់ឬក៏យ៉ាងណា?
តើកត្តាអ្វីមានឥទ្ធិពលលើការសម្រេចចិត្តរបស់អ្នក?
ព័ត៌មាន និងការវិភាគៈព័ត៌មានអាចជួយឲ្យការសម្រេចចិត្តរបស់អ្នកធ្វើបានត្រឹមត្រូវ។ពត៌មានជាក៏ដូចជាពេលវេលា មានតម្លៃមិនចាញ់មាសប្រាក់ឡើយ។បុគ្គលណាដែលអាចទទួលនិងគ្រប់គ្រងព័ត៌មានបានច្រើន ទទួលឱកាសជោគជ័យច្រើន។ដូចច្នេះដើម្បីសម្រេចចិត្តបានត្រឹមត្រូវ អ្នកត្រូវប្រមូលព័ត៌មានដែលទាក់ទងឲ្យបានច្រើនបំផុត។ អ្នកប្រហែលមានចម្ងល់ថាតើអ្នកត្រូវប្រមូលយកព័ត៌មាន ពីណា? និយាយឲ្យងាយអ្នកអាចរកបានពីមធ្យោបាយផ្សព្វផ្សាយ តាមរយៈទូរទស្សន៍ កាសែត វិទ្យុសៀវភៅអ៊ីនធើណិតនិងមធ្យោបាយទាក់ទងផ្សេងៗទៀត។ លើសពីនេះ អ្នកអាចរក ពីអ្នកដែលនៅ ជុំវិញអ្នកដូចជា ឪពុកម្តាយ សាច់ញាតិមិត្តភក្តិ បុគ្គលមានបទពិសោធន៍គ្រូបង្រៀនរបស់អ្នក អ្នកពិគ្រោះយោបល់ ឬអ្នកស្រាវជ្រាវ។
ចំណុចដែលអ្នកត្រូវយកចិត្តទុកដាក់គឺត្រូវជ្រើសរើសយកព័ត៌មានដែលត្រឹមត្រូវ ពីព្រោះសម័យកាល នេះជាសម័យកាលដែលមានព័ត៌មានហូរហៀរ ដែលទាមទារការជ្រើសរើសនិងវិភាគឲ្យបានត្រឹមត្រូវ។
ធនធានៈការសម្រេចចិត្តភាគច្រើនក៏ពាក់ព័ន្ធទៅនឹងធនធានដែលមនុស្សម្នាក់ៗមានដែរ។ បុគ្គលដែល មានធនធានច្រើន ហ៊ានធ្វើការសម្រេចចិត្តបានលឿននិងច្រើនដងលើសពីអ្នកដែលក្សត់ខ្សោយជាង។ អញ្ចឹង បើអ្នកគ្មានធនធានអ្នកមិនចាំបាច់សម្រេចចិត្តទេឬ? មិនមែនដូច្នេះឡើយ ដូចដែលបានរៀបរាប់ពីខាងលើ មនុស្សយើងមានការសម្រេចចិត្តរាប់មិនអស់។ តែបើពាក់ព័ន្ធធនធានអ្នកត្រូវពឹងផ្អែកលើ ព័ត៌មាននិងការវិភាគរបស់អ្នកជាចាំបាច់។
ពេលវេលាៈការសម្រេចចិត្តឆាប់ពេកឬយឺតពេក សុទ្ធតែជះឥទ្ធិពលមិនល្អដូចគ្នា។អ្នកត្រូវតែជ្រើសរើសពេលវេលាឲ្យបានសមស្រប កុំឲ្យបញ្ហាដែលអ្នកដោះស្រាយនោះក្លាយជាបញ្ហាធ្ងន់ធ្ងរដោះស្រាយ មិនបាន។ ខ្ញុំបានអានអត្ថបទមួយអំពីអ្នកបើកបរយន្តហោះចម្បាំង។ អត្ថបទនោះបានរៀបរាប់ថា អ្នកបើកបរមានរយៈពេលតែ ៦ ទៅ ១២ វិនាទី ប៉ុណ្ណោះ ដើម្បីគេចចេញពីគ្រោះថ្នាក់នៅពេលយន្តហោះ ឆេះ ឬ មានបញ្ហានៅលើអាកាស។ ក្នុងអំឡុងពេលនេះអ្នកបើកបរត្រូវសម្រេចចិត្តឲ្យលឿនបំផុត រវាង សុវត្ថិភាពភាពក្លាយជាចំណាប់ខ្មាំងរបស់សត្រូវ និងការបោះបង់យន្តហោះដែលមានតម្លៃរាប់ លាន ដុល្លារ។ក៏ដូចគ្នាដែរឧបមាថា អ្នកកំពុងបើកបរលើដងផ្លូវក្នុងល្បឿនលឿនតើអ្នកមានពេលប៉ុន្មាន ដើម្បី គេចចេញពីឧបសគ្គ ឬ គ្រោះថ្នាក់នៅខាងមុខ។បើគិត និងសម្រេចមិនទាន់ លទ្ធផលប្រាកដជាគ្រោះថ្នាក់មិនខាន។និយាយយ៉ាងខ្លី ពេលវេលាមានសារៈសំខាន់ណាស់សម្រាប់ការសម្រេចចិត្តរបស់អ្នក។
អារម្មណ៍ៈអារម្មណ៍អាចប៉ះពាល់ដល់គុណភាពនៃការសម្រេចចិត្ត។អ្នកមិនត្រូវប្រើអារម្មណ៍ ដោយ មិនគិតពិចារណាឲ្យបានល្អិតល្អន់ពីហេតុនិងបញ្ច័យ ពីគុណវិបត្តិនិងគុណសម្បត្តិពីការពិតនិងក្តីស្រមៃដើម្បីសម្រេចចិត្តឡើយ។ នៅពេលដែលអ្នកមានអារម្មណ៍មិនល្អយកល្អអ្នកគួរសួរខ្លួនឯង ថានៅខណៈនោះ អ្នកគួរធ្វើការសម្រេចចិត្តដែរឬទេ? វាអាចឆាប់ពេក ពីព្រោះអ្នកមិនបានពិចារណា ឬ ការសម្រេចនោះមិនមែនជាសុឆន្ទៈរបស់អ្នក។
អ្វីជាកត្តាអាចជួយឲ្យអ្នកសម្រេចចិត្តបានប្រសើរជាងមុន?
ចក្ខុវិស័យៈអ្នកត្រូវមានចក្ខុវិស័យឬគោលដៅច្បាស់លាស់ទៅអនាគត ។ ចក្ខុវិស័យ នាំឲ្យអ្នកពិចារណាអំពីផ្លូវដែលអ្នកត្រូវដើរ និង កិច្ចការដែលអ្នកត្រូវធ្វើ។គោលដៅផ្លូវដែលត្រូវដើរនិងកិច្ចការដែលត្រូវធ្វើនិងបង្កើតប្រព័ន្ធមួយសម្រាប់ការសម្រេចចិត្តរបស់អ្នក។ ប្រព័ន្ធនេះ ផ្តល់នូវ អាទិភាពនៃកិច្ចការដែលអ្នកត្រូវធ្វើ ពេលវេលាដែលអ្នកត្រូវធ្វើ ឬសម្រេចធ្វើនិងការថ្លឹងថ្លែងពីធនធានដែលអ្នកត្រូវប្រើ។មនុស្សពិការភ្នែកអាចដើរទៅដល់គោលដៅ របស់គាត់ព្រោះគាត់មានគោលដៅច្បាស់លាស់ជាមុន។ គាត់ជ្រើសរើសផ្លូវនិងរបៀបចៀសវៀងពី ឧបសគ្គទាំងឡាយ។ កិច្ចការនេះមិនងាយស្រួលនោះទេហើយជាការពិតណាស់ វាជាសមត្ថភាពមួយដ៏គួរឲ្យកោតសរសើររបស់គាត់។ ហេតុនេះអ្នកមិនត្រូវដើរដោយគ្មានគោលដៅឡើយ។
សុទិដ្ឋិនិយមៈសុទិដ្ឋិនិយម ជាគំនិតវិជ្ជមាន យល់ឃើញហេតុការណ៍ ក្នុងផ្លូវត្រូវផ្លូវពោពេញដោយឱកាស និងក្តីសង្ឃឹម។សុទិដ្ឋិនិយម ជាកម្លាំងជម្រុញឲ្យអ្នកហ៊ានសម្រេច និងហ៊ានធ្វើ។ឧបមាថា អ្នកត្រូវធ្វើកិច្ចការមួយ បើអ្នកយល់ថា អ្នកមិនអាចធ្វើបាន (ដែលជាគំនិតអវិជ្ជមាន) អ្នកប្រហែលនឹងបោះ បង់កិច្ចការនោះឬគ្រាន់តែធ្វើឲ្យរួចពីដៃ។បើអ្នកមានគំនិតអវិជ្ជមានចំពោះបុគ្គលម្នាក់អ្នកប្រហែលនឹង បោះបង់ឱកាសស្គាល់និងស្វែងយល់ពីបុគ្គលនោះមិនខានតែបើអ្នកបើកចិត្តឲ្យទូលាយ អ្នកអាចចាប់ ផ្តើមទំនាក់ទំនងជាមួយគេបាន។បើអ្នកយល់ថាមុខវិជ្ជាមួយដែលអ្នកកំពុងសិក្សា គ្មានប្រយោជន៍អ្នកនឹងបោះបង់ឱកាស ទាញយកប្រយោជន៍ពីមុខវិជ្ជានោះមិនខាន។មនុស្សម្នាក់ៗមិនមែនមានតែ សុទិដ្ឋិនិយមរាល់ពេលនោះឡើយប៉ុន្តែសុំកុំឲ្យទុទិដ្ឋិនិយមជះឥទ្ធិពលគ្របដណ្តប់ខ្លួនអ្នកទាំងមូល។
គុណភាពព័ត៌មានៈការសម្រេចអ្វីមួយពឺងផ្អែកយ៉ាងខ្លាំងលើព័ត៌មាន ហេតុនេះអ្នកត្រូវជ្រើសរើសវាពីប្រភពដែលអាចជឿជាក់បាន។ប្រភពទាំងនេះមានដូចជាស្ថាប័នស្រាវជ្រាវ ឬបុគ្គលដែលគេទទួលស្គាល់ជាដើម។អ្នកក៏ត្រូវចាំថា ព័ត៌មាន មានភាពការប្រែប្តូររៀងរាល់គ្រប់វិនាទីទាំង អស់។ បើនិយាយឲ្យខ្លីអ្នកត្រូវប្រមូលព័ត៌មានដែលទាន់សភាពការណ៍ពីប្រភពដែលអាចជឿជាក់បាន។
សមត្ថភាពវិភាគៈការវិភាគជាពិសេសលើព័ត៌មានដែលអ្នកបានទទួល និងហេតុការណ៍ដែលអ្នកបានឃើញឬឮ បានត្រឹមត្រូវនាំឲ្យអ្នកសម្រេចបានត្រឹមត្រូវ។សមត្ថភាពវិភាគនេះកើតចេញពីទម្លាប់នៃការ គិត ការសិក្សានិងសង្កេតមើលពីមនុស្សនិងបរិស្ថានសង្គមជុំវិញខ្លួន។
ការបើកចំហរនៃគំនិត និង ការទទួលខុសត្រូវៈចំណុចមួយទៀតដែរ អ្នកត្រូវបើកចិត្តគំនិតឲ្យទូលាយស្តាប់និងទទួលយកយោបល់អ្នកដទៃកុំមានមោទនភាពហួសហេតុនឹងគំនិតរបស់ខ្លួនឯង។ រាល់យោបល់របស់អ្នកដទៃសុទ្ធតែមានប្រយោជន៍ចំពោះអ្នក បើទោះបីយោបល់នោះមិនត្រឹមត្រូវក៏អ្នកនូវតែទទួល បានប្រយោជន៍ដែរគឺអ្នកអាចស្វែងយល់ពីចេតនា ចិត្តគំនិតរបស់អ្នកដែលឲ្យយោបល់នោះបាន។ លើស ពីនេះ អ្នកក៏ត្រូវបើកចិត្តឲ្យទូលាយទទួលយកភាពខុស ទទួលយកភាពត្រូវ។ បើអ្នកសម្រេចចិត្តធ្វើអ្វី មួយខុសហើយមិនទទួលកំហុស អ្នកគ្មានឱកាសអាចកែកំហុសនោះបានឡើយ។ ផ្ទុយមកវិញ បើអ្នកទទួលយក អ្នកអាចបកក្រោយ គិតគូរធ្វើកិច្ចការនោះសារឡើងវិញបាន។ការទទួលយកកំហុសរបស់ ខ្លួនឯង ជាការចាប់ផ្តើមនៃការអភិវឌ្ឍន៍របស់មនុស្សម្នាក់ៗ៕
អ្វីជាការពេញចិត្តចំពោះការងារ?
ជាឥរិយាបទទូទៅ របស់បុគ្គលចំពោះ ការងាររបស់ខ្លួន។ វាជាបណ្តុំ នៃអារម្មណ៍ និងទស្សនៈ នៃបុគ្គល ចំពោះការងារ។ ភាពផ្ទុយនៃ ភាពមិនពេញចិត្ត មិនភាពពេញចិត្តឡើយ ប៉ុន្តែជាភាពគ្មានការពេញចិត្ត។ បានន័យថា យើងមិនអាច ធ្វើឲ្យបុគ្គលម្នាក់ ពេញចិត្តទាំងស្រុងឡើង ប៉ុន្តែយើងអាចកាត់បន្ថយភាព មិនពេញ ចិត្តរបស់គាត់។
ហេតុអ្វីត្រូវស្វែងយល់ពីការមិនពេញចិត្តរបស់និយោជិក
បើនិយោជិកពេញចិត្ត ផលិតភាព ភាពស្មោះត្រង់ និង ការខិតខំដើម្បីអង្គភាពមានលក្ខណៈល្អប្រសើរ។ ផ្ទុយមកវិញ
- បើនិយោជិកមិនពេញចិត្ត ផលិតភាពអាចនឹងធ្លាក់ចុះ
- បើនិយោជិកមិនពេញចិត្ត អតិថិជនក៏អាចមិនពេញចិត្តដែរ
- បើនិយោជិកមិនពេញចិត្ត អត្រាអវត្តមាន ឬ ការយឺតយ៉ាវនិងកើនឡើង
- បើនិយោជិកមិនពេញចិត្ត អត្រាលាលែងការងារនឹងកើនឡើង
ឥរិយាបទ បង្ហាញពីការមិនពេញចិត្តចំពោះការងារ
ការចាកចេញ
ជាឥរិយាបទសំដៅទៅ ការចាកចេញពីការងារ។ ឧទាហរណ៍ដូចជា ការរកតំណែងថ្មី ការងារថ្មី ឬលាលែង ពីការងារ។
សម្លេង
ព្យាយាមយ៉ាងសកម្ម និង បែបស្ថាបនា ដើម្បីកែប្រែស្ថានភាព ដូចជា ឲ្យយោបល់ដើម្បីកែលម្អ ពិភាក្សា បញ្ហាជាមួយថ្នាក់លើ ចងជាក្រុមដើម្បីពិភាក្សា។ល។
សម្ងំ
រងចាំ ដោយមានភាពសុទិដ្ឋិនិយម ប៉ុន្តែ មិនធ្វើសកម្មភាពណាមួយ ឲ្យបរិយាកាស ឬ ស្ថានភាពមានភាពល្អប្រសើរឡើង ដូចជាព្យាយាមការពារអង្គភាពពីការរិះគន់ពីខាងក្រៅ ជឿជាក់ថាថ្នាក់លើ និង អ្នកដឹកនាំកំពុងតែធ្វើកិច្ចការដែលត្រឹមត្រូវ។
បណ្តោយ ឬលែងខ្វល់
លែងខ្វាយខ្វល់ ហើយ ទុកឲ្យស្ថានភាពកាន់តែអាក្រក់ ឬធ្ងន់ធ្ងរឡើង ដូចជាឧស្សាហ៍ចូលធ្វើការយឺត យ៉ាវ លែងខំប្រឹង មិនខ្វល់ពីការធ្វើខុស ។ល។
ចាកចេញ និងលែងខ្វល់ ជាឥរិយាបទដែលមានឥទ្ធិពលលើការបំពេញការងារដូចជា ផលិតភាព អវត្តមាន និង ការលាលែង។ សម្លេង និង សម្ងំ ជាឥរិយាបទមានលក្ខណៈស្ថាបនា ដែលពេលខ្លះជួយឲ្យបុគ្គលទាំងនោះ អត់ធ្មត់ ទៅនឹងស្ថានភាពមិនសមប្រកប ឬការលម្អលក្ខខណ្ឌការងារឲ្យបានប្រសើរឡើង។
វិធានការណ៍ដោះស្រាយចំពោះការមិនពេញចិត្តចំពោះការងារ
ការងារដែលមានសម្ពាធផ្លូវចិត្ត
បន្ថយការដាក់សម្ពាធផ្លូវចិត្ត ដូចជា ការគម្រាមបណ្តេញចេញ ឬ កាត់បន្ថយអត្ថប្រយោជន៍ផ្សេងៗ ការប្រើឲ្យធ្វើការ ដែលមានលក្ខណៈបុគ្គល ការផ្តល់ការងារដែលត្រូវប្រឈមមុខនឹងអ្នករួមការងារ ជាមួយគ្នា ជាដើម។ ផ្ទុយមកវិញ អ្នកគ្រប់គ្រងត្រូវផ្តល់ការលើក ទឹកចិត្ត ជំរុញឲ្យមានការពិភាក្សាផ្ទាល់ ពន្យល់ឲ្យយល់ពីស្ថានភាព និងគោលបំណងរបស់អង្គភាព ឲ្យបានច្បាស់លាស់។
ការផ្តល់លាភសក្ការៈ
ត្រូវផ្តល់លាភសក្ការៈ ដូចជាប្រាក់ខែ ប្រាក់រង្វាន់ និង អត្ថប្រយោជន៍ឲ្យមានលក្ខណៈសមភាព ទៅតាម មុខតំណែង បន្ទុកការងារ និង ចំណេះដឹង ឬជំនាញ។ ការផ្តល់ឲ្យនេះ ក៏ត្រូវថ្លឹងថ្លែង ជាមួយនឹងការផ្តល់ ឲ្យពីអង្គភាពផ្សេង ឬក្រៅ កុំឲ្យមានគម្លាតឆ្ងាយពីគ្នាពេក ពីព្រោះថានិយោជិក តែងថ្លឹងថ្លែងអ្វីដែលគេ ទទួលបានជាដំបូងធៀបនឹងអ្នករួមការងារ បន្ទាប់មកធៀបនឹងអ្នកដែលគេស្គាល់ដូចជាមិត្តភក្តិ សាច់ញាតិ អតិថិជន ជាដើម។
លក្ខខណ្ឌការងារសមស្រប
កែលម្អ លក្ខខណ្ឌការងារឲ្យបានប្រសើរឡើង ដូចជាបង្កើតបរិយាកាសឲ្យអ្នករួមការងារមានកិច្ចសហការ ដោយពង្រឹងការទទួលខុសត្រូវរបស់បុគ្គលិក និងកាត់បន្ថយជម្លោះតួនាទី។ លើកកម្ពស់ការគោរពគ្នាទៅវិញទៅមក ហើយកាត់បន្ថយការរើងអើង លើភេទ ជាតិសាសន៍ អាយុ ទស្សនៈ ប្រវត្តិផ្ទាល់ខ្លួន បញ្ហាបុគ្គល កាយសម្បទា។ល។ ពិចារណាអំពីការចល័តការងារពីកន្លែងផ្សេងៗគ្នាក្នុងអង្គភាព កុំឲ្យមានច្រំដែលរាប់ឆ្នាំ ដែលធ្វើឲ្យធុញថប់ចំពោះការងារ។ លើសពីនេះ អង្គភាពត្រូវបង្កើនធនធានដែលជាតម្រូវការចាំបាច់របស់អង្គភាពផងដែរ ដូចជា ការបំពាក់ បច្ចេកវិទ្យាឲ្យបានល្អជាងមុន ការបំពាក់សម្ភារៈប្រើប្រាស់ និងការផ្គត់ផ្គង់សេវាពាក់ព័ន្ធឲ្យបានប្រសើរ ឡើង។
ការផ្តល់ការងារ និង តម្លើងតួនាទី
ត្រូវផ្តល់ការងារឲ្យស្របទៅតាមសមត្ថភាព ជំនាញ បទពិសោធន៍ និង បុគ្គលិកលក្ខណៈដែលនិយោជិកមាន។ ការតម្លើង តួនាទីទៀតសោត ត្រូវធ្វើឡើងដោយមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់នឹងត្រឹមត្រូវ។
ការលើកទឹកចិត្ត
ការសរសើរពីថ្នាក់លើ ជាកម្លាំងជម្រុញយ៉ាងសំខាន់ ដែលធ្វើឲ្យនិយោជកពេញចិត្ត និងខិតខំបំពេញការងាររបស់ខ្លួន។ ការសរសើរ ត្រូវមានភាពស្មោះត្រង់ និង ពិត បើមិនដូច្នោះ វាក្លាយទៅជាការភូតកុហក ការបញ្ឆោត ឬជាការឌឺដងទៅវិញ។ ការលើកសរសើរនេះផងដែរ គួរធ្វើឡើង ដោយលក្ខណៈស្មើភាព រវាងនិយោជិកដទៃ ដើម្បីកាត់បន្ថយការច្រណែនគ្នា៕



